អនាគត​អគ្គលេខាធិការ​ថ្មី​ នៃ​អង្គការ​សហប្រជាជាតិ​ជា​អ្នកណា?

លោក​ បាន គីមូន ​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ នឹង​ត្រូវ​បញ្ចប់​អាណត្តិ ​នៅ​ដំណាច់​ឆ្នាំ​២០១៦​នេះ​ហើយ។ បេក្ខភាព​ឈរឈ្មោះ​ថ្មីៗ ​កំពុងតែ​បង្ហាញ​ខ្លួន​ជា​បន្ត​បន្ទាប់ ​ដើម្បី​ប្រជែង​យក​តំណែង​នេះ។ ក្នុង​ចំណោម​នោះ ​លោកស្រី​ អេលែន ខ្លាក ​ជនជាតិ​ណូវែលហ្សេឡង់​ ដែល​បច្ចុប្បន្ន​ជា​អគ្គនាយក​កម្មវិធី​អភិវឌ្ឍន៍​នៃ​អង្គការ​សហ​ប្រជាជាតិ ​ហៅ​កាត់​ថា​ UNDP ​ កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ​លើក​ទឹកចិត្ត​យ៉ាង​ច្រើន។​ រដ្ឋាភិបាល​ណូវ៉េហ្សេឡង់ ​បាន​ធ្វើការ​ស្នើ​បេក្ខភាព​របស់​លោកស្រី ​ជា​ផ្លូវការ ​កាល​ពី​ថ្ងៃ​ចន្ទ​ទី៤​ មេសា។

សម្រាប់​ពេល​នេះ ​ មាន​បេក្ខជន​ចំនួន​៨នាក់​ហើយ ​ដែល​បាន​ប្រកាស​ខ្លួន​ជា​ផ្លូវការ ​ ហើយ​កំពុងតែ​ធ្វើការ​ឃោសនា​ដើម្បី​ទទួល​បាន​ការ​គាំទ្រ។​ ក្នុង​ចំណោម​នោះ​មាន​ដូចជា ​លោកស្រី ​អ៊ីរីណា បូកាវ៉ា ​ជនជាតិ​ប៊ុលហ្គារី ​និង​ជា​អគ្គនាយក​អង្គការ​យូណេស្កូ ​លោក ​អង់តូនីញ៉ូ ហ្គុតទែរែស ​ជនជាតិ​ព័រទុយហ្កាល់ ​ដែល​ជា​អតីត​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ​និង​លោកស្រី ​អេលែន ខ្លាក​ ជនជាតិ​ណូវែលហ្សេឡង់ ​បច្ចុប្បន្ន​ជា​អគ្គនាយក​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហ​ប្រជា​ជាតិ ​ដែល​យើង​ហៅ​កាត់​ថា​UNDP​ នេះ​ឯង។ នៅ​មាន​បេក្ខជន​ថ្មីៗ​ទៀត ​ដែល​នឹង​អាច​ធ្វើការ​ប្រកាស ​ក្នុង​ពេល​ខាង​មុខ ​ ព្រោះថា​ការ​បោះឆ្នោត​សម្រេច​ជ្រើសរើស ​និង​ធ្វើឡើង​នៅ​ខែ​កក្កដា​ ខាង​មុខ​ឯនោះ។

អនាគត​អគ្គលេខាធិការ​ថ្មី​ នៃ​អង្គការ​សហប្រជាជាតិ​ជា​អ្នកណា?ច្រកចូល​​ទីស្នាក់ការ​​កណ្តាល​​នៃអង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក 

