ទំនាយ​ជោគ​ជតា​រា​សី​ប្រចាំ​ឆ្នាំ​ របស់​អ្នក​ក្នុង​ឆ្នាំ​វក

ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​​ នឹង​ចូល​មក​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។ Sabay សូម​បង្ហាញ​ជូន​ពី​ដំណើរ​ជោគ​រាសី​របស់​លោក​អ្នក​ពី​​ភ័ព្វ​សំណាង​ឬ​រឿង​រ៉ាវ​ផ្សេង​ៗ​ប្រចាំ​ឆ្នាំ​វក អដ្ឋស័ក ដែល​ដក​ស្រង់​ពី​មហា​សង្ក្រាន្ត រៀប​រៀង​ដោយ​លោក អ៊ឺម បូ​រិន្ទ ដូច​ខាង​ក្រោម​នេះ៖

 

ទំនាយ​ជោគ​ជតា​រា​សី​ប្រចាំ​ឆ្នាំ​ របស់​អ្នក​ក្នុង​ឆ្នាំ​វក
@ឆ្នាំ​ជូត

 

-បើ​មនុស្ស​ប្រុស​ទំនាយ​ថា៖ ក្នុង​ឆ្នាំ​នេះ ​ជា​ឆ្នាំ​ដែល​អ្នក​នឹង​បាន​ការងារ​ធ្វើ​ បើ​សិន​ជា​ការ​រៀប​ចំ​មង្គល​ការ​ផ្ទាល់​ខ្លួន​មុខ​ជា​បាន​សម្រេច​ដូច​សេចក្ដី​ប្រាថ្នា ជួប​លាភ​ផល​យ៉ាង​បន្ទាន់ តែ​បើ​ទោះ​ទៅ​ជា​យ៉ាង​នោះ​ក៏​ដោយ ក៏​គង់​តែ​នៅ​មាន​មនុស្ស​ឫស្សា​ចំពោះ​លទ្ធផល​របស់​អ្នក​ជានិច្ច​នៅ​ក្នុង​រឿង​នេះ​អ្នក ​កុំ​គប្បី​ខ្លាច​ឲ្យ​សោះ ​ព្រោះ​មាន​គេ​រង់​ចាំ​ជួយ​ឈឺ​ឆ្អាល​អ្នក​ពេញ​ទំហឹង អ្នក​ចូល​ប្រយ័ត្ន​មនុស្ស​មាន​ទុក្ខ​ទោស​គ្រប​សង្កត់​ណា​មួយ​មក​បញ្ចុះ​បញ្ចូល​លើក​ជើង​អ្នក​ឲ្យ​ចូល​រួម​ការងារ​ជាមួយ​គេ ​ទោះ​ការងារ​នោះ​មាន​សភាព​យ៉ាង​ណា​ក៏​ដោយ​សុទ្ធ​តែ​មិន​បរិសុទ្ធ​ទាំង​អស់។ ហើយ​មិន​គួរ​លី​សែង​រែក​ពុន​លើក​ដាក់​របស់​ធ្ងន់​ៗ​ហួស​ពេក​ទេ ព្រោះ​អាច​មាន​ការ​ថ្លោះ​ចង្កេះ​ឬ​គ្រេច​ឆ្អឹង​ខ្នង ឬ​មាន​ការ​ឈឺ​ថ្កាត់​បាន​ដោយ​ងាយ។
 

