ជំងឺឆ្លង ដ៏កាចសាហាវបំផុត ទាំង១០ ក្នុងប្រវត្តិសាស្ត្រ ដែលឆក់យកជីវិត មនុស្សអស់ រាប់លាននាក់!

បរទេស៖ វាជាការពិត សព្វថ្ងៃនេះបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ បានដើរទៅមុខលឿនមែនទែន ដែលជួយឲ្យជីវិតរស់នៅ របស់មនុស្ស ហាក់ដូចជាមានភាពប្រសើរជាងមុន។

តួយ៉ាងដូចជា ផ្នែកវេជ្ជសាស្ត្រ ក៏មានការរីកចម្រើន ទៅមុខជាលំដាប់ដែរ ដែលក្នុងនោះថ្នាំពេទ្យ និងវិធីព្យាបាលជំងឺធ្ងន់ធ្ងរ និងកាចសាហាវជាច្រើន ត្រូវបានគេរកឃើញ។ តែយ៉ាងណាមិញ កាលពីជំនាន់ដើម ដោយសារតែមិនទាន់ រីកចម្រើន ដូចពេលបច្ចុប្បន្ន ជំងឺកាចសាហាវជាច្រើនប្រភេទ បានឆក់យកជីវិត មនុស្សអស់មិនតិច និងបង្កសោកនាដកម្ម យ៉ាងធំធេង ទូទាំងពិភពលោកតែម្តង។

ដូច្នេះហើយ ខាងក្រោមនេះគឺជា ប្រភេទជំងឺកាចសាហាវ ទាំង១០ប្រភេទ ដែលបានឆក់យកជីវិតមនុស្ស អស់យ៉ាងច្រើនលើសលប់ តាំងពីដើមរៀងមក ហើយក្នុងនោះក៏មាន ជំងឺមួយចំនួនយើង ធ្លាប់បានស្គាល់ រួចទៅហើយ៖

១០.ជំងឺទន់សរសៃ

ជំងឺប្រភេទនេះ ត្រូវបានគេសង្ស័យថា កើតមានឡើងនៅលើ ពិភពលោកយើង ប្រហែលជា១ពាន់ឆ្នាំមកហើយ។ ជាធម្មតា វាឆ្លងតាមរយៈអាហារ និងទឹកដែលកខ្វក់ ឬក៏មានមេរោគ។ ជំងឺមួយនេះ គឺមានគោលដៅវាយប្រហារ ទៅលើប្រព័ន្ធប្រសាទ ដែលអាចធ្វើឲ្យមនុស្ស មានអាការៈ ឈឺចុកចាប់ត្រង់ជើង និងឈានទៅរកភាពខ្វិន តែម្តង។

គេនៅចាំបានថា ជំងឺមួយនេះផ្ទុះខ្លាំងបំផុត នៅក្នុងសហរដ្ឋអាមេរិក ក្នុងអំឡុងឆ្នាំ១៩៥២ ដែលកាលនោះ ករណីនៃអ្នកកើតជំងឺទន់សរសៃ កើនឡើងដល់ទៅ ៥៧,៦២៨នាក់ ហើយក្រោយមក វ៉ាក់សាំងការពារ ក៏ត្រូវបានរកឃើញ ក្នុងទសវត្សឆ្នាំ១៩៥០ ទើបអាចទប់ស្កាត់ បានច្រើន។ 

៩.ជំងឺគ្រុនរោល

ជំងឺនេះបង្កឡើងដោយ មេរោគតូចៗដែល ចម្លងតាមរយៈ ចៃនៃរាងកាយ។ ជំងឺមួយនេះ គឺរាតត្បាតខ្លាំងមែនទែន នៅក្នុងអំឡុង ទសវត្សឆ្នាំ១៦០០ ជាពិសេសនៅតាម ជំរុំស្នាក់អាស្រ័យ ដែលមិនមានសណ្តាប់ធ្នាប់ និងនៅតាមតំបន់ៗ ដែលក្រីក្រជាដើម។

