កាយ​វប្បកម្ម​កម្ពុជា​​​រក​ជំនួយ ​ក្រោយ​ឈ្នះ​មេដាយ​លំដាប់​ពិភព​លោក​តែ​គ្មាន​អ្នក​ខ្វល់

ក្រុម​​កីឡា​កាយវប្បកម្ម​កម្ពុជា​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​៣ (មេដាយ​សំរឹទ្ធ) ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​កាយវប្បកម្ម​ពិភព​លោក កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ ​ប៉ុន្តែ​ការ​ទទួល​បាន​លទ្ធផល​ល្អ​នេះ ហាក់​មិន​មាន​ខាង​ណា​ជួយ​លើក​ទឹក​ចិត្ត​ឧបត្ថម្ភ​ដល់​កីឡាករ​ឡើយ ដែល​ធ្វើ​​ឲ្យ​ពួក​គេ​​មាន​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។

 

កាយ​វប្បកម្ម​កម្ពុជា​​​រក​ជំនួយ ​ក្រោយ​ឈ្នះ​មេដាយ​លំដាប់​ពិភព​លោក​តែ​គ្មាន​អ្នក​ខ្វល់ក្រុមកីឡា​កាយវប្បកម្ម

 

លោក ទឹក ប៊ុនវី ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​បាន​​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​កីឡាករ​កាយ​វប្បកម្ម​នៅ​កម្ពុជា​មាន​សមត្ថភាព​ច្រើន ​ប៉ុន្តែ​ហាក់​ដូចជា​បាក់​ទឹក​ចិត្ត​ទៅ​ហើយ បន្ទាប់​ពី​ពួកគេ​បាន​ជួយ​ស្វែង​រក​មេដាយ​ជូន​ជាតិ​ជា​ច្រើន​ក្នុង​កម្មវិធី​អន្តរជាតិ ប៉ុន្តែ​មិន​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​អ្វី​នោះ​ទេ។ តួ​យ៉ាង​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ​កីឡា​កាយ​វប្បកម្ម​កម្ពុជា​បាន​ស្វែង​រក​មេដាយ​ជូន​ជាតិ​ដល់​ទៅ​៤​គ្រឿង​ឯណោះ ដោយ​ក្នុង​នោះ​មាន​ប្រាក់​១ សំរឹទ្ធ​៣ ប៉ុន្តែ​មិន​ទាន់​​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្្ត​ពី​​ស្ថាប័ន​ណា​មួយ​នៅ​ឡើយ​ទេ។​

 

មេដាយ​ទាំង​៤​នេះ គឺ​កម្ពុជា​រក​បាន​ក្នុង​កម្មវិធី កាយ​វប្បកម្ម​ពិភព​លោក​បាន​​១​​គ្រឿង​នៅ​ឆ្នាំ​២០១៥ នៅ​ប្រទេស​ថៃ​ដោយ​កីឡាករ សំ បូណាន (មេដាយ​សំរឹទ្ធ) កម្ម​វិធី​នៅ​តំបន់​អាស៊ី​មួយ​គ្រឿង​នៅ​ប្រទេស​វៀតណាម​​ដោយ​កីឡាករ​ សុខ សុភ័ក្រ (មេដាយ​ប្រាក់)​ ​និង​កម្មវិធី​ប្រកួត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​២​គ្រឿង នៅ​ប្រទេស​សិង្ហបុរី ដោយ​កីឡាករ ទឹក ប៊ុនវី ​និង​ ហេង ប៊ុននាង (មេដាយ​សំរឹទ្ធ)។

 

កាយ​វប្បកម្ម​កម្ពុជា​​​រក​ជំនួយ ​ក្រោយ​ឈ្នះ​មេដាយ​លំដាប់​ពិភព​លោក​តែ​គ្មាន​អ្នក​ខ្វល់

សំ បូណាន

 កាយ​វប្បកម្ម​កម្ពុជា​​​រក​ជំនួយ ​ក្រោយ​ឈ្នះ​មេដាយ​លំដាប់​ពិភព​លោក​តែ​គ្មាន​អ្នក​ខ្វល់តឹក ប៊ុនវី

 

លោក តឹក ប៊ុនវី ​បាន​បន្ថែម​ទៀត​ថា ​កីឡាករ​ដែល​ហាត់​កីឡា​កាយវប្បកម្ម​ទាំង​អស់​ត្រូវ​ចំណាយ​ច្រើន​ចំពោះ​ការ​ហូប​ទុក ដើម្បី​ឱ្យ​មាន​រាងកាយ​រឹងមាំ​អាច​បង្ហាញ​ឱ្យ​សាច់ដុំ​ឱ្យ​ស្អាត​បាន ដូច្នេះ​ប្រសិន​បើ​ទៅ​ប្រកួត ហើយ​ទទួល​បាន​មេដាយ​តែ​មិន​បាន​ប្រាក់​លើក​ទឹក​ចិត្ត នោះ​ពួកគេ​ប្រហែល​ជា​គ្មាន​កម្លាំង​ទៀត​នោះ​ទេ។

 

​កីឡា​កាយវប្បកម្ម​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ មាន​កីឡាករ​ប្រហែល​ជា​៥០​នាក់​​ដែរ ដែល​កំពុង​ហ្វឹកហាត់ ប៉ុន្តែ​ក្នុង​ចំណោម​នោះ​មាន​តែ​ប្រហែល​ជា​៦​ទៅ​៧​នាក់​ប៉ុណ្ណោះ ​ដែល​អាច​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​បាន​រាល់​ឆ្នាំ ប៉ុន្តែ​មិន​ដែល​បាន​ប្រាក់​លើក​ទឹកចិត្ត​អ្វី​នោះ​ទេ៕

 

អត្ថបទ៖ មុន្នី រម្យ