-បើ​ជា​មនុស្ស​ស្រី​ទំនាយ​ថា៖ ក្នុង​ឆ្នាំ​នេះ​ជា​ឆ្នាំ​សម្រេច​លាភ​ផល​ជូន​ដល់​កណ្ដាប់​ដៃ​យើង​ ហើយ​ខ្លួន​អ្នក​ត្រូវ​បាន​ជោគ​ជ័យ​គ្រប់​ប្រការ ហើយ​នឹង​បាន​ទទួល​ការ​លើក​តម្កើង​ពី​មនុស្ស​ទូទៅ​ថា​បើ​អ្នក​បាន​រៀប​មង្គលការ​ក្នុង​ឆ្នាំ​នេះ​ រាប់​ថា​ល្អ​​ហើយ ទោះ​បី​ជា​សត្រូវ​កាច​ប៉ុន​ប៉ង​ប្រទុស្តរាយ​យ៉ាង​ដូច​ម្ដេច​ក៏ដោយ ក៏​អ្នក​អាច​គេច​ផុត​បាន​ទាំង​អស់ ប៉ុន្តែ​ឧបសគ្គ​របស់​អ្នក​ក៏​មិន​​សូន្យ​ដែរ ចំពោះ​ក្រុម​ញាតិ​ព័ន្ធ​នឹង​ផ្ដល់​នូវ​សេចក្ដី​រំខាន​ដល់​អ្នក​មួយ​ចំនួន​នៅ​ក្នុង​រយៈ​ឆ្នាំ​នេះ។

 

@ឆ្នាំ​ឆ្លូវ

 

-បើ​ជា​មនុស្ស​ប្រុស​ទំនាយ​ថា៖ ជោគ​រាសី​របស់​អ្នក​ល្អ​ជា​ទី​បំផុត លោក​អ្នក​មាន​សេចក្ដី​សុខ​សម្រាន្ត​យ៉ាង​លើស​លុប ហើយ​បាន​គាប់​ចិត្ត​គ្រប់​យ៉ាង នូវ​មាន​គេ​​នាំ​កំណល់​រង្វាន់​មក​ឲ្យ​ដល់​កន្លែង។ នៅ​ក្នុង​បន្ទុក​ក្រុម​គ្រួសារ​មាន​សេចក្ដី​សុខ​យ៉ាង​ក្រៃ​លែង។ ក្នុង​ឆ្នាំ​នេះ បើ​លោក​មាន​បំណង​ធ្វើ​ការងារ​អ្វី ឬ​បើក​មុខ​ជំនួញ​ជួញ​ដួរ​មុខ​ជា​បាន​សម្រេច​ផល​យ៉ាង​ពិត​ប្រាកដ ប៉ុន្តែ​ថា​អ្នក​កុំ​ផ្ដេក​ផ្ដួល​នឹង​ការ​ជួយ​ឈឺ​ឆ្អាល​ពី​គេ​​​​ខ្លាំង​ពេក​នៅ​ក្នុង​រឿង​រាប់​អាន​ស្រលាញ់​ទុក​ចិត្ត​គួរ​តែ​ប្រយ័ត្ន​ឲ្យ​មែន​ទែន​ហើយ ខំ​ស្ទាប​ស្ទង់​បន្តិច​ផង។

 

-បើ​ជា​មនុស្ស​ស្រី​ទំនាយ​ថា៖ ជា​ឆ្នាំ​ដែល​ជោគ​ជតា​រា​សី​លោក​អ្នក​មិន​សូវ​ជា​ល្អ លោក​អ្នក​និង​មាន​ចិត្ត​ខ្វល់​ខ្វាយ​ច្រើន​អនេក​មិត្តភ័ក្ដិ​ជា​ទី​ស្រលាញ់​ឬ​ញាតិ​សន្តាន​ដែល​មាន​គុណ​បំណាច់​លើ​រូប​អ្នក​នឹង​ត្រូវ​និរាស​គ្នា មិន​តែ​ប៉ុណ្ណោះ​អ្នក​ត្រូវ​ខូច​ខាត​ផល​ប្រយោជន៍​ខ្លះ​ទៀត​ផង តាម​ការ​ពិត​អ្នក​មិន​ត្រូវ​រង​ទុក្ខ​ក្ដៅ​ណាស់​ណា​ទេ បើ​ទុក​ជា​មាន​ឧបសគ្គ​ក្នុង​ការងារ​របស់​អ្នក​ខ្លះ​ក៏​គង់​នឹង​សាប​រលាប​ទៅ​វិញ​បាន ដោយ​សារ​ពេល​នេះ​មាន​គេ​ជួយ​ឈឺ​ឆ្អាល​ឲ្យ​អ្នក​បាន​សុខ​សាន្ត រី​ឯ​ភឿន​របស់​អ្នក​ក៏​បាន​ត​ទល់​ជួយ​យ៉ាង​ស្វិត​ស្វាញ ជួន​កាល​ឆ្នាំ​នេះ ​អ្នក​ត្រូវ​រុះ​រើ​ផ្ទះ​សម្បែង​ជួស​ជុល​ ​ឬ​ធ្វើ​ថ្មី​ផង​ក៏​ថា​បាន។

