ក្រៅពី​បញ្ចុះ​សម្ពាធ​ឈាម ទឹកដូង មាន​ប្រយោជន៍​អ្វី​ទៀត​ទៅ​?

ក្រៅពី​បញ្ចុះ​សម្ពាធ​ឈាម ទឹកដូង មាន​ប្រយោជន៍​អ្វី​ទៀត​ទៅ​?

​ទឹកដូង គឺជា​ភេសជ្ជៈ​ផ្តល់​ភាព​ស្រស់ស្រាយ និង​មាន​រសជាតិ​ផ្អែម​បែប​ធម្មជាតិ​។ វា​ផ្ទុក​ទៅដោយ សារធាតុ​កាបូ​អ៊ី​ដ្រាត​ងាយ​រំលាយ ក្នុង​ទម្រង់​ជា​អេឡិចត្រូ​លីត្រ និង​ជាតិ​ស្ករ​។ វា​ក៏​មាន​កាឡូរី និង​កូ​ឡេ​ស្តេ​រ៉ុល​ទាប​ដែរ​។ វា​មាន​ជាតិ​ប៉ូ​តា​ស្យូម ច្រើន​ជាង​ផ្លែ​ចេក​បួន​ដង និង​ជួយ​បង្កើន ការគ្រប់គ្រង​ជាតិ​ទឹក​ទៀត​។
​ភេសជ្ជៈ​ធម្មជាតិ​នេះ ក្រៅពី​ផ្ទុក​ទៅ​ដោយ​ជីវជាតិ​សំខាន់ៗ ដែល​រាងកាយ​ត្រូវកា​រហើយ វា​ក៏​មាន​អត្ថប្រយោជន៍ ចំពោះ​សុខភាព​ច្រើន​គួរសម​ដែរ ដូចជា ៖

បញ្ចុះ​សម្ពាធ​ឈាម​
យោង​ទៅតាម​សមាគមន៍ ជំងឺ​បេះដូង​អាមេរិក បានឲ្យដឹងថា អ្នក​អាច​បញ្ចូល​ចំនួន​ប៉ូ​តា​ស្យូម​ដ៏​សមរម្យ​មួយ ទៅ​ក្នុង​របប​អាហារ​ដើម្បី​រក្សា ឬ​កាត់​បន្ថយ​សម្ពាធ​ឈាម​។ ការសិក្សា​បាន​បង្ហាញ​ទៀតថា មនុស្ស​ម្នាក់​ដែល​ញ៉ាំ​ទឹកដូង យ៉ាងហោចណាស់ ២ ដង​សប្តាហ៍ គឺ​អាច​បន្ថយ​ទាំង​សម្ពាធ​ឈាម​លើ ៧១ ភាគរយ និង​សម្ពាធ​ឈាម​ក្រោម ២៩ ភាគរយ ឯណោះ​។

ជំនួយ​ដល់​ការរំលាយ​អាហារ​
ទឹកដូង ផ្តល់​ជា​ប្រភព​បន្ធូរ​អារម្មណ៍​មួយ បើសិន​ជា​អ្នក​មាន​បញ្ហា ពិបាក​រំលាយ​អាហារ​។ នេះ​ដោយសារ​តែ វា​មាន​ជាតិ​សរសៃ​ខ្ពស់​តែ​ម្តង ដែល​អាច​ជួយ ដល់​ការ​ច្រាល​ទឹក​អាស៊ីត​ក្រពះ និង​បង្ការ​បញ្ហា​ក្រពះ​មិន​កិន​ទៀត​។

ជួយ​ដល់​មុខងារ​តម្រងនោម​
របប​អាហារ​ភាគច្រើន មិនសូវ​មាន​ជាតិ​ប៉ូ​តា​ស្យូម​ទេ តែ​សម្បូរ​ជាតិ​សូ​ដ្យូ​ម​ទៅវិញ​។ សូ​ដ្យូ​ម អាច​នឹង​ដាក់​សម្ពាធ​ច្រើន ដល់​តម្រងនោម ព្រោះ​វា​ជំរុញ ដល់​ការ​ចាល់​ជាតិ​ទឹក​ក្នុង​ខ្លួន​។ តម្រង​នោម នឹង​ធ្វើការ​កាន់តែ​ពិបាក នៅពេល​សូ​ដ្យូ​ម​រុញ​ទឹក​ច្រើនពេក​។ យ៉ាងណាមិញ ប៉ូ​តា​ស្យូម នឹង​ដើរតួ​ជា​អ្នក​បញ្ចុះ​ទឹកនោម ដើម្បី​ជួយ​តម្រង​នោម ច្រោះ​ឈាម​ក្លាយ​ជា​ទឹក បាន​កាន់តែ​ល្អ​។

ទឹកដូង​មួយ​ពែ​ង អាច​ផ្តល់​ជា​ជាតិ​ប៉ូ​តា​ស្យូម​គ្រប់គ្រាន់ ដើម្បី​តម្រងនោម មាន​សុខភាព​ល្អ​វិញ នេះ​ដោយសារ​តែ វា​មាន​ឥទ្ធិពល​បញ្ចុះ​ទឹកនោម ដែល​អាច​ជួយ​បង្ការ គ្រួស​ក្នុង​តម្រងនោម​បាន​។ សារធាតុ Arginine ក្នុង​ទឹកនោម នឹង​ជួយ​បង្កើនរ​បត់​ឈាម​រត់ ទៅ​សរីរាង្គ​គ្រប់​ទាំងអស់ រួម​ទាំង​តម្រងនោម​ផងដែរ​។​

ពង្រឹង​ដល់​ការ​បង្គ្រប់​ជាតិ​ទឹក​
បើ​យើង​ប្រៀបធៀប នឹង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផ្សេងៗ សារធាតុ​ក្នុង​ទឹកដូង អាច​ជំរុញ​ដល់​ការ​បង្គ្រប់​ជាតិ​ទឹក ក្នុង​ខ្លួន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​។ ក្នុងពេល​ហាត់ប្រាណ​ខ្លាំងក្លា រាងកាយ​នឹង​បាត់បង់​ជាតិ​រ៉ែ​យ៉ាងច្រើន​។ តែ​ទឹកដូង​មួយ​កែវ មាន​ជាតិ​ប៉ូ​តា​ស្យូម ២៩៤ មី​លី​ក្រាម និង​ជាតិ​ស្ករ ៥ មី​លី​ក្រាម ដែល​គ្រប់គ្រាន់ នឹង​ការ​បង្គ្រប់​ឡើងវិញ នូវ​អ្វី​ដែល​បាត់បង់​ហើយ​។

ជំរុញ​ដល់​ការ​ស្រក​ទម្ងន់​
ទឹកដូង មាន​ជាតិ​សរសៃ​ច្រើន ដែល​អាច​ជួយ​ជំរុញ ដល់​អារម្មណ៍​ឆ្អែត​បានយូរ​។ បើសិន​ជា​អ្នក ញ៉ាំ​ទឹកដូង​មួយ​កែវ មុន​ញ៉ាំ​អាហារ​កន្លះ​ម៉ោង អ្នកនឹង​មិនសូវ​ញ៉ាំ​ច្រើន​ឡើយ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី05 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។