ជំងឺនេះមាន រោគសញ្ញាផ្តើមចេញពី ឈឺក្បាល, រកកល់ចង់ក្អួត, គ្រុនក្តៅ ហើយក្រោយមក ក៏ធ្វើឲ្យមនុស្ស អស់កម្លាំង និងប៉ះពាល់ដល់ចលនាឈាមរត់ និងឈានទៅរក ការចុះខ្សោយគ្រឿងក្នុង ជាហេតុនាំឲ្យមាន គ្រោះថ្នាក់ដល់ជីវិត។
គេនៅចាំបានថា ក្នុងអំឡុងទសវត្សឆ្នាំ១៦០០ ជំងឺនេះបានឆក់ យកជីវិតមនុស្ស អស់ជាង១០លាននាក់ ហើយលើសពីនេះទៀត ក្នុងសម័យសង្រ្គាម លោកលើកទី១ វាក៏បានសម្លាប់ជីវិត ប្រជាជនរុស្ស៊ី ប៉ូឡូញ និងរ៉ូម៉ានី សរុបដល់ទៅ រាប់លាននាក់ ផងដែរ។

៨.ជំងឺអេដស៍

នេះគឺជាជំងឺដ៏កាចសាហាវបំផុតមួយ ដែលមនុស្សនៅលើ ពិភពលោក បានស្គាល់ និងដឹងអំពីវា សឹងតែគ្រប់ៗគ្នា។ អេដស៍ ចាប់ផ្តើមសាយភាយ រីករាលដាលនៅក្នុង អំឡុងទសវត្សឆ្នាំ១៩៨០ ហើយចាប់តាំងពីពេលនោះមក វាបានឆក់យកជីវិត មនុស្សមិនតិចជាង ២៥លាននាក់ នោះទេ។

៧.ជំងឺគ្រុនចាញ់

ជំងឺដែលឆ្លងតាមរយៈ មូសដែកគោល នេះក៏ជាជំងឺដ៏ សាហាវមួយដែរ ក៏ព្រោះតែអត្រាអ្នកសា្លប់ ដោយសារជំងឺនេះ មានការកើតឡើង ជារៀងរាល់ឆ្នាំ នៅក្នុងពិភពលោក។
ជំងឺគ្រុនចាញ់ កើតមានឡើង តាំងពី៤,០០០ឆ្នាំមុនមកម្ល៉េះ ហើយថ្វីបើពេលបច្ចុប្បន្ននេះ មានថ្នាំព្យាបាល យ៉ាងណាក្តី ក៏ចំនួនមនុស្សស្លាប់ ដោយសារវា នៅតែមានផងដែរ។

គេនៅចាំបានថា អំឡុងសម័យសង្រ្គាម លោកលើកទី១ និងទី២ ទាហានអាមេរិក ប្រហែលជាជាង ១០០,០០០នាក់ ត្រូវបានស្លាប់ ព្រោះតែជំងឺនេះ។

៦.ជំងឺអាសន្នរោគ

វាក៏ជាជំងឺដ៏កាចសាហាវបំផុតមួយដែរ ជាពិសេសកាលពី អតីតកាល ដែលពិភពលោក មិនទាន់មានបច្ចេកវិទ្យា និងថ្នាំសង្កូវ ល្អប្រសើរ។
ក្នុងអំឡុងសតវត្សទី១៩ ជំងឺអាសន្នរោគ បានផ្ទុះឡើងនៅ ក្នុងប្រទេសឥណ្ឌា ហើយមិនយូរប៉ុន្មាន វាក៏រាលដាល ពាសពេញពិភពលោក។

ជំងឺនេះឆ្លងតាមរយៈ ការបរិភោគអាហារ និងផឹកទឹក ដែលមិនស្អាត ជាហេតុនាំឲ្យ មេរោគឆ្លងចូលខ្លួន មនុស្សបានយ៉ាងស្រួល។
គេអាចដឹងបានថា មកទល់ពេលនេះ មានមនុស្សចាប់ពី ៣លាន ទៅដល់៥លាននាក់ហើយ ដែលបានបាត់បង់ជីវិត ព្រោះតែជំងឺនេះ។