 

@ឆ្នាំ​ខាល៖

 

-បើ​ជា​មនុស្ស​ប្រុស​ទំនាយ​ថា៖ ជា​ឆ្នាំ​ដែល​អ្នក​ត្រូវ​ឃ្លាត​ពី​ទី​កន្លែង បើ​សិន​ជា​មិន​ដូច្នោះ​ទេ អ្នក​មុខ​ជា​ត្រូវ​នឿយ​ណាយ​ធុញ​ទ្រាន់​នឹង​កន្លែង​ចាស់ ឬ​ត្រូវ​ផ្លាស់​ប្ដូរ​ទី​លំ​នៅ​ផង​ក៏​មាន ពុំ​នោះ​សោត​នា​ទី​ការពារ​របស់​អ្នក​នឹង​ត្រូវ​រុះ​រើ​ជា​ថ្មី។ បើ​មាន​ការ​លក់​ដូរ​ជំនួញ​ជួញ​ប្រែ​ជា​អាជីព ការ​នេះ​នឹង​បណ្ដាល​ជា​ហេតុ​ឲ្យ​មាន​សេចក្ដី​តឹង​ចង្អៀត​ខ្លះ​ៗ។ តំណ​ទៅ​ពេល​ខាង​មុខ​ក្នុង​ឆ្នាំ​នេះ​ អ្នក​នឹង​មាន​ការ​ស្កៀប​រមាស់​រង្គោះរង្គើ​ដល់​ក្រុម​ហ៊ុន បើ​មាន​ជើង​ឈ្នួល​ក្នុង​បន្ទុក​វា​នឹង​ធ្វើ​មោះ​មិន​គាប់​ឲ្យ​អ្នក​មាន​សេចក្ដី​ហ្មង​មួរ​ជា​រឿយ​ៗ មួយវិញទៀត ញាតិ​ព័ន្ធ ឬ​មិត្តភ័ក្ដិ​នឹង​កើត​ជា​ក្ដី​អង្គាស​ឫស្យា​ដល់​អ្នក​ដោយ​បំពាន​លើ​ផល​ល្អ​និង​សេចក្ដី​ចម្រើន​របស់​អ្នក ហេតុការណ៍​ទាំង​អស់​នេះ ចូរ​កុំ​ភ្លេច​ស្មារតី​ឲ្យ​សោះ។ បើ​យ៉ាង​ហោច​ណាស់​នៅ​ក្នុង​ឆ្នាំ​នេះ អ្នក​នឹង​មាន​វិបត្តិ​ឈឺ​ថ្កាត់​មិន​ខាន​ឡើយ។

 

