សារមន្ទីរ​​ថ្មី​នាំ​ទស្សនីយភាព ៣៦០ ដឺក្រេ​នៃ​អាណា​ចក្រ​​អង្គរ​

សៀមរាប: ឈរគយ​គន់​គំនូរ​ប្រេង និង​ល្បង់​លំហជា​​រង្វង់​ ​នៅ​ចំ​កណ្ដាល​សារ​មន្ទីរ​ទស្សនីយភាព​​អង្គរ​សៀមរាប​ ​អ្នក​ហាក់​ដូច​ជាកំពុង​ត្រូវ​បាន​នាំ​យក​ទៅកាន់​សម័យ​អតីត​កាលដ៏​រុងរឿង។

មានតែ​អាកាសធាតុ​ត្រជាក់​ពី​ម៉ាស៊ីន​​ត្រជាក់​ប៉ុណ្ណោះ​ដែលបក់​មករំខាន​​ដល់​ការ​ស្លុង​អារម្មណ៍​ទស្សនា​គំនូរ​សម័យ​អាណាចក្រ​ខ្មែរ​ និង​ដែល​លាត​សន្ធឹង​ឆ្ងាយ​ដាច់​កន្ទុយ​ភ្នែក​។

ក្រោយ​ពី​ការ​កសាង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ សារមន្ទីរ​ផ្ដល់​មូលនិធិ​ ២៤ លាន​ដុល្លារ​ពី​កូរ៉េ​ខាង​ជើង ដែល​ក្រុម​អ្នក​រិះ​គន់​អំពី​ការ​​ចូល​ជ្រែក​នូវ​លទ្ធិសេដ្ឋកិច្ច​របស់​កុម្មុយនីស្ដ​ផ្ដាច់​ការ ទី​បំផុត​បាន​បើក​សម្ពោធ​ជា​ផ្លូវ​ការ​។ ​

ជាមួយ​បរិមាត្រ ​១២៣ ម៉ែត្រ​ និង​កម្ពស់ ១៣ ម៉ែត្រ​ មជ្ឈមណ្ឌល​សិល្បៈ​នេះ​រំលេច​រូប​ភាព​គំនូរ ៣ សម័យ​កាល​ដ៏​ស្រស់​ស្អាត​នៃ​អាណា​ចក្រ​អង្គរ​ស្ដីពី​ការ​សាង​សង់ ភាព​រុង​រឿង និង​វិ​នាស​កម្ម​សង្គ្រាម​។ ​ឈរ​​លើ​ខឿន​តំណាង​ឲ្យ​ទីតាំង​​ភ្នំ​បាក់​​ខែង អ្នក​អាច​សម្លឹង​​ឃើញ​ផ្ទៃ​ដី​ ក្រួស និង​ផ្ទាំង​ថ្ម ​ទិដ្ឋភាព​ប្រាសាទ​អង្គរ​វត្ដ​ ប្រាសាទ​បាយ័ន​ ទន្លេ​សាប និង​វាល​ស្រែ​វាល​ស្រូវ​មើលពីលើ​។

សារមន្ទីរ​​ថ្មី​នាំ​ទស្សនីយភាព ៣៦០ ដឺក្រេ​នៃ​អាណា​ចក្រ​​អង្គរ​

ទិដ្ឋភាព​នៅ​ក្នុង​សារមន្ទីរ​ដ៏​ធំ​ដែល​មាន​គំនូរ​ប្លង់ ៣៦០ ដឺក្រេ​បង្ហាញ​ពី​អាណាចក្រ​​អង្គរ និង​រោង​ភាពយន្ដ​។ Sam Walker

នៅ​ឯ​ជើង​ភ្នំ ​ប្រាសាទ​ទាំង​នេះ​ឈរ​ចំ​កណ្ដាល​ចម្លាក់មនុស្ស​ជា​ច្រើន​ដែល​បង្ហាញ​ពីតថភាព​ផ្សេង​ៗ​នៃ​ជីវិត​ រួម​ជាមួយ​​សេះ និង​សត្វ​ពាហនៈ​។

យោង​តាម​អគ្គនាយក​សារមន្ទីរ​ លោក យិត ចាន់​ដារ័ត្ន បាន​ឲ្យ​ដឹងថា ជា​គម្រោង​របស់​​ក្រុមហ៊ុន​សំណង់​កូរ៉េខាង​ជើង មេនស៊ូដេ មជ្ឈមណ្ឌល​សិល្បៈ​ត្រូវ​ការ​វិចិត្រករ​ ៦៣ នាក់ ចំណាយ​ពេល​មួយ​ឆ្នាំ​ដើម្បី​គូរ​គំនូរ​លើ​ជញ្ជាំង ដែល​ត្រួត​ពិនិត្យ​យថាភាព និង​ភាព​ត្រឹម​ត្រូវរច​នា​ប័ទ្ម​គំនូរ​ដោយ​ក្រុម​អ្នក​ជំនាញ​ខ្មែរ​។

ការ​គូរ​​ចុង​​បង្ហើយ​ ដែល​រំលេច​រូប​មនុស្ស​ជាង ៤៥០០០ នាក់ ចំណាយ​ពេល​​ប្រមាណ​ជា ៤ ខែ​។ កាន់​តែ​លម្អិត រោង​ភាពយន្ដ​ ២០៤ កៅអី ដាក់​បញ្ចាំង​ភាព​យន្ដ​គំនូរ​ជីវចល​រយៈ​ពេល ២០ នាទី​ស្ដីពី​អំពី​ការសាង​ប្រាសាទ​​អង្គរវត្ដ​ផង​ដែ​រ។

សារម​ន្ទីរ​នេះ​ក៏​បង្ហាញ​រូបភាព​គំនូរ​សំខាន់​ៗ​ក្នុង​សម័យ​អង្គរ​ទាំង​អស់​នៅ​ជុំវិញ​ក្រុង​សៀមរាប​ និង​គូរ​ផែនទីប្រាសាទ​បុរាណ​ទាំង​អស់​ក្នុង​ទូទាំង​ប្រទេស​កម្ពុជា​ ព្រម​ទាំង​ព័ត៌មាន​ស្ដី​ពី​ប្រវត្ដិ​ប្រាសាទ​ផង​ដែរ​។

នៅ​ក្នុង​ទីក្រុង​ដែល​​ភ្ញៀវ​ទេសចរ​តែងតែ​ចំណាយ​ពេល​កម្សាន្ដ​ ៣ ថ្ងៃ លោក ស៊ីន មាង ជា​​ម្ចាស់​ក្រុមហ៊ុន​ទេសចរណ៍​ Smart Tour Travel បាន​និយាយ​ថា លោក​មិន​ធ្លាប់​បាន​ឃើញ​គំនូរ​សិល្បៈ​បែប​នេះ​ទេ ហើយ​ក៏ស្វាគមន៍​សារ​មន្ទីរ​ថ្មី​នេះ​ជា​សកម្មភាព​បន្ថែម​ស​ម្រាប់​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ និង​ជួយ​បង្កើន​ឱកាស​ការងារ​ ជំរុញ​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ​។

យ៉ាង​ណាមិញ ក្រុម​អ្នក​រិះគន់​របប​ផ្ដា​ច់​ការ ដូចជា លោក​ ភីល រ៉ូប៊ឺតសុន ជា​អ្នក​នាំពាក្យ​ អង្គការឃ្លាំ​មើល​សិទ្ធិ​មនុស្ស បាន​រិះ​គន់​យ៉ាង​ចាស់​ដៃ​ចំពោះ​គម្រោង​សារមន្ទីរ​សិល្បៈ​នេះ​។

លោក​បាន​លើក​ឡើង​ថា​៖ «​ដោយ​ផ្សារ​ភ្ជាប់​អង្គរ​វត្ដជាមួយ​នឹង​រដ្ឋាភិបាល​ក្រៅ​បញ្ជី​អង្គការ​សិទ្ធិមនុស្ស​អន្ដរជាតិ​ ដូចជា​ ប្រទេស​កូរ៉េ​ខាង​ជើង​នេះ ​ប្រវត្ដិ​សាស្ដ្រកម្ពុជា​អាច​ដិត​ដាម​មិន​ល្អ​​។ ភ្ញៀវ​​ទេសចរ​គួរ​តែ​ចៀស​ឲ្យ​ឆ្ងាយ​ពី​សារមន្ទីរ​នេះ​»។

អ្នក​ផ្សេង​ទៀត​ បាន​​អះអាង​ថា សារ​មន្ទីរ​សិល្បៈ​នេះ​ ជាយុទ្ធសាស្ដ្រ​រក​ចំណូល​ឲ្យ​កូរ៉េ​ខាង​ជើង​ក្នុង​ដំណាក់កាល​ជាប់​ទណ្ឌកម្ម​សេដ្ឋកិច្ច​នេះ​។

សារមន្ទីរ​​ថ្មី​នាំ​ទស្សនីយភាព ៣៦០ ដឺក្រេ​នៃ​អាណា​ចក្រ​​អង្គរ​លោក យិត ចាន់ដារ័ត្ន អគ្គ​នាយក​សារមន្ទីរ​។ Sam Walker

ប៉ុន្ដែ លោក ចាន់​ដារ័ត្ន បាន​ឆ្លើយ​តប​​ថា​៖ «​សារ​មន្ទីរ​នេះ​មិន​ពាក់​ព័ន្ធរឿង​នយោបាយ​ទេ​។ វា​ស​ម្រាប់​តែ​វប្បធម៌ និង​ទេសចរណ៍​ប៉ុណ្ណោះ​»។

លោក​ថា ចំណូល​ទាំង​​អស់​នឹង​​ធ្លាក់​ទៅ​លើ​ហោប៉ាវ​ក្រុមហ៊ុន​កូរ៉េ​ខាង​ជើង​ដើម្បី​ស្ដា​រប្រាក់ចំណាយ​សាងសង់​​រយៈ​ពេល ១០ ឆ្នាំ​។

ប៉ុន្ដែ​ពេល​អាច​ទូទាត់​ការ​ចំណាយ​ហើយ ប្រាក់​ចំណេញ​​នឹង​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ចំណែក​ជាមួយ​អាជ្ញាធរ​អប្សរា​។ ​១០ ឆ្នាំ​ក្រោយមក​ទៀត​ សារមន្ទីរ​នេះ​នឹង​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​អាជ្ញាធរ​អប្សរា​គ្រប់គ្រង ១០០ ភាគរយ​តែ​ម្ដង​។

លោក​បាន​បន្ថែម​ថា៖ «​ខ្ញុំ​គិត​ថា វា​មិន​មែន​ជាការ​សម្រេច​ផ្នែក​នយោបាយ​ឡើយ​។ វា​គ្រាន់តែ​ជា​ក្រុមហ៊ុន​មួយ​របស់​កូរ៉េ​ខាង​ជើង​ដែល​ធ្វើ​វិនិយោគ​នៅ​ទីកន្លែង​ទាំង​អស់ មិន​មែន​តែ​កម្ពុជា​នោះ​ទេ​»។

សារ​មន្ទីរ​​ទស្សនីយភាព​អង្គរ​សៀម​រាប ស្ថិត​នៅ​ចម្ងាយ​ ៣ គីឡូ​ម៉ែត្រ​​ភាគ​ខាង​ជើង​ក្រុង​សៀមរាប​លើ​ផ្លូវ​ប្រសព្វ​លេខ ៦០ និង​ផ្លូវ​អប្សរា​។

ការ​ចូល​ទៅ​កាន់​តំបន់​ព័ត៌មានទូទៅ មិន​ត្រូវបាន​គិត​ប្រាក់​ទេ​ ខណៈ​ការ​ទស្សនា​គំនូរ​ទស្សនីយភាព ៣៦០ ដឺក្រេ​ មានតម្លៃ ១៥ ដុល្លារ​សម្រាប់​ម្នាក់ និង ៥ ដុល្លារសម្រាប់​ការ​ទស្សនា​ភាពយន្ដ​ជីវចល​៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