សភា​មី​យ៉ាន់​ម៉ា អនុម័ត​ច្បាប់​តែងតាំង​លោកស្រី​ស៊ូ​ជី​ជា «​ទី​ប្រឹក្សា​កំពូល​រដ្ឋ​» ជា​ផ្លូវការ​

​សភា​ជាន់​ទាប​មី​យ៉ាន់​ម៉ា បានអនុម័ត​ជា​ផ្លូវការ​លើ​សេចក្តីព្រាងច្បាប់​ថ្មី​ដែល​តែងតាំង​ប្រមុខ​បក្ស​កាន់អំណាច​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ លោកស្រី​អ៊ុង​សាន ស៊ូ​ជី ជាទី​ប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា​ដែលជា​តំណែង​កំពូល និង​មាន​ឥទ្ធិពល​មួយ​ទៅលើ​រដ្ឋាភិបាល​ថ្មី​ដែល​ទើបតែ​ឡើងកាន់តំណែង​នោះ​។

​នៅ​ថ្ងៃ​អង្គារ​ទី​០៥ ខែមេសា​នេះ សភា​ជាន់​ទាប​មី​យ៉ាន់​ម៉ា បានអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ទីប្រឹក្សា រដ្ឋ​ដោយ​មិនមាន​ការកែប្រែ​លើ​បទបញ្ញត្តិ​ណាមួយ​នោះទេ​។ ការអនុម័ត​នេះ ធ្វើឡើង​បន្ទាប់ពី​មានការ ជជែក​ដេញដោល និង​ទទួលបាន​សំឡេងគាំទ្រ​ភាគច្រើន​ពី​សភា​ជាន់ខ្ពស់​ផងដែរ​នោះ​។​

​ច្បាប់​ថ្មី​ស្តីពី​ការតែងតាំង​លោកស្រី អ៊ុង​សាន ស៊ូ​ជី ជាទី​ប្រឹក្សា​រដ្ឋ​ដែល​បានដាក់​ទៅ​សភា​ជាន់ខ្ពស់​តាំង ពីស​បា្ហ​ហ៍​មុន​នោះ មាន​បទបញ្ញត្តិ​សរុប​៥​ជំពូក និង​៨​មាត្រា ដែល​បានផ្តល់​សិទ្ធិ​ឲ្យ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ដើម្បី​ទំនាក់ទំនង​ជាមួយនឹង​ក្រសួង​នៃ​រដ្ឋាភិបាល​ថ្មី និង​ស្ថាប័ន​ទាំងអស់​ដែល​ពាក់ព័ន្ធ​ដើម្បី​សម្រេច​ការងារ​របស់លោក​ស្រី​។ តាមច្បាប់​នោះដែរ ជាទី​ប្រឹក្សា​រដ្ឋ លោកស្រី ស៊ូ​ជី មាន​អាណត្តិ​ស្មើនឹង​ប្រធានាធិបតី​ដែរ​។

​សូមបញ្ជាក់​ផងដែរ​ថា លោកស្រី អ៊ុង​សាន ស៊ូ​ជី ទើបតែ​បាន​ស្បថ​ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រី​នៃ​ក្រ សួង​ចំនួន​នៃ​គណៈរដ្ឋមន្ត្រី​ថ្មី​។ តែ​ក្រោយមក លោកស្រី បាន​បោះបង់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​ពីរ​វិញ​ហើយ​។

​អ្វីដែល​គួរកត់សម្គាល់​នោះ ការកាន់កាប់​តួនាទី​របស់លោក​ស្រី ត្រូវបាន​គេ​ផ្ទៀងផ្ទាត់​ជាមួយនឹង​ការអះអាង​របស់លោក​ស្រី​កន្លងមក ដែលថា បើទោះបីជា​លោកស្រី មិនអាច​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​ក៏ដោយ លោកស្រី នឹងមាន​«​តំណែង​ខ្ពស់ជាង​ប្រធានាធិបតី​ទៅទៀត​»​។ លោកស្រី ស៊ូ​ជី មិន​អាចមាន​បេក្ខភាព​ជា​ប្រធានាធិបតី​បានឡើយ ដ្បិត​មានការ​ហាមឃាត់​ពី​មាត្រា​៥៩ នៃ​រដ្ឋ​ធម្ម​នុ ញ្ញ​មី​យ៉ាន់​ម៉ា​៕