សំណុំរឿង​ម្តាយមីង​ដាក់​ច្រវាក់​ជើង​ក្មួយ តុលាការ​លើក​ពេល​សវនាការ

សំណុំរឿង​ម្តាយមីង​ដាក់​ច្រវាក់​ជើង​ក្មួយ តុលាការ​លើក​ពេល​សវនាការ



រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែមេសា បាន​សម្រេច​លើក​ពេល​បើក​សវនាការ​លើ​សំណុំរឿង​ឧក្រិដ្ឋ​មួយ ដែល​ម្ដាយមីង​២​នាក់​បាន​ចាប់​ក្មួយ​ស្រី​ដាក់​ច្រវាក់​ជើង​បង្ខាំង​ទុក​ក្នុងផ្ទះ ហើយ​បង្ខំ​ឲ្យ​រួម​ភេទ​ជាមួយ​បុរស​ចំណាស់​ម្នាក់​ជា​ថ្នូរ​នឹង​ប្រាក់​១.០០០​ដុល្លារ​អា​មេ​រិ​ក ។

ទោះជា​យ៉ាងណា ចៅក្រម​ជំនុំជម្រះ​មិន​បាន​ប្រាប់​អំពី​មូលហេតុ​នៃ​ការ​លើក​ពេល​សវនាការ និង​កំណត់​កាលបរិច្ឆេទ​ថ្មី ដើម្បី​បន្ត​សវនាការ​នោះ​ទេ ខណៈ​ពេល​ដែល​ជន​ត្រូវ​ចោទ ត្រូវ​បាន​នាំ​មក​តុលាការ​តាម​កាលកំណត់ ។

សូម​រំឭក​ថា កាលពី​ថ្ងៃ​ទី​៣ ខែសីហា ២០១៥ នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ បាន​ចូល​ត្រួតពិនិត្យ​លំនៅ​ឋាន​គ្រួសារ​មួយ​នៅ​ក្នុង​ក្នុង​ខណ្ឌឫស្សីកែវ ហើយ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ ឈឹ​ម ឆៃ​លី អាយុ​៣៦​ឆ្នាំ និង​ស្ត្រី​ឈ្មោះ ជា ទីណា អាយុ​៣៤​ឆ្នាំ និង​ឈ្មោះ ជា ស្រស់ អាយុ​៣២​ឆ្នាំ ។ ស្ត្រី​ទាំង​ពី​នាក់ គឺជា​មា្ដ​យ​មីង​របស់​ក្មេង​ស្រី​រង​គ្រោះ ។

ពេល​នោះ លោក កែវ ធា នាយការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​រាជធានី​បាន​រាយការណ៍​ថា ស្ត្រី​ជា​ម្ដាយមីង​ទាំង​ពីរ​នាក់ បាន​លួងលោម​ក្មួយ​ស្រី​លក់​ព្រហ្មចារី​ឲ្យ​ឈ្មោះ ឈឹ​ម ឆៃ​លី ក្នុង​តម្លៃ ១.០០០​ដុល្លារ ។

នៅ​ចុងឆ្នាំ​២០១៥ បាន​លួងលោម​ក្មួយ​ស្រី​លក់​ផ្លូវភេទ​ម្ដងទៀត តែ​ក្មួយ​មិន​ព្រម ក៏​ចាប់​ដាក់​ច្រវាក់​ជើង​តែ​ម្ដង លុះ​មក​ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា ២០១៥ ក្មួយ​ស្រី​បាន​រួច​ពី​ច្រវាក់​ក៏​រត់​មក​ឲ្យ​សមត្ថកិច្ច​ជួយ ។

ផ្ទុយ​ពី​អ្វី​ដែល​សមត្ថកិច្ច​បាន​លើក​ឡើង​នោះ ក្រុម​បុរស​ស្ត្រី​ដែល​មាន​លំនៅ​ឋាន​ក្បែរ​ផ្ទះ​ខាងលើ​និយាយ​ថា ក្មេង​ស្រី​នោះ​ជា​ក្មេង​កំព្រា មាន​អាយុ​១៥​ឆ្នាំ ត្រូវ​បាន​ម្ដាយមីង​ចិញ្ចឹម​តាំងពី​ឪពុក​ម្ដាយ​ស្លាប់​ចោល​ម្ល៉េះ ។

អ្នក​ភូមិ​និយាយ​ទៀត​ថា ក្មេង​ស្រី​នេះ​មាន​ចរិត​រឹងរូស មិន​ស្ដាប់បង្គាប់​អាណាព្យាបាល​ទេ ដើរ​លេង​ពេល​យប់​ជាមួយ​មិត្តភក្ដិ​ជា​រៀងរាល់ថ្ងៃ ហើយ​នៅ​ក្នុងភូមិ​នរណា​ក៏​ដឹង​ដែរ​។ លុះ​ក្រោយមក​មាន​គេ​ចូល​ស្ដីដណ្ដឹង ទើប​ម្ដាយមីង​ហាមឃាត់​ឲ្យ​នៅ​តែ​ក្នុងផ្ទះ ព្រោះ​កូនស្រី​ដើរ​អាវ៉ាសែ​បែប​នេះ​គេ​មិន​ចូល​ស្ដីដណ្ដឹង​ទេ ។

ដោយសារ​តែ​ម្ដាយមីង​រារាំង​នេះ​ហើយ ទើប​នាងរ​ត់ទៅ​ប្ដឹង​តែ​ម្ដង ។ ឯ​ចំពោះ​ច្រវាក់​ដាក់​ជើង​នោះ ទើបតែ​ឃើញ​សមត្ថកិច្ច​យក​មក​បង្ហាញ​តែ​ប៉ុណ្ណោះ ពី​មុន​មក​មិន​ដែល​ឃើញ​ទេ ៕