និស្សិត​ស្ថាបត្យកម្ម​ខ្មែរ​ចូលរួម​សោកស្តាយ​ការបាត់បង់​លោកស្រី សាហា ហាឌីដ

និស្សិត​ស្ថាបត្យកម្ម​ខ្មែរ​ចូលរួម​សោកស្តាយ​ការបាត់បង់​លោកស្រី សាហា ហាឌីដ

លោក​ស្រី​ Zaha Hadid ​ស្ថាបត្យករ​ជាតិ​អង់គ្លេស​ ដើម​កំណើត​អ៊ីរ៉ាក់​ដ៏​ល្បី​ល្បាញ​ និយាយ​ជាមួយលោក​ ឆាំង​ យុ​ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ​​នៅ​ក្នុង​ការ​បង្ហាញ​ប្លង់​វិទ្យាស្ថាន​ស្លឹករឹត​ ដែល​រចនា​ដោយ​លោក​ស្រី​ នៅ​ឯ​វិចិត្រ​សាល​របស់​លោក​ស្រី​ Zaha Hadid នៅ​ក្នុង​ទីក្រុង​ឡុងដ៍​ នៅ​ថ្ងៃ​ទី​៩​ ខែ​តុលា​ ឆ្នាំ​២០១៤។ (Photo by Nhean Socheat/The Sleuk Rith Institute/DC-Cam) និស្សិត​ផ្នែក​ស្ថាបត្យកម្ម​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​បង្ហាញ​ការ​សោស្តាយ​​ចំពោះ​មរណភាព​របស់​លោក​ស្រី ​សាហា ​ហាឌីដ (Zaha Hadid)​ ដែល​ជា​ស្ថាបត្យករ​ដ៏​ល្បីល្បាញ​របស់​ពិភពលោក។
ភ្នំពេញ—

និស្សិត​ផ្នែក​ស្ថាបត្យកម្ម​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​បង្ហាញ​ការ​សោកស្តាយចំពោះ​មរណភាព​របស់​លោក​ស្រី ​សាហា ​ហាឌីដ (Zaha Hadid)​ ដែល​ជា​ស្ថាបត្យករ​ដ៏​ល្បីល្បាញ​របស់​ពិភពលោក។ ​និស្សិត​ទាំងនេះ​បាន​និយាយ​ថា​ ការ​ទំនាក់ទំនង​របស់​ពួក​គេ​ជា​មួយ​ក្រុម​ការងារ​របស់​លោក​ស្រីហាឌីដ​តាមរយៈ​គម្រោង​ប្លង់​វិទ្យាស្ថាន​ស្លឹករឹត ​បាន​ធ្វើ​ឱ្យពួក​គេ​ទទួល​បាន​បទ​ពិសោធន៍​ស្ថាបត្យកម្ម​ជា​អន្តរជាតិ​មួយ។​

លោក​ស្រី ​សាហា​ ហាឌីដ ​គឺ​ជាស្ថាបត្យករ​ស្ត្រី​ដ៏អស្ចារ្យ​ជនជាតិ​អង់គ្លេស​ដើម​កំណើត​អ៊ីរ៉ាក់​តែ​ម្នាក់​គត់​ដែល​បាន​ទទួល​ពាន​រង្វាន់​ Pritzker Prize ​ដែល​ជា​ពាន​រង្វាន់​ល្បីល្បាញ​សម្រាប់​ស្នា​ដៃ​ស្ថាបត្យកម្ម​។ លោកស្រីបាន​ទទួលមរណភាព​ក្នុង​វ័យ​៦៥​ឆ្នាំ​ដោយ​សារ​គាំង​បេះដូង​កាល​ពី​សប្តាហ៍មុនខណៈ​ពេល​ដែល​លោក​ស្រី​កំពុង​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៃ​ក្រុង Miami​ សហរដ្ឋ​អាមេរិក។​

មាន​សិស្ស​ស្ថាបត្យកម្ម​ជា​ច្រើន​នាក់​បាន​ចូលរួម​ក្នុង​កិច្ចការ​គូស​ប្លង់​វិទ្យាស្ថាន​ស្លឹករឹត​ហើយ​សិស្ស​ទាំងនោះ​បាន​ទទួល​ការ​ជំរុញ​ទាំង​ផ្នែក​ស្មារតី​និង​ជំនាញ​ពី​លោក​ស្រី​ និង​ក្រុម​ការងារ​លោក​ស្រី។

កញ្ញា​ យ៉េង​ សិរីរ័ត្ន​និស្សិត​ស្ថាបត្យកម្ម​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​បាន​ចូល​រួម​ផ្ទាល់​នៅ​ក្នុង​គម្រោង​សាងសង់​វិទ្យាស្ថាន​ស្លឹករឹត។ នាង​បាន​និយាយ​ថា​នាង​និង​សិស្ស​ដ​ទៃ​ៗ​ទៀត​បាន​និង​ឃើញ​ឮ​អំពី​ស្នា​ដៃ​របស់​លោក​ស្រី​សាហា​ ហាឌីដ​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​មុនពេលដែល​ពួក​គេ​បាន​ចូលរួម​ធ្វើ​កិច្ចការ​ជាមួយ​ក្រុម​របស់​លោក​ស្រី​តាម​រយៈ​គម្រោង​ប្លង់​វិទ្យាស្ថាន​ស្លឹករឹត។ វិទ្យាស្ថាន​ស្លឹករឹត​នឹង​ត្រូវ​សាង​សង់​ឡើង​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដើម្បី​ឧទ្ទិស​ដល់​ប្រជាជន​ប្រហែល​២​លាន​នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម។​