-បើ​ជា​មនុស្ស​ស្រី​ទំនាយ​ថា៖ ជា​ឆ្នាំ​ដែល​ជោគ​ជតា​រាសី​របស់​អ្នក​មិន​សូវ​ជា​ល្អ លោក​អ្នក​មិន​សូវ​បាន​រីករាយ​សោះ​ឡើយ មិត្តភ័ក្ដិ​ឬ​មនុស្ស​ធ្វើ​ការ​ជាមួយ​អ្នក​គេ​ជា​មនុស្ស​អាប់​ជោគ​ថោក​រាសី​ដឹក​នាំ​អ្នក​ឲ្យ​ខូច​ខាត​ទុន ក្នុង​រយៈ​ឆ្នាំ​នេះ អ្នក​មិន​គួរ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ពេក​ទេ សូម្បី​តែ​បើក​ហាង​លក់​ដូរ​ឥវ៉ាន់​ថ្មី​ឬ​ប្រកប​កិច្ចការ​យ៉ាង​ណា​ក៏​ដោយ អ្នក​កុំ​ធ្វេស​ប្រហែស​ឲ្យ​សោះ ហើយ​មិន​គួរ​ពឹង​រក​ឲ្យ​គេ​ជួយ​ទុក្ខ​ធុរៈ​ខ្លួន​ជា​ដាច់​ខាត។ តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ​សេចក្ដី​មានះ​ព្យាយាម​យ៉ាង​ប្ដូរ​ផ្ដាច់។

 

ទំនាយ​ជោគ​ជតា​រា​សី​ប្រចាំ​ឆ្នាំ​ របស់​អ្នក​ក្នុង​ឆ្នាំ​វក

រូបតំណាង

 

@ឆ្នាំ​ថោះ

 

-បើ​ជា​មនុស្ស​ប្រុស​ទំនាយ​ថា៖ ជា​ឆ្នាំ​ដែល​ជោគ​ជតា​រាសី​របស់​លោក​អ្នក​បាន​ល្អ​ប្រសើរ និង​បាន​លាភ​ធំ តែ​មុន​នឹង​កើត​លាភ​អ្នក​ត្រូវ​បាត់​បង់​ទ្រព្យ​របស់​ជា​មុន​សិន​ហេតុ​នេះ​ត្រូវ​ប្រយ័ត្ន​ខ្លួន​បន្តិច ព្រោះ​ត្រូវ​ចោរកម្ម​វា​មាន​បំណង​ទុក បន្ទាប់​ពី​នោះ​ទៅ​មក​នឹង​ត្រូវ​បាន​ទទួល​ដំណែង​ថ្មី​មាន​នា​ទី​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់ ឯ​ជោគ​លាភ​ដែល​អ្នក​ត្រូវ​បាន​នោះ​នឹង​បាន​មក​ពី​ទី​ឆ្ងាយ ហើយ​លោក​អ្នក​ត្រូវ​ខំ​រក្សា​សុខភាព​ឲ្យ​បាន​ល្អ​ព្រោះ​អាច​មាន​ជំងឺ​តម្កាត់​ខ្លះ​ផង​នៅ​ក្នុង​ឆ្នាំ​នេះ។

 

-បើ​ជា​មនុស្ស​ស្រី​ទំនាយ​ថា៖​ លោក​អ្នក​មិន​សូវ​បាន​ស្រួល​បួល​ទេ​ គឺ​ថា​អ្នក​ត្រូវ​តែ​ជួប​ប្រទះ​នឹង​ឧបសគ្គ​ជា​ញឹក​ញាប់​ក្នុង​ដំណើរ​ជីវិត​របស់​អ្នក។ប៉ុន្តែ​អ្នក​ត្រូវ​ខំ​តាំង​ចិត្ត​ពុះ​ពារ​និង​ប្រឹង​រម្ងាប់​ចិត្ត​ទប់​ទល់​នឹង​អធិករណ៍​នេះ​ឲ្យ​មែន​ទែន ហើយ​គួរ​តាំង​ចិត្ត​ធ្វើ​ការ​ងារ​ឬ​កិច្ចការ​យ៉ាង​ណា​នោះ​ដោយ​សេចក្តី​ឧស្សាហ៍​និង​ស្វាហាប់​ខំ​បំពេញ​ឲ្យ​បាន​អង់​អាច​ជានិច្ច។ បើ​អ្នក​ធ្វើ​យ៉ាង​នេះ​បាន ទើប​អ្នក​បាន​ជោគ​ជ័យ​គ្រាន់​បើ​ឡើង​វិញ​បន្តិច​ក្នុង​រវាង​ដែល​លោក​អ្នក​មាន​អាយុ​ប៉ុណ្ណេះ។

 

@ឆ្នាំ​រោង៖

 

-បើ​ជា​មនុស្ស​ប្រុស​ទំនាយ​ថា៖រាសី​លោក​អ្នក​មិន​សូវ​បាន​ស្រួល​បួល​ទេ គឺ​ថា​អ្នក​ត្រូវ​តែ​ជួប​ប្រទះ​នឹង​ឧបសគ្គ​ជា​ញឹក​ញាប់​ក្នុង​ដំណើរ​ជីវិត​របស់​អ្នក។ ប៉ុន្តែ​អ្នក​ត្រូវ​ខំ​តាំង​ចិត្ត​ពុះពារ​និង​ប្រឹង​រងាប់​ចិត្ត​ទប់​ទល់​នឹង​អធិករណ៍​នេះ​ឲ្យ​មែន​ទែន ហើយ​គួរ​តាំង​ចិត្ត​ធ្វើ​ការងារ​ឬ​កិច្ចការ​យ៉ាង​ណា​នោះ​ដោយ​សេចក្ដី​ឧស្សាហ៍​និង​ស្វាហាប់​ខំ​បំពេញ​ឲ្យ​បាន​អង់​អាច​ជានិច្ច។ បើ​អ្នក​ធ្វើ​យ៉ាង​នេះ​បាន​នោះ​ទើប​អ្នក​បាន​ជោគជ័យ​គ្រាន់​បើ​ឡើង​វិញ​បន្តិច ក្នុង​រវាង​ដែល​លោក​អ្នក​មាន​អាយុ​ប៉ុណ្ណោះ។
 
-បើ​ជា​មនុស្ស​ស្រី​ទំនាយ​ថា៖ ក្នុង​ឆ្នាំ​នេះ​ ជា​ឆ្នាំ​ដែល​ជោគ​ជតារាសី​របស់​លោក​អ្នក​បាន​ល្អ​ប្រសើរ និង​បាន​លាភ​ធំ​តែ​មុន​នឹង​កើត​លាភ​អ្នក ត្រូវ​បាត់​បង់​ទ្រព្យ​របស់​ជា​មុន​សិន​ហេតុ​នេះ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លួន​បន្តិច ព្រោះ​ត្រូវ​ចោរកម្ម​វា​មាន​បំណង​ទុក បន្ទាប់​ពី​នោះ​ទៅ​អ្នក​នឹង​ត្រូវ​បាន​ទទួល​តំណែង​ថ្មី មាន​នាទី​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់ ឯ​ជោគ​លាភ​ដែល​អ្នក​ត្រូវ​បាន​នោះ​នឹង​បាន​មក​ពី​ទី​ឆ្ងាយ ហើយ​លោក​អ្នក​ត្រូវ​ខំ​រក្សា​សុខភាព​ឲ្យ​បាន​ល្អ​ព្រោះ​អាច​មាន​ជំងឺ​តម្កាត់​ខ្លះ​ផង​នៅ​ក្នុង​ឆ្នាំ​នេះ។
@ឆ្នាំ​ម្សាញ់៖

 

-បើ​ជា​មនុស្ស​ប្រុស​ទំនាយ​ថា៖ ជា​ឆ្នាំ​ដែល​ជោគ​ជតា​រាសី​របស់​អ្នក​មិន​សូវ​ល្អ លោក​អ្នក​មិន​សូវ​បាន​រីករាយ​សោះ​ឡើយ មិត្តភ័ក្ដិ​ឬ​មនុស្ស​ធ្វើ​ការ​ជា​មួយ​អ្នក គេ​ជា​មនុស្ស​អាប់​ជោគ​ថោក​រាសី​ដឹក​នាំ​អ្នក​ឲ្យ​ខូច​ខាត​ទុន ក្នុង​រយៈ​ឆ្នាំ​នេះ​អ្នក​មិន​គួរ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ពេក​ទេ សូម្បី​តែ​បើក​ហាង​លក់​ដូរ​ឥវ៉ាន់​ថ្មី ឬ ប្រកប​កិច្ចការ​យ៉ាង​ណា​ក៏​ដោយ​អ្នក​កុំ​ធ្វេស​ប្រហែស​ឲ្យ​សោះ ហើយ​មិន​គួរ​ពឹង​រក​ឲ្យ​គេ​ជួយ​ទុក្ខ​ធុរៈ​ខ្លួន​ជា​ដាច់​ខាត។ តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ​ក៏​អ្នក​គង់​នឹង​បាន​សម្រេច​ក្នុង​ការងារ​ដែល​អ្នក​តាំង​ចិត្ត​ទុក​ដោយ​សេចក្ដី​មានះ​ព្យាយាម​យ៉ាង​ប្ដូរ​ផ្ដាច់។
 
-បើ​ជា​មនុស្ស​ស្រី​ទំនាយ​ថា៖ អ្នក​ត្រូវ​ឃ្លាត​ពី​ទី​កន្លែង បើ​សិន​ជា​មិន​ដូច្នោះ​ទេ អ្នក​មុខ​ជា​ត្រូវ​នឿយ​ណាយ​ធុញ​ទ្រាន់​នឹង​កន្លែង​ចាស់ ឬ​ត្រូវ​ផ្លាស់​ប្ដូរ​ទី​លំ​នៅ​ផង​ក៏​មាន ពុំ​នោះ​សោត​នា​ទី​ការពារ​របស់​អ្នក​នឹង​ត្រូវ​រុះ​រើ​ជា​ថ្មី។ បើ​មាន​ការ​លក់​ដូរ​ជំនួញ​ជួញ​ប្រែ​ជា​អាជីព ការ​នេះ​នឹង​បណ្ដា​ជា​ហេតុ​ឲ្យ​មាន​សេចក្ដី​តឹង​ចង្អៀត​ខ្លះ​ៗ។ តំណ​ទៅ​ពេល​ខាង​មុខ​ក្នុង​ឆ្នាំ​នេះ អ្នក​នឹង​មាន​ការ​ស្កៀប​រមាស់​រង្គោះ​រង្គើរ​ដល់​ក្រុម​ហ៊ុន បើ​មាន​ជើង​ឈ្នួល​ក្នុង​បន្ទុក​វា​នឹង​ធ្វើ​មោះ​មិន​គាប់​ឲ្យ​អ្នក​មាន​សេចក្ដី​ហ្មង​មួរ​ជា​រឿយ​ៗ។ មួយ​វិញ​ទៀត ញាតិ​ព័ន្ធ​ឬ​មិត្តភ័ក្ដិ​នឹង​កើត​ជា​ក្ដី​រង្គាស​ឫស្យា​ដល់​អ្នក​ដោយ​បំពាន​លើ​ផល​ល្អ និង​សេចក្ដី​ចម្រើន​របស់​អ្នក ហេតុការណ៍​ទាំង​អស់​នេះ ចូល​កុំ​ភ្លេច​ស្មារតី​ឲ្យ​សោះ។ បើ​យ៉ាង​ហោច​ណាស់ នៅ​ក្នុង​ឆ្នាំ​នេះ​អ្នក​នឹង​មាន​វិបត្តិ​ឈឺ​ថ្កាត់​មិន​ខាន​ឡើយ។

 

Sabay សូមបង្ហាញជូនត្រឹម ៦ឆ្នាំនេះសិន នៅ​វគ្គ​បន្ទាប់ Sabay នឹងបន្តនៅឆ្នាំ៦ផ្សេងទៀត អំពី​ជោគ​រាសី​ប្រចាំ​ឆ្នាំ​វក។
 

អត្ថបទ៖ លឹម សុ​នា