មនុស្ស​​ត្រូវ​មាន​​ចរិត​​បែប​​ណា​​ នៅ​ក្នុង​សម័យ​កាល​ឌី​ជី​ថ​ល ?

ការ​ធ្វើ​ការងារ​ដោយ​កំណត់​ម៉ោង​នឹង​មិនសូវ​មាន​ប្រសិទ្ធភាព ដូច​ជា​ការ​ធ្វើ​ការងារ​តាម​ការ​កំណត់​លទ្ធផល​នោះ​ទេ នៅ​ក្នុង​សម័យ​កាល​នេះ ។ មនុស្ស​ត្រូវ​រំខាន និង​ធ្វើ​ឱ្យ​ខាត​ពេល​ច្រើន ដោយសារ​តែ​កន្លែងធ្វើការ​នៅ​ឆ្ងាយ​ពី​ផ្ទះ ហើយ​មានការ​ស្ទះចរាចរណ៍​ជា​ញឹក​ញាប់ នៅ​តាម​ដងផ្លូវ ប៉ុន្តែ​សំណាងល្អ បច្ចេកវិទ្យា​បាន​ជួយ​មនុស្ស​អាច​ធ្វើ​ការងារ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា ។

ការ​គ្រប់គ្រង​មនុស្ស​តាម​រយ​:​ការ​ទាមទារ​ឱ្យធ្វើ​ការ​៨​ម៉ោង នៅ​ក្នុង​មួយ​ថ្ងៃ​នៅ​កន្លែងធ្វើការ មិនសូវ​ជា​មាន​ប្រសិទ្ធភាព ដូច​ការ​កំណត់​ផលិតភាព​ការងារ​របស់​ពួក​គេ​ឡើយ ។ ស្ថាប័នរដ្ឋ ក្រុមហ៊ុន ឬ​អង្គការ អាច​នឹង​បង្ខំ​ឱ្យ​មនុស្ស នៅ​ក្នុង​កន្លែងធ្វើការ​៨​ម៉ោង ក្នុង​មួយ
ថ្ងៃ​។  ពួក​គេ​អាច​មានមុខ​នៅ​កន្លែងធ្វើការ​តាម​ការ​កំណត់​នោះ ប៉ុន្តែ​វា​មិន​ធានា​ថា ពួក​គេ​នឹង​ធ្វើការ​៨​ម៉ោង​ឡើយ ។ ពួក​គេ​អាច​គ្រាន់​តែ​អង្គុយ​លេង​រង់ចាំ​ដល់​ម៉ោង​ទៅ​ផ្ទះ​ប៉ុណ្ណោះ ។ ម្យ៉ាងទៀត​នោះ ការ​គ្រប់គ្រង​មនុស្ស​តាម​រយ​:​ការ​កំណត់​ម៉ោង​អាច​នឹង​បង្ក​ការ​លំបាក​​មួយ​ចំនួន សម្រាប់​មនុស្ស​ដែល​នៅ​ឆ្ងាយ​ពី​កន្លែងធ្វើការ ។

គេ​ត្រូវ​យក​ផល​ចំណេញ​ពី​បច្ចេកវិទ្យា ហើយ​ប្រើប្រាស់​វា​សម្រាប់​សម្របសម្រួល​ការងារ ដោយ​ធ្វើ​យ៉ាងណា ឱ្យ​ផលិតភាព​ការងារ​ខ្ពស់ ។ បច្ចេកវិទ្យា​បាន​បើកឱកាស​ឱ្យ​មនុស្ស​អាច​ធ្វើការ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា ។

ប៉ុន្តែ​តើ​មនុស្ស​ប្រភេទ​ណា អាច​ធ្វើការ​បែប​នេះ បាន​នៅ​ក្នុង​សម័យកាល​ឌី​ជី​ថ​ល​នេះ?

ការ​ធ្វើការ​តាម​អន​ឡាញ​ទាមទារ​ឱ្យ​មនុស្ស​មាន​លក្ខណ​:​សម្បត្តិ​មួយ​ចំនួន ដើម្បី​ទទួល​បានការ​ទុកចិត្ត​ពី​ស្ថាប័ន​នោះ មនុស្ស​ដែល​ចង់​ធ្វើការ​អន​ឡាញ ត្រូវ​តែ​ជា​មនុស្ស​ដែល​មាន​ចរិត​ស្មោះត្រង់​នឹង​ការងារ ជា​មនុស្ស​ដែល​ទទួលខុសត្រូវ​នឹង​ការងារ និង​ជា​មនុស្ស​ដែល​អាច​ធ្វើ​ការងារ ដោយ​មិនបាច់​ចាំ​មាន​ក្រសែភ្នែក​តាម​មើល​ពីក្រោយ ។ ភាព​ស្មោះត្រង់ និង​ការ​ទទួលខុសត្រូវ គឺ​ដើម្បី​ទទួល​បានការ​ជឿ​ទុកចិត្ត​ពី​ថ្នាក់លើ ដែល​ត្រូវ​យកចិត្តទុកដាក់​ដល់​ផលិតភាព​ការងារ​ជា​ជាង​ការ​កំណត់​ពេលវេលា សម្រាប់​ការ​បំពេញ​ការ​ងារ​ ។

នៅ​ពេល​ដែល​បុគ្គលិក​ទាំងអស់ អាច​បង្ហាញ​ដល់​ថ្នាក់លើ​បាន​ថា ពួក​គេ​អាច​បំពេញការងារ​ដោយ​មិនបាច់​មានការ​គ្រប់គ្រង​បន្ថែម​ហើយ​នោះ ពួក​គេ​សម​នឹង​ផ្តល់​ឱកាស​ឱ្យ​អាច​ធ្វើការ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា ប៉ុន្តែ​ត្រូវ​ធានា​ថា ផលិតភាព​ការងារ​មិន​ប៉ះពាល់​ឡើយ ។

ផលិតភាព​ការងារ គឺជា​គោលដៅ​ចុង​ក្រោយ​នៃ​ការងារ ។ គោលដៅ​ចុង​ក្រោយ​នៃ​ការងារ មិនមែន​ការ​ចំណាយ​ពេលវេលា​៨​ម៉ោង​នោះ​​ឡើយ​។

វា​ដល់​ពេល​ដែល​មនុស្ស​ត្រូវ​រៀបចំ​ចរិតលក្ខណ​:​ឱ្យ​សម​តាម​សម័យកាល ដើម្បី​ក្តាប់​យក​ឱកាស​កាន់តែ​ច្រើន​នៅ​ក្នុង​ការ​បំពេញ​ការ​ងារ ។ ភាព​ស្មោះត្រង់ និង​ការ​ទទួលខុសត្រូវ​នឹង​ធ្វើ​ឱ្យ​មនុស្ស​កាន់តែ​មាន​លទ្ធភាព​ទាញ​យក​ប្រយោជន៍​ពី​សម័យកាល​ឌី​ជី​ថ​ល ៕