ផ្សែងពីបារី ដែលអ្នកជក់ អាចសម្លាប់កូនដោយប្រយោល

មនុស្ស​ជាច្រើន ​នឹកស្មាន​មិន​ដល់​ឡើយ​ថា ផ្សែង​បារី​ដែល​អណ្តែត​នៅក្នុង​អាកាស​នោះ ​ហុច​ផល​បន្ត​ទៅដល់​អ្នក​ដែល​ស្រូប​វា​ចូលទៅក្នុង​រាងកាយ​ច្រើនណាស់ ទោះជា​មិនបាន​ជក់​ខ្លួនឯង​ក៏ដោយ តែ​អត្រា​នៃ​ការបានទទួល​សារធាតុពុល​នោះ​ក៏​ច្រើនប្រហែលៗ នឹង​អ្នក​ជក់បារី​ដែរ។

ផ្សែង​បារី ​មាន​សារ​ធាតុគីមី​ច្រើនជាង 4, 000ប្រភេទ មាន​សារធាតុពុល​ច្រើនជាង 250ប្រភេទ និង​ជា​សារធាតុ​បង្ក​ជំងឺមហារីក​ច្រើនជាង 50ប្រភេទ។ ផ្សែង​បារី​ជា​ប្រភព​របស់​សារធាតុ​បង្ក​ជំងឺមហារីក​ ដែល​សំខាន់បំផុត​របស់​មនុស្ស ជាពិសេស​ចំពោះ​ក្មេង និង​ស្ត្រី​មានគភ៌ ​ដែលមាន​ប្រព័ន្ធ​ប្រឆាំងនឹង​ជំងឺ​ខ្សោយ បើ​ប្រមូល​សន្សំ​នៅក្នុង​រាងកាយ​ច្រើន អាចធ្វើឱ្យ​កើតរោគ​ឈឺ​ថ្កាត់​ធ្ងន់ធ្ងរ និង​រ៉ាំ​រ៉ៃបាន។

សារធាតុពុល​នៅក្នុង​ផ្សែង​បារី ​ដែលមាន​គ្រោះថ្នាក់​ ដល់​សុខភាព​មានដូចជា ៖

1 – និ​ខូ​ទីន ជា​សារធាតុ​ដែល​ធ្វើឱ្យ​កើតការ​ញៀន និង​ធ្វើឱ្យ​កើត​ជំងឺ​បេះដូង។

2 – ថា​រ៍ ប្រកបដោយ​សារធាតុ​បង្ក​ជា​ជំងឺមហារីក​ច្រើន​ប្រភេទ។

3 – ខា​បន់​ម៉ន់​ណុ​កសៃ​ដ៍ ជា​ហ្កា​ស​ប្រភេទ​ដូចគ្នា​នឹង​ហ្កា​ស ​ដែល​ព្រួស​ចេញ​មកពី​បំពង់​សឺ​ម៉ាំង​រថយន្ត ហ្កា​ស​នេះ​នឹង​រារាំង​ការដឹកជញ្ជូន​អុក​ស៊ី​ហ្ស៊ែ​ន ​របស់​គ្រាប់​ឈាមក្រហម។

4 – ហាយ​ដ្រូ​ជេន​សៃ​យ៉ា​ណៃ​ដ៍ ជា​ហ្កា​ស​ដែល​បំផ្លាញ​សាច់​ភ្នាស​បំពង់ខ្យល់ និង​ថង់​ខ្យល់ ធ្វើឱ្យ​កើត​អាការ​ក្អក មាន​ស្លេស្ម និង​រលាក​បំពង់ខ្យល់។

5 – ណៃ​ត្រូ​ជេន​ដៃ​អុក​សៃ​ដ៍ ជា​ហ្កា​ស​ដែល​បំផ្លាញ​សាច់​ភ្នាស​បំពង់ខ្យល់ និង​ថង់​ខ្យល់ ធ្វើឱ្យ​កើតរោគ​ថង់​ខ្យល់​រីក​ធំ។

6 – អ៊ែ​ម​ម៉ូ​នៀ មាន​ឫទ្ធិ​ធ្វើឱ្យ​រលាក​សាច់​ភ្នាស ធ្វើឱ្យ​ក្រហាយ​ភ្នែក ក្រហាយ​ច្រមុះ និង​រលាក​បំពង់ខ្យល់។

