ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពិគ្រោះ​យោបល់​លើ​ពង្រាង​អនុក្រឹត្យ ស្តីពី​វិធាន និង​នីតិវិធី​នៃ​ការគ្រប់គ្រង​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពិគ្រោះ​យោបល់​លើ​ពង្រាង​អនុក្រឹត្យ ស្តីពី​វិធាន និង​នីតិវិធី​នៃ​ការគ្រប់គ្រង​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ



ភ្នំពេញ ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ព្រឹក​ថ្ងៃ​ទី​៥ ខែមេសា​នេះ បាន​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​ពង្រាង​អនុក្រឹត្យ ស្តីពី​វិធាន និង​នីតិវិធី​នៃ​ការគ្រប់គ្រង​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ នៅ​ទីស្តីការ​ក្រសួង ដោយមាន​ការចូលរួម​ពី​គ្រប់​ក្រសួង ស្ថាប័ន អង្គភាព​សាធារណៈ​ប្រហាក់ប្រហែល រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​នីតិបុគ្គល​សាធារណៈ​។

លោក ហ៊ែ​ល ចំរើន អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ដឹកនាំ​កិច្ចប្រជុំ​នេះ​ថ្លែង​ថា កិច្ចប្រជុំ​នេះ ដើម្បី​ពិគ្រោះ​យោបល់​ប្រមូល​ធាតុ​ចូល​កែលម្អ​អនុក្រឹត្យ​នេះ​ឱ្យមាន​ខ្លឹមសារ​គ្រប់​ជ្រុងជ្រោយ សម្រាប់​ជា​វិធាន និង​នីតិវិធី​នៃ​ការគ្រប់គ្រង​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​ឱ្យមាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​។

លោក​មាន​ជំនឿ​ជាក់​ថា អង្គប្រជុំ​នឹង​មាន​មតិយោបល់​ក្នុង​ការ​រួមចំណែក​កសាង​កែ​ល្អ​អនុក្រឹត្យ​នេះ ឱ្យ​មាន​ខ្លឹមសារ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅ​ទូទាំង​ប្រទេស ដើម្បី​គ្រប់គ្រង​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​ឱ្យ​មាន​ប្រសិទ្ធភាព។

យោង​តាម​ឯកសារ​ព្រាង​អនុក្រឹត្យ​នេះ​មាន ៦​ជំពូក ចែកចេញជា ៣៥​មាត្រា​។ អនុក្រឹត្យ​នេះ​មាន​វិសាលភាព​ប្រគល់​សិទ្ធិ​ផ្សព្វផ្សាយ និង​អនុវត្ត​ដល់​គ្រប់​ក្រសួង ស្ថាប័ន អង្គភាព​សាធារណៈ​ប្រហាក់ប្រហែល រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​នីតិបុគ្គល​សាធារណៈ មាន​មុខងារ​ភារកិច្ច​ប្រើប្រាស់ និង​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ តាម​បទប្បញ្ញត្តិ​ជា​ធរមាន​ប្រកបដោយ​ប្រសិទ្ធភាព គណនេយ្យភាព និង​ទទួលខុសត្រូវ​នៅ​ចំពោះ​មុខ​អាជ្ញាធរ​គ្រប់គ្រង និង​រាជរដ្ឋាភិបាល​។ ពិនិត្យ​លើ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ ដែល​ស្ថិតនៅក្រោម​ការ​កាន់កាប់​របស់ខ្លួន ដើម្បី​ដាក់​ជូន​អាជ្ញាធរ​គ្រប់គ្រង​។

បំពេញបែបបទ​និង​នីតិវិធី ដើម្បី​ទទួល​បាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឬ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​របស់​រដ្ឋ​ស្ថិត​ក្រោម​ការ​កាន់​កាប់​របស់​ខ្លួន​។ ទទួលខុសត្រូវ​លើ​ភាពត្រឹមត្រូវ ភាព​គ្រប់​ជ្រុងជ្រោយ និង​ភាព​ទាន់​ពេល នៃ​ការរៀបចំ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ អនុលោម​តាម​បទប្បញ្ញត្តិ​គតិយុត្តិ​ជា​ធរមាន​។ រៀបចំ​របាយការណ៍​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នៃ​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ ជូន​អាជ្ញាធរ​គ្រប់គ្រង​ពិនិត្យ និង​ដោះស្រាយ​។ ចាត់វិធានការ​ជាក់​ស្តែង​ដល់​អង្គភាព​ប្រើប្រាស់ សំដៅ​ធានា​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​។ ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​ការរំលោភបំពាន​លើ​ទ្រព្យសម្បត្តិ​រដ្ឋ ដែល​ស្ថិត​នៅ​ក្រោម​ការកាន់កាប់។

អនុក្រឹត្យ​នេះ មាន​អនុភាព​អនុវត្ត​ជំនួស​ជំពូក​ទី​២ នៃ​អនុក្រឹត្យ​លេខ ១២៩ អនក្រ​.​ប​.​ក​. ចុះ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០០៦ ស្តី​ពី​វិធាន និង​នីតិវិធី​នៃ​ការ​ធ្វើ​អនុប្រយោគ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​នីតិបុគ្គល​សាធារណៈ​។ បទប្បញ្ញត្តិ​ណា​ដែល​ផ្ទុយ​នឹង​អនុក្រឹត្យ​នេះ​ត្រូវ​ទុកជា​និរាករណ៍៕

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពិគ្រោះ​យោបល់​លើ​ពង្រាង​អនុក្រឹត្យ ស្តីពី​វិធាន និង​នីតិវិធី​នៃ​ការគ្រប់គ្រង​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពិគ្រោះ​យោបល់​លើ​ពង្រាង​អនុក្រឹត្យ ស្តីពី​វិធាន និង​នីតិវិធី​នៃ​ការគ្រប់គ្រង​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