ប្រជាពលរដ្ឋ​៤០​នាក់​ មកពី​ភ្នំ​បាត ​ស្រុក​ពញាឮ​ លើក​គ្នា​មក​ដាក់​ញត្តិ

ប្រជាពលរដ្ឋ​៤០​នាក់​ មកពី​ភ្នំ​បាត ​ស្រុក​ពញាឮ​ លើក​គ្នា​មក​ដាក់​ញត្តិ



ភ្នំពេញ​ ៖ ​នៅ​វេលា​ម៉ោង​១២​និង​០៥​នាទី​រសៀល​ថ្ងៃ​ទី៥ ​ខែ​មេសា ​ប្រជាពលរដ្ឋ​៤០​នាក់ ​​​ដែល​រស់នៅ​ភូមិ​ស្រះ​ពោធិ៍ ឃុំ​ផ្សារ​ដែក ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល (​ភ្នំ​បាត​) បាន​នាំគ្នា​មក​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​សម្តេច​តេ​ជោ ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ស៊ូ​ស្រ៊ុន​ ភូមិ​៣ សង្កាត់​ចតុមុខ ​ខណ្ឌ​ដូនពេញ។

អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ​គោលបំណង​របស់​ពួកគាត់​មកនេះ សុំ​ឲ្យ​សម្ដេច​តេ​ជោ ជួយ​អន្តរាគមន៍​ដោះស្រាយ​សំណូមពរ​០២​ចំណុច​ ទី​១. ​ជួយ​ផ្តល់​ទីលំនៅ​ បាន​ទៅ​រស់នៅ​ភូមិ​អណ្ដូង​ ដូច​ករណី​អ្នក​តវ៉ា​នៅ​សហគមន៍​បុរី​កីឡា​ ដែល​ទើបបាន​សំណង​ថ្មីៗ​នេះ ​ក្នុង​នោះ​ផ្ទះ​០១​បន្ទប់ ​និង​ប្រាក់ ៥.០០០$។ ទី​២​.​​ទាមទារ​សំណង​បន្ថែមចំនួន​ ១០.០០០$ បន្ថែម​លើ​ការ​បន្ត​រស់នៅ​ភ្នំ​បាត (​ក្នុង​ករណី​មិន​មាន​ដំណោះស្រាយ​នៅ​ភូមិ​អណ្ដូង​)។

អាជ្ញាធរ​បន្ត​ថា ​ក្រោយពី​ដាក់​ញត្តិ​រួចហើយ ពួកគាត់​បាន​សម្រាក​ហូបបាយ​នៅ​ក្រោម​ដើម​ពោធិ៍​មុខ​វត្ត​បទុម​ រួច​​​ក៏​វិលត្រឡប់​ទៅ​ផ្ទះ​សម្បែង​របស់​ពួកគាត់​វិញ៕