«មាន​សិស្ស​ច្រើន​ដែល​គាត់​មាន​ឥទ្ធិពល​ទៅ​លើនៅ​ក្នុង​ថ្នាក់​ខ្ញុំមាន​គេ​ចូល​ចិត្ត​គាត់​ច្រើន​មិន​ថា​តែ​ប្រុស​មិន​ថា​តែ​ស្រី​ទេ។​ ប៉ុន្តែ​គ្រាន់​តែ​ថា​មាន​មនុស្ស​ស្រី ​ច្រើន​ ដែល​ មាន​អារម្មណ៍​ថា​មាន​ភាព​កក់​ក្តៅ​នៅ​ពេល​ដែល​ឮថា​អ្វី​ដែល​គាត់​និយាយ​ចេញ​មក​និយាយ​ហើយ​គាត់​ធ្វើ​បាន​ចេញ​ជា​រូបរាង​ទៀត»​។

កញ្ញា​បាន​បន្ថែម​ថា៖​

«ខ្ញុំស្រឡាញ់​គាត់​ដោយ​សារ​គាត់​ជា​មនុស្ស​ស្រី​ដែល​គាត់​ហ៊ាន​ជំនះ​រាល់​ឧបសគ្គ​នៅ​ក្នុងវិស័យ​ហ្នឹង​។ ព្រោះ​អី​វិស័យ​ហ្នឹង​សូម្បី​តែ​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ជួប​បញ្ហា​ដូច​ថា​គេ​អត់​សូវ​ឱ្យ​តម្លៃនៅ​ពេល​ដែល​យើង​ជា​ស្ថាបត្យករ​ឬ​ជា​សិស្ស​ស្ថាបត្យកម្ម។ គេ​ថា​យើង​ធ្វើ​អត់​កើត​ដូច​ថា​គេ​រាង​ខ្លាចរអា»។​

កញ្ញា ​យ៉េង​ សិរីរ័ត្ន​បាន​និយាយ​ថារ​ចនាបទ​បែប​កោង​ដែល​ជា​អត្តសញ្ញាណ​ស្ថាបត្យកម្ម​របស់​លោក​ស្រី​រួម​ជាមួយ​នឹង​ការ​ជំនះ​និង​ការ​តស៊ូ​របស់​លោក​ស្រី​បាន​ធ្វើ​ឱ្យ​សិស្ស​ស្ថាបត្យកម្មជា​ច្រើន​កោត​ស្ញប់ស្ញែង​។

«ប៉ុន្តែ​គាត់​វិញ​គាត់​ខុស​ពី​ស្ថាបត្យ​ករ​ដ​ទៃ​ស្ថាបត្យករ​ដ​ទៃ​ក៏​ល្អ​ដែរ​គ្រាន់​តែ​ថា​គាត់​ជា​មនុស្ស​ស្រី​ប៉ុន្តែ​គាត់​បាន​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​ហ្នឹង​ហើយ​គាត់​ជំរុញ​ទឹក​ចិត្ត​ឱ្យ​ក្មេង​ៗ​ស្រី​ហ្នឹង​ធ្វើ​អា​ខាង​ស្ថាបត្យកម្ម​ឱ្យបាន​ល្អ​ទៀត​ហើយ​គាត់​ក៏​ធ្លាប់​និយាយ​ដែរ​ថា​គាត់​ក៏​សប្បាយ​រីករាយ​ចិត្ត​ដែរ​នៅ​ពេល​ដែល​គាត់​ឃើញ​មនុស្ស​ស្រី​នៅ​ក្នុង​ការិយាល័យ​Office ​គាត់​ហ្នឹង​មាន​មនុស្ស​ស្រី​ច្រើន​ជាង​មុន»។

កញ្ញា​បាន​បន្ថែម​ទៀត​ថា៖

«ខ្ញុំ​នឹង​យក​ទ្រឹស្តី​របស់​គាត់​មក​អនុវត្ត​ខ្ញុំ​ស្រឡាញ់​ការ​ប្តេជ្ញា​របស់​គាត់»។

លោក​លឹម​យ៉ុង​ហួត​និស្សិត​ផ្នែក​ស្ថាបត្យកម្ម​ឆ្នាំ​ទី​៥​នៅ​សកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​បាន​និយាយ​ថា​លោក​បាន​ទទួល​ការ​អនុវត្ត​ជាក់​ស្តែង​តាម​រយៈ​ការ​ធ្វើការ​ជាមួយ​ក្រុម​ការងារ​លោក​ស្រី​ហាឌីដ។​