បេក្ខភាព​ជាស្ត្រី ​មាន​សង្ឃឹម​ច្រើន៖
ចាប់តាំង​ពី​កកើត​មក​ អស់​រយៈពេល​៧០​ឆ្នាំ​ហើយ​ អង្គការ​សហប្រជាជាតិ​គឺ​ដឹកនាំ​ដោយ​មនុស្ស​ប្រុស​ទាំងអស់។ អញ្ចឹង​ហើយ​បាន​ជា​ពេល​នេះ ​ ​គេ​សង្ឃឹម​ច្រើន​ថា​ បេក្ខភាព​ជាស្រ្តី​ អាច​នឹង​ជាប់។ តាម​ពិត​គេ​មិនមាន​លក្ខខ័ណ្ឌ​អ្វី​ឲ្យ​ច្បាស់​លាស់​ទេ។ អ្វីៗ​ស្ថិត​លើ​ការ​ព្រមព្រាង​គ្នា ​ ក្នុង​ក្របខណ្ឌ​ក្រុមប្រឹក្សា​អចិន្ត្រៃយ៍​នៃ​អង្គការ​សហប្រជាជាតិ។ ជា​ទូទៅ ​គេ​ចង់​បាន​បេក្ខជន​ថ្មី ​តំណាង​ឲ្យ​ទ្វីប​ រឺ​តំបន់​នីមួយៗ​ម្តង​ម្នាក់។ ដូច​ជា​កាល​លោក​កូហ្វ៊ីអាណាន់ ​គាត់​មក​ពី​អាហ្វ្រិក ​ឯលោក​បាន​ គីមូន​បច្ចុប្បន្ន​នេះ​ តំណាង​ឲ្យ​ទ្វីប​អាស៊ី​យើង។

លក្ខខណ្ឌ​ចំបង​ គឺ​សមត្ថភាព ​និង​បទ​ពិសោធន៍​ការងារ​ នៅ​ក្នុង​ស្ថាប័ន​អន្តរជាតិ ​របស់​បេក្ខជន​នីមួយៗ។ ប្រទេស​នីមួយ​មាន​សិទ្ធិ​បញ្ជូន​បេក្ខជន​ផ្លូវការ​តំណាង​ឲ្យ​ប្រទេស​ខ្លួន ​លើកលែង​តែ​ប្រទេស​៥ ​ដែល​ជា​សមាជិក​​ក្រុមប្រឹក្សា​អចិន្ត្រៃយ៍​ទេ ​ដែល​គ្មាន​សិទ្ធិ​បញ្ជូន​បេក្ខជន។
 
ក្រុម​ប្រឹក្សា​អចិន្ត្រៃយ៍​ ជាអ្នក​បោះឆ្នោត​សម្រេច៖
ចំពោះ​របៀប​វារៈ​នៃ​ការ​ជ្រើសរើស ​គឺ​តាម​ធម្មតា ​ក្រោយ​ពេល​ដែល​បេក្ខជន​ម្នាក់ៗ​ប្រកាស​ឈរ​ឈ្មោះ ​ជាផ្លូវការ​ហើយ ​ បេក្ខជន​ត្រូវ​ធ្វើ​ការ​ប្រមូល​ការ​គាំទ្រ​ពី​សមាជិក​នៃ​មហា​សន្និបាទ​របស់​អង្គការ​សហ​ប្រជាជាតិ។ ជា​ពិសេស​គឺ​សមាជិក​ទាំង​៥ ​នៃ​ក្រុម​ប្រឹក្សា​អចិន្ត្រៃយ៍ ​ ដែល​មាន​ប្រទេស​មហា​អំណាច​ទាំង​៥ ​ មាន​បារាំង ​ អង់គ្លេស ​រុស្ស៊ី ​ចិន​ និង​សហរដ្ឋ​អាមេរិក។ តាមពិត​ទៅ​ អ្នក​សម្រេច​មែនទែន ​ គឺ​ប្រទេស​ទាំង​៥នេះ​ហើយ​ ហើយ​បើ​មាន​តែ​ម្នាក់​បោះឆ្នោត​វេតូ ​គឺ​បេក្ខជន​នោះ​មិន​អាច​ជាប់​ទេ។

ចាប់​ពី​សប្តាហ៍​ក្រោយ​ទៅ ​បេក្ខជន​ម្នាក់ៗ​ នឹង​ចាប់​ផ្តើម​ធ្វើ​សន្ទរក​ថា​ធំ ​នៅ​ចំពោះ​មុខ​មហាសន្និបាទ​នៃ​អង្គការ​សហ​ប្រជាជាតិ​ ដើម្បី​ថ្លែង​អំពី​គោលបំណង ​គោល​ជំហរ​ការងារ ​ និង​ត្រី​វិស័យ​ដែល​ខ្លួន​ចង់​ធ្វើ​ក្នុង​ករណី​ដែល​ជាប់​ជា​អគ្គលេខាធិការ​ ពោល​គឺ​ដូច​ជា​បទ​សម្ភាសន៍​ដើម្បី​ទទួល​បាន​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​អញ្ចឹង។ បេក្ខជន​ម្នាក់ៗ ​មាន​ពេល​២​ម៉ោង។ បន្ទាប់​មក​ទៀត ​ សមាជិក​ទាំង​៥​នៃ​ក្រុម​ប្រឹក្សា​អចិន្ត្រៃយ៍ ​នឹង​បោះឆ្នោត​នៅ​ខែ​កក្កដា ​មុន​នឹង​បញ្ជូន​លទ្ធផល​មក​ឲ្យ​អង្គ​មហាសន្និបាទ​អនុម័ត។ បន្ទាប់​មក​ អគ្គលេខាធិការ​ថ្មី ​ នឹង​ចាប់​ផ្តើម​អាណត្តិ​ខ្លួន​ ចាប់​ពី​ថ្ងៃ​ទី១​ ខែ​មករា​ ឆ្នាំ​២០១៧​តទៅ។

លោកស្រី អេលែន ខ្លាក ​មាន​ទាំង​សមត្ថភាព ​ទាំង​បទ​ពិសោធន៍៖

អនាគត​អគ្គលេខាធិការ​ថ្មី​ នៃ​អង្គការ​សហប្រជាជាតិ​ជា​អ្នកណា?

លោកស្រីអេលែន ខ្លាក អតីត​នាយករដ្ឋមន្ត្រី​​ណូវែលហ្សេឡង់ ​និង​​ជាប្រធាន​UNDP

លោកស្រី ​អេលែន ខ្លាក ​(Helen Clark) ត្រូវគេ​ចាត់​ទុក​ថា​ជា​បេក្ខជន​ដែល​មាន​សង្ឃឹម​ច្រើន​ជាង​គេ។ ទីមួយ​ព្រោះ​គាត់​ជា​ស្ត្រី។ លោកស្រី​អេលែន​ ខ្លាក ​ មាន​អាយុ​៦៦​ឆ្នាំ ​គាត់​ធ្លាប់​ជា​នាយករដ្ឋមន្ត្រី​ប្រទេស​ណូវែលហ្សេឡង់ ​ចំនួន​៣អាណត្តិ​ រវាង​ពី​ឆ្នាំ​១៩៩៩​ ដល់​ឆ្នាំ​២០០៨។ ក្រោយ​មក​គាត់​ ត្រូវ​បាន​តែងតាំង​ជា​អគ្គនាយក​របស់ ​UNDP ។

លោកស្រី​អេលែន​ ខ្លាក ​បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​នា​ពេល​ថ្មីៗ​នេះ​ថា ​គាត់​មិន​ចង់​ឲ្យ​គេ​គាំទ្រ​លោកស្រី ​ដោយសារ​ខ្លួន​គាត់​ជា​មនុស្ស​ស្រី​ទេ។​ គាត់ថា ​គាត់​ឈរ​ឈ្មោះ​នេះ​ ព្រោះ​គាត់​គិត​ថា​គាត់​មាន​សមត្ថភាព ​និង​បទ​ពិសោធន៍​គ្រប់គ្រាន់ ​ដើម្បី​កាន់​មុខ​តំណែង​នេះ។

ដូច្នេះ​បើ​យើង​ក្រលេក​មើល​ទៅ​លើ​បទ​ពិសោធន៍​នយោបាយ ​ដែល​លោកស្រី​ធ្លាប់​ធ្វើ​ ក្នុង​ការ​ដឹកនាំ​គណបក្ស ​មុន​នឹង​ឈាន​ទៅ​ឈោង​ចាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ណូវែលហ្សេឡង់ ​ដល់​ទៅ​៣​អាណត្តិ ​ យើង​ឃើញ​ថា ​លោកស្រី​ត្រូវ​បាន​ថ្នាក់​ដឹកនាំ​អន្តរជាតិ​ទាំង​មូល​ទទួល​ស្គាល់​ថា ​ជា​មនុស្ស​មាន​សមត្ថភាព​ក្នុង​ការ​ដឹកនាំ ​ព្រមទាំង​មាន​និស្ស័យ​ការទូត​ល្អ​ទៀត​ផង។

បន្តែ​សម្រាប់​ពេល​នេះអ្វី​ដែល​គេ​បារម្ភ​ គឺ​គេ​ខ្លាច​គាត់​មិន​អាច​ប្រមូល​ឲ្យ​មាន​អ្នក​គាំទ្រ​បាន​ច្រើន ​ ជា​ពិសេស​ក្នុង​ចំណោម​ប្រទេស​ទាំង​៥​នៃ​ក្រុម​ប្រឹក្សា​អចិន្ត្រៃយ៍។ រុស្ស៊ី​ធ្លាប់​បាន​ទាមទារ​ថា​ អាណត្តិ​ថ្មី​នេះ ​គេ​ចង់បាន​អគ្គលេខាធិការ​ ដែល​មក​ពី​តំបន់​អឺរ៉ុប​ខាងកើត។ អញ្ចឹង​មាន​ន័យ​ថា​រុស្ស៊ី​អាច​បោះឆ្នោត​វេតូ​ប្រឆាំង​បេក្ខភាព​គាត់។ សម្រាប់​អង់គ្លេស​វិញ​ គេ​បាន​ប្រកាស​ថា ​បើ​បេក្ខជន​ពីរ​រូប​ប្រុស​ម្នាក់​ស្រី​ម្នាក់ ​ហើយ​មាន​សមត្ថភាព​ប៉ុនគ្នា ​គឺ​គេ​នឹង​បោះ​ឲ្យ​មនុស្ស​ស្រី។ ចំណែក​បារាំង ​ចិន​ នឹង​អាមេរិក​ នៅមិន​ទាន់​ប្រកាស​ថា ​គាំទ្រ​អ្នកណា​ឲ្យ​ប្រាដក​ទេ។

អគ្គលេខាធិការថ្មី​ ត្រូវ​ធ្វើ​កំណែទ​ម្រង់​ការងារ​របស់​អង្គការ​សហ​ប្រជា​ជាតិ៖

អនាគត​អគ្គលេខាធិការ​ថ្មី​ នៃ​អង្គការ​សហប្រជាជាតិ​ជា​អ្នកណា?

លោក បាន គីមូន (ខាងឆ្វេង) និងលោក ហ្វីលីប៉ូ ហ្គាន់ឌី ឧត្តមស្នងការ​ទទួលបន្ទូក​ជនភៀសខ្លួន​ ក្នុងពេល​​សន្និសីទ​​ស្តី​ពី​ការ​ទទួល​ជន​ភៀសខ្លួន​

ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ​ ស្ថានភាព​ពិភពលោក​យើង ​បាន​ចុះ​ដុនដាប ​ ដោយសារ​តែ​សង្រ្គាម​ មាន​នៅ​ពាសពេញ​ទាំងអស់។ តួយ៉ាង​សង្រ្គាម​នៅ​អ៊ុយក្រែន ​ សង្រ្កាម​នៅ​តំបន់​ដើមបូព៌ា ​ក្នុង​ប្រទេស​ស៊ីរី ​ អ៊ីរ៉ាក់​ យេមែន ​ស៊ូដង់ ​ជាដើម ​បូក​បន្ថែម​ជាមួយ​នឹង​ការ​គំរាមកំហែង​ភេរវកម្ម ​ ពី​ពួក​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​ទៀត។ ក្នុង​ចំណោម​បញ្ហា​ទាំងអស់​នេះ ​ យើង​ឃើញ​ថា ​គ្មាន​បញ្ហា​ណាមួយ ​ដែល​អង្គការ​សហ​ប្រជាជាតិ​ដោះស្រាយ​ចេញ ​ រឺ​មួយ​ក៏​ដឹកនាំ​ឲ្យ​មាន​ដំណោះស្រាយ​ទេ។

តួនាទី ​ជា​អាជ្ញារ​កណ្តាល ​ជា​អ្នក​ការពារ​សន្តិភាព ​និង​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ ​ស្ទើរ​តែ​ត្រូវគេ​ភ្លេច​ទៅ​ហើយ។ មាន​មនុស្ស​ច្រើន​ណាស់ ​ដែល​គេ​សឹងតែ​អស់​ជំនឿ​ពី​អង្គការ​កំពូល​នេះ​ទៅ​ហើយ។ អង្គការ​សហប្រជាជាតិ​ មាន​បុគ្គលិក​ទាំងអស់​៤ម៉ឺន​នាក់ ​ ហើយ​មួយឆ្នាំៗ​ចាយលុយ​អស់​៨ពាន់​លាន​ដុល្លារ ​តែ​លទ្ធផល​ការងារ​មិន​ដឹង​ជា​នៅ​ឯណា​ទេ។ ជាក់ស្តែង​ទាក់ទង​នឹង​បញ្ហា​ជនភៀសខ្លួន​តែម្តង ​ដែល​យើង​ឃើញ​ភាព​អសកម្ម​របស់​អង្គការ​នេះ​ខ្លាំង។

ទាក់ទិន​នឹង​ចំណុច​អសកម្ម​អស់​ទាំង​នេះ​ហើយ ​ដែល​លោកស្រី​អេលែន ខ្លាក​ បាន​ធ្វើការ​ប្រកាស ​ យក​ជា​កម្មវត្ថុ​បើ​សិន​ជា​គាត់​ជាប់​ជា​អគ្គលេខាធិការ​ថ្មី។ លោកស្រី​បាន​ថ្លែង​ថា ​គាត់​ចង់​ធ្វើ​កំណែទម្រង់​ឲ្យ​បាន​ស៊ីជំរៅ ​ ធ្វើឲ្យ​អង្គការ​នេះ​មាន​ប្រសិទ្ធិភាព ​តាម​រយៈ​ការ​កំណត់​ទិសដៅ ​និង​ត្រីវិស័យ​ច្បាស់​លាស់។ ភាពម៉ឺងម៉ាត់​ និង​ការ​ទទួល​ស្គាល់​ការពិត​ជាក់ស្តែង​ក្នុង​ការងារ ​ គឺ​ជា​ចំណុច​ខ្លាំង​របស់​លោកស្រី ​ហើយ​គាត់​សន្យាថា​សម្រេច​លទ្ធផល​ឲ្យ​បាន។ ទោះ​ជា​យ៉ាងនេះ​ក្តី ​តួនាទី​អង្គការ​សហប្រជាជាតិ ​មិនមែន​អាច​ទៅ​បញ្ជា​គេ​គ្រប់​រឿង​បាន​ទេ។ មាន​រឿង​ខ្លះ ​គេ​គិត​ប្រយោជន៍​បុគ្គល ​ជា​ជាង​ប្រយោជន៍​រួម​របស់​មនុស្ស​ជាតិ​ ​ដែល​នេះ​ហើយ​ជា​បញ្ហា​លំបាក ​សម្រាប់​អង្គការ​សហ​ប្រជាជាតិ៕

ប្រភពៈ RFI