សង្ក្រាន្ត​ភូមិ​យើង ទទួល​ឆ្នាំ​ថ្មី​ផង​ និង ដើម្បី​ការ​អាន​របស់​កុមារ​ផង

សង្ក្រាន្ត​ភូមិ​យើង ទទួល​ឆ្នាំ​ថ្មី​ផង​ និង ដើម្បី​ការ​អាន​របស់​កុមារ​ផង

 

ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​កាន់តែ​ខិតចូល​មកដល់ ហើយ​គេ​សង្កេតឃើញ​ថា នៅ​តាម​សាលា​មួយ​ចំនួន​ក៏​មាន​រៀបចំ​កម្មវិធី​សង្ក្រាន្ត​សម្រាប់​សាលា​របស់​ខ្លួន​ផងដែរ។ ចំណែក​នៅ​ក្នុង​វិទ្យាល័យ​ព្រះមុនីវង្ស​វិញ ក៏​មាន​ការរៀបចំ​កម្ម​វិធី​ដើម្បី​ទទួល​ឆ្នាំ​ថ្មី​ផង ដែល​កម្មវិធី​នេះ​ រៀបចំឡើង​ដោយ​អតីត​យុវសិស្ស​នៃ​វិទ្យាល័យ​ព្រះមុនីវង្ស​សហការ​ជាមួយ​នឹង​យុវសិស្ស​ ដែល​កំពុង​សិក្សា​នៅ​វិទ្យាល័យ​នេះ​នា​ពេល​បច្ចុប្បន្ន ដែល​គេ​អោយ​ឈ្មោះថា កម្មវិធី​សង្ក្រាន្ត​ភូមិ​យើង ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី១០ ខែ មេសា​ឆ្នាំ ២០១៦។

 
សង្ក្រាន្ត​ភូមិ​យើង ទទួល​ឆ្នាំ​ថ្មី​ផង​ និង ដើម្បី​ការ​អាន​របស់​កុមារ​ផង

 

កញ្ញា កែម​ច័ន្ទ​បុប្ផា សមាជិក​នៃ​ក្រុមការងារ​រៀបចំ​កម្មវិធី​សង្ក្រាន្ត​ភូមិ​យើង​បាន​ប្រាប់​ថា កន្លងមក​វិទ្យាល័យ​ព្រះមុនីវង្ស​តែងតែ​បាន​​រៀបចំ​កម្មវិធី​លេងល្បែង​កម្សាន្ត​នៅ​ក្នុង​សាលា​ ដើម្បី​អបអរ​ទទួល​ឆ្នាំ​ថ្មី​ជានិច្ច តែ​កម្មវិធី​ឆ្នាំនេះ​ធំ ​និង​ប្លែក​ពី​ឆ្នាំមុន។ កម្មវិធី​ឆ្នាំនេះ ​ធ្វើឡើង​រយៈពេល​មួយថ្ងៃ​ដូចគ្នា​នឹង​ឆ្នាំមុន​គឺ​ចាប់​ផ្តើម​ពី​ព្រឹក​តទៅ​រហូតដល់​ល្ងាច មានការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ផងដែរ។

 

ចំណែក​ឯ​ភាព​ខុសប្លែក​គ្នា​នោះ កញ្ញា​បុប្ផា​បាន​រៀបរាប់​ថា កម្មវិធី​នេះ​ មាន​បន្ថែម​ការ​ប្រគំ​តន្ត្រី​ខ្នាត​កណ្ដាល​រាំ​លេង​កម្សាន្ត​ ដោយមាន​ការចូលរួម​ពី​ក្រុម​តន្ត្រី​យុវវ័យ និង​មាន​ស្តង់​លក់​អាហារ ​និង​ភេសជ្ជៈ​រៀបចំ​លក់​ដោយ​សិស្ស​ថ្នាក់​ទី ១២ នៃ​វិទ្យាល័យ​ព្រះមុនីវង្ស​ផងដែរ។ ពិសេស​ជាងនេះ​ទៅទៀត កម្មវិធី​ក៏​មាន​ភ្ជាប់​នូវ​វត្ថុបំណង​ជួយ​ជំរុញ​ការ​អាន​របស់​កុមារ​កម្ពុជា​អោយ​កាន់តែ​ភាព​ប្រសើរ​ផងដែរ​ ព្រោះ​មិន​ត្រឹមតែ​បង្កើត​ឡើង​ដើម្បី​ការ​សប្បាយ​នៅ​ថ្ងៃ​ចូល​ឆ្នាំថ្មី​នោះទេ តែ​ក៏​មាន​បំណង​រៃអង្គាស​ថវិកា​​សម្រាប់​យក​ទៅ​ជួយ​រៀបចំ​បណ្ណាល័យ​តូច​មួយ​នៅ​ក្នុង​សាលាបឋមសិក្សា​ស្ថិត​ក្នុង​ភូមិ​ជ្រោយ​ស្នារ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ដែល​ជួបប្រទះ​កង្វះខាត​សៀវភៅ​សម្រាប់​អាន។ អ្នក​ទាំងអស់​គ្នា​ ក៏​អាច​ចូលរួម​បរិច្ចាគ​ប្រាក់​សម្រាប់​ជួយ​ដល់​កុមារ​របស់​យើង​តាមរយៈ​ការ​ជួយ​ទិញ​អាវយឺត ​និង​អាហារ ភេសជ្ជៈ​ផ្សេងៗ​ដែល​លក់​ក្នុង​បរិវេណ​សាលា។

 

សម្រាប់​ការចូលរួម​វិញ អ្នក​រៀបចំ​កម្មវិធី​រូប​នេះ​បាន​បញ្ជាក់​ថា “ពួក​យើង​ចង់​រៀបចំ​ទី​វិទ្យាល័យ​ព្រះមុនីវង្ស​អោយ​ដូចជា​ភូមិ​មួយ ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ ​និង​បើក​ស្វាគមន៍​ជានិច្ច​ដល់​យុវជន​និង​សិស្សសាលា​ផ្សេងៗទៀត​អោយ​មក​ចូលរួម​លេង​កម្សាន្ត​ទាំង​អស់គ្នា​ដើម្បី​ញាំង​បរិយាកាស​អោយ​កាន់តែ​ភាព​អ៊ូអរ​ថែមទៀត”៕

 
សង្ក្រាន្ត​ភូមិ​យើង ទទួល​ឆ្នាំ​ថ្មី​ផង​ និង ដើម្បី​ការ​អាន​របស់​កុមារ​ផង

 

សង្ក្រាន្ត​ភូមិ​យើង ទទួល​ឆ្នាំ​ថ្មី​ផង​ និង ដើម្បី​ការ​អាន​របស់​កុមារ​ផង

 

អត្ថបទ៖ ហួន ទីណារ័ត្ន