«ខ្ញុំ​បាន​ចាប់​ផ្តើម​ធ្វើ​ការ​នេះ​តាំង​ពី​ឆ្នាំ​២០១៤​ហើយ​គឺ​ខ្ញុំ​ចេះ​ច្រើន​មែន​ទែនគឺ​ខ្ញុំ​បាន​ទទួល​បទ​ពិសោធ​ជា​អន្តរជាតិ​មួយ​ពី​គម្រោ​ង​ប្លង់​របស់​គាត់​គឺ​ខ្ញុំ​បាន​ស្វែង​យល់​ពី​ដំណើរ​ការ​សិក្សា​ពី​ការ​សិក្សា​ទស្សនទាន​ការ​សិក្សា​ពី​វប្បធម៌។​ទំរាំ​តែ​ចេញ​ជា​អគារ​ហ្នឹង​មួយ​មក​គឺ​វា​ជំរុញ​ទឹក​ចិត្ត​ខ្ញុំ​មែនទែន។ហើយ​ជា​ពិសេស​ហ្នឹង​គឺ​ខ្ញុំ​បាន​ពាក់ព័ន្ធ​ជាមួយ​នឹង​ការងារ​នេះ​ផ្ទាល់​អញ្ចឹង​ធ្វើ​ឱ្យខ្ញុំ​រិត​តែ​មាន​ជំនឿ​ចិត្ត​និង​ស្រឡាញ់​ការងារ​ហ្នឹង​ខ្លាំង​ឡើង​»។

លោក​បាន​បន្ថែម​ថា​បទ​ពិសោធន៍​ដែល​លោក​បាន​ទទួល​នោះ​បាន​ធ្វើ​ឱ្យលោក​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត​ប្រជែង​ស្ថាបត្យកម្ម​ក្នុង​ស្រុក​មួយ។​

«ខ្ញុំ​បាន​ទទួល​បទ​ពិសោធន៍​ច្រើន​គំនិត​ថ្មី​ច្រើន​ដូច​ជា​សិក្សា​ពី​ប្រជាជន​និង​បាន​ជួយ​សង្គម​ហើយ​ខ្ញុំ​គិត​ថា​វា​ក៏​ជា​កត្តា​មួយ​ដែរ​ដែល​អាច​ឱ្យខ្ញុំ​ឈាន​ទៅ​ដល់​ជ័យ​ជំនះ​ក្នុង​ការ​ប្រកួត​ប្រជែង​ប្លង់​ស្ថាបត្យកម្ម​មួយ​នៅ​ស្រុក​ខ្មែរ​ហើយ​ខ្ញុំ​បាន​ទៅ​បន្ត​ការ​ទទួល​ហ្វឹកហាត់​ការងារ​នៅ​ទី​ក្រុង​សៀងហៃ​ទៀត»។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា​លោក​មាន​ការ​សោក​ស្តាយ​ចំពោះ​ការ​បាត់បង់​ស្ថាបត្យករ​ដ៏​អស្ចារ្យ​របស់​ពិភពលោក​មួយ​រូប​នេះ។​

«ក្នុង​រយៈពេល​ថ្មី​ៗ​ហ្នឹង​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា​គាត់​ទទួល​មរណភាព​ហើយ​ខ្ញុំ​ពិត​ជា​មាន​ភាព​សោក​ស្តាយ​មែន​ទែន»។

លោក​ឆាំង​ យុ​ ​នាយកមជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​និយាយ​ថា​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​របស់​លោក​ស្រី​សាហា​ ហាឌីដដែល​បានផ្តល់​គំនិត​ថ្មី​ដ៏វិចិត្រ​ឱ្យពិភពលោក​នឹង​ត្រូវ​បាន​សិក្សា​ដោយ​សិស្ស​ស្ថាបត្យកម្ម​នៅ​ពេល​អនាគត។​

«អញ្ចឹង​ឱ្យតែ​សិស្ស​ណា​រៀន​ស្ថាបត្យកម្ម​ទៅ​មុខ​គឺ​ត្រូវ​តែ​រៀន​អំពី​គាត់»។

អគារ​ល្បីៗ​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក​មាន​ដូច​ជា​ស្ថានីយ ​Vitra Fire Station ​នៅ​ប្រទេស​អាល្លឺម៉ង់ មជ្ឈមណ្ឌល​សិល្បៈសហស្ស​សម័យ​នៅ​សហរដ្ឋអាមេរិកសារមន្ទីរ​សិល្បៈ​ Maxxi នៅ​ប្រទេស​អ៊ីតាលី​ មជ្ឈមណ្ឌល​កីឡា​ហែល​ទឹក​នៅ​ប្រទេស​អង់គ្លេស​ សាល​សិល្បៈ​នៅ​ប្រទេស​ចិន ​គឺ​ជា​អគារ​ដែល​ជា​ស្ថាបត្យកម្ម​របស់​លោក​ស្រី​សាហា​ហាឌីដ៕