7 – សៃ​យ៉ា​ណៃ​ដ៍ ជា​សារធាតុពុល​ដែល​ប្រើ​ធ្វើជា​ថ្នាំ​កម្ចាត់​សត្វ​កណ្តុរ។

8 – សារធាតុ​កាំរស្មី ផូ​ឡូ​នៀម-210 ជាដើម ដែលជា​ហេតុ​របស់​ការ​កើតរោគ​មហារីក។

9 – ហ្វ៉​ម៉ា​ឌី​ហៃ​ដ៍ ជា​សារធាតុ​ដែល​ប្រើ ​សម្រាប់​ត្រាំ​សាកសព។

គ្រោះថ្នាក់​របស់​ផ្សែង​បារី ​ចំពោះ​ស្ត្រី​មានគភ៌ និង​ក្មេង

1 – ធ្វើឱ្យ​កើត​ភាព​ប្រថុយប្រថាន ​ដែល​ទារក​កើតមក​ដំបូង ​នឹងមាន​ទម្ងន់​ខ្លួន​តិចជាង​ប្រក្រតី។

2 – មាន​ភាព​ប្រថុយប្រថាន ​របស់​អាការ​កើត​រោគ​គេង​ស្លាប់ ដែល​តាំង​កើត​លើ​ក្មេង​កាន់តែ​ខ្ពស់​ឡើង។

3 – នៅលើ​ក្មេង​តូច​ នឹង​កើត​អាការ​ឆ្លង​មេរោគ​នៅក្នុង​ត្រចៀក។

4 – ក្នុង​រយៈពេល​វែង ក្មេង​ដែល​បាន​ស្រូប​ផ្សែង​បារី សួត​នឹងមាន​វិវឌ្ឍនាការ​យឺត និង​តិចជាង​ក្មេង ​ដែល​មិនបាន​ស្រូប​ផ្សែង​បារី​ចូល​រាងកាយ។

5 – ធ្វើឱ្យ​ងាយ​កើត​ជំងឺ​ ដោយ​រោគ​ឆ្លង​ខាង​ផ្លូវដង្ហើម ដូចជា រលាក​បំពង់ខ្យល់ និង​ហើម​សួត​ច្រើនជាង​ក្មេង​ទូទៅ និង​មាន​អត្រា​កើត​ជំងឺហឺត​កើនឡើង។

ក្មេង​ដែល​រស់នៅក្នុង​គ្រួសារ​ ដែលមាន​សមាជិក​ក្នុងផ្ទះ​ជក់បារី នឹងធ្វើ​ឱ្យ​ក្មេង​មាន​ភាព​ប្រថុយប្រថាន ​ក្នុង​ការកើត​ជំងឺ​ដែល​ទាក់ទង​នឹង​សួត ដូចជា រលាក​សួត រលាក​ប្រអប់​សំឡេង និង​រលាក​បំពង់ខ្យល់​ច្រើន​ដល់​ទៅ 4.3ដង​នៃ​ក្មេង​ធម្មតា។

ជាតិពុល​ពី​ផ្សែង​បារី​ មាន​ច្រើន​ហួស​ពី​អាច​ការពារ​បាន ព្រោះ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​ត្រូវមាន​ការធ្វើដំណើរ និង​ជួប​ជាមួយ​អ្នកដទៃ​ជាច្រើន ​ដែល​យើង​មិនអាច​ចៀសវាង​បាន​ទាំងអស់​ឡើយ តែ​ការឈប់​ជក់បារី​ជា​រឿង​ងាយស្រួល​ជាង ជាពិសេស​នៅក្នុង​ផ្ទះ​ណា​ ដែលមាន​ស្ត្រី​មានគភ៌ និង​កុមារតូចៗ សូមកុំ​សម្លាប់​មនុស្ស​ទាំងនោះ ​ដោយ​ផ្សែង​បារី​របស់លោក​អ្នក​អី។ យើង​សូម​ធ្វើជា​កម្លាំងចិត្ត​ដល់​អ្នក ​ដែល​ចង់​ឈប់​ជក់បារី សូម​តាំងចិត្ត​បំពេញភារកិច្ច​ក្នុង​គ្រានេះ​ឱ្យ​សម្រេច ដើម្បី​មនុស្ស​ដែល​អ្នក​ស្រឡាញ់៕

ប្រភព៖tomnerb

  • ផ្សែងពីបារី ដែលអ្នកជក់ អាចសម្លាប់កូនដោយប្រយោល已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/04/06  Category:សុខភាព
Tags: