ថៅកែ​ហាង​កាត់សក់​ខ្មែរ​អង្គរ ចូល​បំភ្លឺ​តុលាការ​ជុំវិញ​ទំនាក់ទំនង​រវាង​លោក កឹ​ម សុខា និង​ស្រី​មុំ

ថៅកែ​ហាង​កាត់សក់​ខ្មែរ​អង្គរ ចូល​បំភ្លឺ​តុលាការ​ជុំវិញ​ទំនាក់ទំនង​រវាង​លោក កឹ​ម សុខា និង​ស្រី​មុំ



រាជធានី​ភ្នំពេញ ៖ លោក ទួន សុ​ជាតិ ថៅកែ​ហាង​កាត់សក់​យីហោ ខ្មែរ​អង្គរ បាន​ចូល​បំភ្លឺ​តុលាការ​តាម​ការ​កោះហៅ​របស់​តំណាង​អយ្យការ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ តែ​បាន​បដិសេធ​មិន​ធ្ធើ​អត្ថាធិប្បាយ និង​ឆ្លើយ​សំណួរ​អ្នកកាសែត​ទេ​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី ថ្ងៃ​ទី​៥ មេ​សា ខណ​:​លោក​បញ្ចប់​ការ​ផ្ដល់​ចម្លើយ​ក្នុង​នាម​ជា​សាក្សី នៅ​អយ្យការ​អម​តុលាការ ក្រុងភ្នំពេញ ។

អ្នក​យក​ព័ត៌មាន​ជា​ច្រើន​នាក់​បាន​រង់ចាំ​លោក ទួន សុ​ជាតិ នៅ​ខាងក្រោម​អគារ​តុលាការ​រាប់​ម៉ោង ប៉ុន្តែ​ពេល​ចុះ​មក​លោក ទួន សុ​ជាតិ បែរជា​បាន​បដិសេធ​មិន​និយាយ​ប្រាប់​អ្នកកាសែត​នូវ​កម្មវត្ថុ​មួយ​ចំនួន​ដែល​តុលាការ​កោះហៅ​លោក​មក​ឆ្លើយ​បំភ្លឺ​នោះ​ទេ ។ លោក​ទួន សុ​ជាតិ បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា សុំ​មិន​និយាយ​អ្វី​ច្រើន​ទេ លោក​រក្សា​ទុក​ការ​និយាយ​ជាមួយនឹង​អ្នកកាសែត​ពេល​មុន​យ៉ាងម៉េច លោក​រក្សា​ដដែល ។

សូម​បញ្ជាក់​ថា ថៅកែ​ហាង​កាត់សក់​យីហោ ខ្មែរ​អង្គរ ឈ្មោះ ទួន សុ​ជាតិ បាន​ត្រូវ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី ចេញ​ដីកា​កោះហៅ​ឲ្យ​ចូល​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០១៦ នេះ ក្នុង​នាម​ជា​សាក្សី​បំភ្លឺ ក្នុង​សំណុំរឿង​ទំនាក់ទំនង​ស្នេហា​រវាង​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​នារី​ឈ្មោះ ខុ​ម ចាន់​ដា​រ៉ា​ទី ហៅ​ស្រី​មុំ ។

ឥឡូវនេះ​ម្ចាស់​ហាង​កាត់សក់ ជា​ថៅកែ​ស្រី​មុំ​បាន​ចូល​តុលាការ​ឆ្លើយ​បំភ្លឺ​រួច​ហើយ តែ​មិន​អត្ថាធិបាយ​អ្វី​ប្រាប់​អ្នកកាសែត​ទេ ។ តែ​លោក ទួន សុ​ជាតិ ធ្លាប់​ត្រូវ​បាន​វិទ្យុ​បរទេស​សម្ភាសន៍​ពី​បញ្ហា​ខ្សែអាត់​សម្លេង​របស់ នារី​ឈ្មោះ ខុ​ម ចាន់​ដា​រ៉ា​ទី ហៅ​ស្រី​មុំ អាយុ​២៥​ឆ្នាំ គឺជា​អតីត​បុគ្គលិក​ក្នុង​ហាង​កាត់សក់​របស់​លោក​មែន ។

លោក សុ​ជាតិ បាន​ប្រាប់​វិទ្យុ​បរទេស​ដដែល​ផ្សាយ​ជា​ភាសា​ខ្មែរ​ថា លោក​បានដឹង​ថា​បុគ្គលិក​របស់​គាត់​ឈ្មោះ​ស្រី​មុំ​នេះ ធ្លាប់​កាត់សក់​ឲ្យ​លោក កឹ​ម សុខា និង​ដឹង​ថា លោក កឹ​ម សុខា ធ្លាប់​ទូរស័ព្ទ​មក​ស្រី​មុំ​មុន​ពេល​ដែល​លោក កឹ​ម សុខា មក​កាត់សក់ នៅ​ក្នុង​ហាង​របស់  គាត់ ។ គាត់​បាន​និយាយ​ថា​លោក កឹ​ម សុខា ជា​អតិថិជន​របស់​ហាង​លោក​យូរ​មក​ហើយ ។

លោក ទួន សុ​ជាតិ ធ្លាប់​បាន​ប្រាប់​អ្នក​សារព័ត៌មាន​មុន​ពេល​ចូល​បំភ្លឺ​តុលាការ​ថា គាត់​បាន​ស្តាប់​សម្លេង​ដែល​គេ​បាន​ផ្សាយ​នោះ​មានការ​ភ្ញាក់ផ្អើល​ពេល​បានឮ​សម្លេង​នោះ ។ គាត់​បាន​ទូរស័ព្ទ​ទៅ​ម្ចាស់​សម្លេង​ដែល​ជា​បុគ្គលិក​គាត់​ឈ្មោះ​ស្រី​មុំ​ដែរ​ក្នុង​រឿង​នេះ ។ គាត់​និយាយ​ថា រឿង​នេះ​បាន​កើតឡើង នៅ​ចុងខែ​ខែកុម្ភៈ ឆ្នាំ​២០១៦ គឺ​សម្លេង​នោះ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក ។

លោក ទួន សុ​ជាតិ ត្រូវ​បាន​គេ​ដកស្រង់​សំដី​លោក​និយាយ​ថា ស្រី​មុំ​បាន​ឈប់​ពី​ការងារ​ពេល​ដែល​រឿង​នេះ​បាន​កើតឡើង ។ គាត់​បាន​អះអាង​ថា ធ្លាប់​ទូរស័ព្ទ​ទៅ​ស្រី​មុំ​ម្តង​ដែរ បន្ទាប់​ពី​រឿង​នេះ​បែកធ្លាយ ។ តែ​ក្រោយមក មិន​អាច​ទាក់ទង​បាន​ទេ បន្ទាប់​ពី​នាង​បាន​ឈប់​ពី​ការងារ​។ ម្ចាស់​ហាង​កាត់សក់​រូប​នេះ បាន​និយាយ​ថា លោក​នឹង​ចូល​បំភ្លឺ​តុលាការ​ប្រសិនជា​មានការ​កោះហៅ ។

ពេល​នេះ​សំណុំរឿង​ខ្សែអាត់​សម្លេង​ស្នេហា​នេះ​បាន​ចូល​ដល់​តុលាការ ខណៈ​ដែល​ថៅកែ​ហាង​បាន​ចូល​បំភ្លឺ​ជា​សាក្សី​ម្នាក់ ក្នុង​ហាង​កាត់សក់​ដែល​ដឹង​ពី​ទំនាក់​ទង​ខ្លះ​រវាង​លោក កឹ​ម សុខា និង​នាង​ស្រី​មុំ ។ ទោះបីជា​បែប​ណា មាន​តែ​លោក កឹ​ម សុខា ទេ​ដែល​មិន​ព្រម​ទទួលស្គាល់ ទោះបីជា​មានការ​ទាមទារ​ពី​ក្រុម​យុវជន និង​និស្សិត​១​ក្រុម​ឲ្យ​លោក​បកស្រាយ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​លើក​ឡើង​ថា ខ្សែអាត់​សម្លេង​នេះ សម្លេង​បុរស​ពិតជា​លោក កឹ​ម សុខា ក៏​ដោយ ។

នៅ​ថ្ងៃ​ទី​៨ មេ​សា ខាង​មុខ នាង​ស្រី​មុំ​ក៏​ត្រូវ​បាន​តុលាការ​កោះហៅ​ឱ្យ​ចូល​បំភ្លឺ​ផង​ដែរ ទាក់ទង​ទៅ​នឹង​ការ​ផ្តល់​សក្ខីកម្ម និង​មាន​អំពើ​ពេស្យាចារ ៕