ម្យ៉ាងវិញទៀត ជារៀងរាល់ឆ្នាំ មានករណី អ្នកស្លាប់ដោយសារ ជំងឺអាសន្នរោគដល់ទៅ ១២០,០០០នាក់ ឯណោះ។

៥.ជំងឺអុតធំ

ជំងឺអុតធំ ចាប់ផ្តើមកើតមានឡើង មកលើមនុស្ស ក្នុងអំឡុងទសវត្ស ឆ្នាំ១៥០០ ដែលបានបង្កឲ្យមាន មនុស្សជាច្រើន បានស្លាប់។ អាការៈនៃជំងឺនេះ គឺកម្តៅឡើងខ្ពស់ មានកន្ទួលក្រហមយ៉ាងធ្ងន់ធ្ងរ។
គេនៅចាំបានថា ជំងឺមួយនេះ បានឆក់យកជីវិត ប្រជាជនអាមេរិក អស់ជិត៩០លាននាក់ កាលពីអំឡុងពេល ដែលវាចាប់ផ្តើម ផ្ទុះឡើងក្នុងអំឡុង សតវត្សឆ្នាំ១៥០០។

ម្យ៉ាងវិញទៀត នៅចុងសតវត្សទី១៨ ប្រជាជនអ៊ឺរ៉ុប ប្រហែលជា៤សែននាក់ ត្រូវបានស្លាប់ ក្នុង១ឆ្នាំៗ បើទោះជា វ៉ាក់សាំងបង្ការជំងឺនេះ ត្រូវបានរកឃើញ ក្នុងឆ្នាំ១៧៩៦ យ៉ាងណាក្តី។

៤.ជំងឺខាន់លឿង

ជំងឺនេះគឺស្រដៀង ទៅនឹងជំងឺគ្រុនចាញ់ដែរ ដោយសារវាត្រូវ បានចម្លងពីមនុស្សម្នាក់ ទៅមនុស្សតាមរយៈមូស។ ជំងឺមួយនេះ ផ្ទុះឡើងខ្លាំងបំផុត កាលពីអំឡុងឆ្នាំ ១៧៩៣ ក្នុងរដ្ឋ Philadelphia សហរដ្ឋអាមេរិក ដែលកាលនោះ មនុស្សជាង ៤,០០០នាក់ បានស្លាប់បន្តបន្ទាប់គ្នា ក្នុងរយៈពេលត្រឹម ៤ខែប៉ុណ្ណោះ។

មកទល់ពេលនេះ វាបានឆក់យកជីវិតមនុស្ស ជុំវិញពិភពលោក សរុបទៅ រាប់លាននាក់ មកហើយ។ ម្យ៉ាងវិញទៀត សព្វថ្ងៃនេះ ក្នុងតំបន់មួយចំនួននៃទ្វីបអាហ្រ្វិក និងអាមេរិកខាងត្បូង ក៏នៅតែទទួលរង ពីការបៀតបៀននៃ ជំងឺនេះនៅឡើយ។

៣.ជំងឺប៉េស្ត

ជំងឺប៉េស្ត ដែលភាសាអង់គ្លេស ដាក់រហ័ស្សនាមឲ្យថា The Black Death គឺត្រូវបានគេចាត់ទុកថា ជាជំងឺឆ្លងរាលដាល ដ៏ខ្លាំងជាងគេបំផុត នៅលើផែនដីរបស់យើង។
ជំងឺនេះ បានកាត់បន្ថយចំនួនប្រជាជន សឹងតែពាក់កណ្តាល នៃពិភពលោកទៅហើយ ជាពិសេសនៅក្នុងទ្វីបអាស៊ី និងអ៊ឺរ៉ុប ក្នុងអំឡុងសតវត្សទី១៤។
អាការៈនៃជំងឺប្រភេទនេះ គឺឡើងហើមត្រង់ក្រពេញទឹកលឿង គ្រុនក្តៅ ក្អក ខាកស្តោះធ្លាក់ឈាម និងពិបាកក្នុងការ ដកដង្ហើម។

យ៉ាងណាមិញ មកទល់សព្វថ្ងៃនេះ វិជ្ជាពេទ្យ និងថ្នាំពេទ្យ បានអភិវឌ្ឍន៍ ទើបអាចព្យាបាលជំងឺនេះបាន នៅពេលដែលវា ស្ថិតនៅកម្រិតដំបូង ក៏ប៉ុន្តែប្រវត្តិនៃការ ឆ្លងរាលដាល របស់វាគឺពិតជាធ្វើឲ្យយើង ខ្លាចរអាពិតប្រាកដមែន។

២.ជំងឺគ្រុនផ្តាសាយធំ

ជំងឺគ្រុនផ្តាសាយធំ ត្រូវបានចាត់ចូលជាជំងឺ ឆ្លងរាលដាល ដោយបានឆក់យកជីវិតមនុស្ស អស់យ៉ាងច្រើន នៅក្នុងប្រវត្តិសាស្ត្រ ចាប់តាំងពីឆ្នាំ១៩១៨ ដោយបានសម្លាប់ មនុស្សអស់ពី៥០ ទៅដល់១០០លាននាក់ ក្នុងរយៈពេលដ៏ខ្លី។

ម្យ៉ាងវិញទៀត វាក៏បានឆ្លងរាលដាល ពីប្រទេសមួយទៅ កាន់ប្រទេសមួយទៀត ខណៈពេលដែល ក្រុមទាហានដែល ចេញទៅច្បាំងនៅក្នុង សម័យសង្រ្គាមលោកលើកទី២ ធ្វើដំណើរសឹងតែ ពាសពេញពិភពលោក។

ថ្វីបើជំងឺនេះ មើលទៅហាក់ដូចជា ធូរស្រាល និងងាយព្យាបាល នាពេលសព្វថ្ងៃនេះ តែប្រវត្តិនៃការ ឆ្លងរាលដាល និងសម្លាប់មនុស្ស របស់វាគឺពិតជា មិនធម្មតានោះឡើយ។

១.ជំងឺរបេង

ជំងឺរបេង គឺជាជំងឺឆ្លងដ៏កាចសាហាវបំផុតមួយ ដែលតាមយាយី ជីវិតមនុស្សអស់រយៈពេល រាប់ពាន់ឆ្នាំ។ ជំងឺនេះគឺឆ្លងតាមរយៈមេរោគ ដែលមាននៅក្នុង ខ្យល់ឬក៏ ដង្ហើមរបស់អ្នកជំងឺ។ វាបានទៅវាយប្រហារសួត និងធ្វើឲ្យ គ្រឿងក្នុងរបស់មនុស្ស ចុះខ្សោយរហូតដល់មានគ្រោះថ្នាក់ ចំពោះជីវិត។

ក្នុងសតវត្សទី១៩ ជំងឺរបេង បានសម្លាប់ជីវិតមនុស្ស ជាពិសេសមនុស្សវ័យជំទង់ ក្នុងតំបន់អ៊ឺរ៉ុប ដល់ទៅ១ភាគ៤ នៃចំនួនប្រជាជនសរុប។

យ៉ាងណាមិញ ថ្វីបើសព្វថ្ងៃនេះ មានថ្នាំបង្ការ និងព្យាបាលរយៈពេលវែង មកហើយក្តី តែអត្រានៃការឆ្លង គឺនៅតែមាន រហូតដល់ទៅ៨លានករណី ជារៀងរាល់ឆ្នាំ ហើយក្នុងនោះ យ៉ាងហោចណាស់ ក៏ធ្វើឲ្យមនុស្ស ប្រហែលជា២លាននាក់ ស្លាប់ក្នុង១ឆ្នាំៗ ផងដែរ។

ទាំងនេះគឺជា ជំងឺឆ្លងរាលដាល ទាំង១០ មានប្រវត្តិសម្លាប់មនុស្សយ៉ាងរង្គាល និងសាហាវបំផុតនាពេលអតីតកាល ដែលគេហទំព័រខ្មែរឡូត ធ្វើការស្វែងរកព័ត៌មានពីប្រភពបរទេសនានា យកមកប្រែសម្រួលជូនមិត្តអ្នកអាន ជ្រាបជាចំណេះដឹង និងស្វែងយល់៕

ប្រភព៖ | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត