លោក អ៊ឹម ឈុនលឹម ជឿជាក់​លើ លោក ជា សុផារ៉ា ដែលមាន​បទពិសោធន៍​រៀបចំ​រាជធានី​

​លោក អ៊ឹម ឈុនលឹម ជឿជាក់ថា លោក ជា សុផារ៉ា ដែលជា​អ្នក​បន្តវេន​ពី​លោក​ក្នុងការ​ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គឺជា​មនុស្ស​ដែលមាន​សមត្ថភាព ដោយ​លោក​មានបទពិសោធន៍​ដ៏​ជោគជ័យ​ក្នុងតួនាទី​ជា​អភិបាល​រាជធានី​ភ្នំពេញ មុន​ក្លាយជា​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី និង​ជា​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​។​

​ថ្លែង​ក្នុង​ពិធី​ផ្ទេរតំណែង​ក្រោម​អធិបតីភាព​សម្តេច ស ខេង លោក អ៊ឹម ឈុនលឹម ដែល​ក្លាយជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​គូសបញ្ជាក់ថា​៖ «​ខ្ញុំ​សង្ឃឹម​ជឿជាក់ថា ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​នៃ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដែល​ឯកឧត្តម​ក៏​ធ្លាប់​រួម​ប្រាស្រ័យ ដឹកនាំ​ការងារ​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់  រួម​អា​ណិ​ត្ត នៃ​នីតិកាល​រដ្ឋសភា​ផងដែរ ទន្ទឹមនឹង​ឯកឧត្តម​ធ្លាប់មាន​បទពិសោធ​ដឹកនាំ​ការងារ​អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម​ពិតជា នឹង​សម្រេចបាន​ជោគជ័យ ក្នុងការ​អភិវឌ្ឍ​ក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បន្តទៀត ជាពុំខាន​»​។​

​លោក អ៊ឹម ឈុនលឹម​ថា ចំណុច​សេសសល់ សំខាន់ៗ​មួយចំនួន ដែល​សន្និបាត​ប្រចាំ ឆ្នាំ​ក្រសួង​បាន​រកឃើញ ដូចជា ការបណ្តុះបណ្តាល និង​ផ្សព្វផ្សាយ គោលនយោបាយ ឯកសារ​គតិយុត្តិ ដល់​មន្ត្រី បុគ្គលិក​ផ្ទាល់ និង​សាធារណជន​, ការងារ​ពង្រឹងសមត្ថភាព​មន្ត្រី ការពង្រឹង​អភិបាលកិច្ច​ល្អ​ជូន​អតិថិជន និង​ប្រសិទ្ធ​ស្ថាប័ន​, ការរៀបចំ​បញ្ចប់​បញ្ជី​វិភាគ​មុខងារ និង​បញ្ជី​ត្រួតពិនិត្យ​មុខងារ​ឡើងវិញ ដើម្បី ផ្ទេរ​មុខងារ និង​ធនធាន​សាកល្បង​ទៅ​ថ្នាក់ ក្រោម​ជាតិ និង​ការពង្រឹង​ច្បាប់ ការចេញ​អាជ្ញា​បណ្ណ​ប្រកប​វិជ្ជាជីវៈ​សំណង់ ដើម្បី​ឆ្លើយតប​នឹង​កំណើន​វិនិយោគ​ក្នុងប្រទេស និង​តំបន់ ព្រមទាំង​ទប់ស្កាត់​ប៉ះពាល់​នានា​៕