ក្រសួងទេសចរណ៍ និង ADB បង្កើតគម្រោងយុទ្ធសាស្រ្ត អភិវឌ្ឍទេសចរណ៍ ខេត្តព្រះសីហនុ

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានសហការជាមួយ ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB សាលាខេត្តព្រះសីហនុ ដាក់ចេញនូវ គម្រោងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ។ គម្រោងផែនការនេះ ធ្វើឡើង ដើម្បីឆ្លើយតបតាមកំណើនយ៉ាងខ្លាំង នៃវិស័យទេសចរណ៍ ការដោះស្រាយបញ្ហាប្រឈមនានា   និងការអនុវត្តតាមការណែនាំ វិធានការនិងគោលនយោបាយនានា របស់រដ្ឋាភិបាល ពិសេសតាមរយៈការណែនាំរបស់សម្តេច តេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា អំពីការរៀបចំអភិវឌ្ឍ និងគ្រប់គ្រងតំបន់ឆ្នេរខេត្តព្រះសីហនុ។

លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឲ្យលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា ផែនការនេះ គឺមានសារសំខាន់ណាស់ ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍នៅក្នុង ខេត្តព្រះសីហនុ ដែលជាតំបន់ឆ្នេរដ៏មានសក្តានុពល។

ផែនការនេះ គឺជាការអនុវត្តតាមការណែនាំពីរាជរដ្ឋាភិបាល និងអនុវត្តតាមគោលនយោបាយនានាពិសេសគឺគោលនយោបាយ អភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ ដើម្បីប្រែក្លាយទៅជាតំបន់រដ្ឋបាល និងសេដ្ឋកិច្ចពិសេសពហុបំណង។លោករដ្ឋលេខាធិការ ក្រសួងទេសចរណ៍ដដែលបានស្នើឲ្យមានការ ចូលរួមសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងរាជរដ្ឋាភិបាល ផ្នែកឯកជនដៃគូអភិវឌ្ឍន៍ ជាដើម។

លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍លើកឡើងបែបនេះ ខណៈដែលលោកចូលរួមនៅក្នុងសិក្ខាសាលាស្តីពី «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ ទេសចរណ៍ខេត្តព្រះសីហនុ២០១៦-២០២៥» ដែលមានអ្នកចូលរួមជាង១០០នាក់ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ នៅក្នុងខេត្តព្រះសីហនុ៕

ក្រសួងទេសចរណ៍ និង ADB បង្កើតគម្រោងយុទ្ធសាស្រ្ត អភិវឌ្ឍទេសចរណ៍ ខេត្តព្រះសីហនុ ក្រសួងទេសចរណ៍ និង ADB បង្កើតគម្រោងយុទ្ធសាស្រ្ត អភិវឌ្ឍទេសចរណ៍ ខេត្តព្រះសីហនុ

ប្រភពៈ freshnewsasia