ការចាក់សាក់បែបថ្មី! ពេញនិយមខ្លាំងក្នុងស្រទាប់ យុវវ័យសិង្ហបុរី

សិង្ហបុរី៖ ការចាក់សាក់បែបសម័យថ្មី ត្រូវបានបង្ហាញឡើង ដោយស្បែកមួយភាគធំ ត្រូវបានគ្របដណ្ដប់ដោយ ទឹកពណ៌ខ្មៅ ដែលនេះហៅឈ្មោះថា ‘blackout tattoos’ និងកំពុងពេញនិយមខ្លាំង ក្នុងស្រទាប់យុវវ័យសិង្ហបុរី ជាពិសេសទៅលើ ដៃ ជើង និងដងខ្លួន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Chester Lee អាយុ ២៩ឆ្នាំ គឺជាអ្នកចាក់សាក់នៅក្នុងស្ទូឌីយោ Oracle Tattoo ក្នុងសិង្ហបុរី និងជាអ្នកជំនាញចាក់សាក់ប្រភេទ ‘blackout tattoos’ នេះតែម្ដង។ នៅក្នុងអិនស្ដាក្រាមរបស់លោក បានបង្ហាញនូវរូបភាពចាក់សាក់ជាច្រើន ក្រោយពីគាត់បានចាក់សាក់ឲ្យអតិថិនជនរួចរាល់ និងមានអ្នកចុចចូលចិត្ដ ( likes) ច្រើនផងដែរ។ 

យ៉ាងណាមិញ គាត់បានបង្ហាញឲ្យដឹងថា គាត់ប្រកបអាជីពនេះយូរណាស់មកហើយ និងទទួលបានរង្វាន់ជាច្រើនផងដែរ តែដោយសារសិល្បៈនៃការសាក់រូបមានដែនកំណត់ ឬដដែល ទើបធ្វើឲ្យលោកមានភាពធុញទ្រាន់ ហើយក៏នឹកឃើញពីការច្នៃប្រឌិតថ្មី  និងបានណែនាំដល់អតិថិជន របស់លោកតែម្ដង។ គាត់បានបញ្ជាក់ថា ការចាក់សាក់ពណ៌ខ្មៅ ‘blackout tattoos’ នេះ គឺជាការគ្របដណ្ដប់ ដោយពណ៌ទឹកខ្មៅច្រើន ដែលទាំងនេះអាច​នាំឲ្យមនុស្ស ជាច្រើនយល់ឃើញបន្ដិចម្ដងៗ ពីសម្រស់នៃការងារមួយនេះ និងជាពិសេសដើម្បីឲ្យអ្នកជំនាន់ក្រោយ ផ្ដល់តម្លៃដល់ការងារដ៏មានអនាម័យមួយនេះ ហើយវាជាសិល្បៈមួយប្រភេទ ដែលមើលទៅដូចជា រាង និងជាខ្សែបន្ទាត់ ដែលឆ្លុះបញ្ចាំងពីខ្លួនប្រាណមួយ។

ជួបជាមួយនឹង អតិថិនជនរបស់ Chester ជានារីសិង្ហបុរីឈ្មោះថា Linjojo’z បានឲ្យដឹងថា នាងបានចាក់សាក់ទឹកខ្មៅ ដែលជាដំបូងឡើងនាងមានអារម្មណ៍ថា មិនចង់ចាក់សាក់បែបនេះបន្ថែមទៀតនោះទេ តែដោយសារការចូលចិត្ដ ទៅនឹងការរចនា របស់សាក់នេះ នាងក៏ចាក់សាក់បន្ថែមដល់ដើមទ្រូង និងដៃខាងស្ដាំ។

ងាកមកមើលលោក Chester ដែលជាអ្នកជំនាញចាក់សាក់នេះ ខ្លួនរបស់គាត់ក៏មានសាក់ទឹកខ្មៅផងដែរ​ ដូចជាលើ ដៃទាំងសងខាង មួយចំហៀងក ផ្នែកខ្លះៗលើផ្ទៃមុខ និងសូម្បីតែគ្រាប់ភ្នែកក៏ ខ្មៅផងដែរ។

ចុះសម្រាប់ប្រិយមិត្ដយល់យ៉ាងណា ចំពោះការសាក់ពណ៌បែបនេះ?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត