សំណុំរឿង ធ្លាក់​រថយន្ត ​ចូល​ទឹក​ទន្លេ ​ស្លាប់​៧នាក់ ​នៅ​ស្រុក​ស្អាង​ តុលាការ​សម្រេចឃុំ​ខ្លួន

កណ្តាល៖ សំណុំរឿង​ធ្លាក់​រថយន្ត  ​បណ្ដាល​ឲ្យ​មនុស្ស​ចាស់-ក្មេង​ ៧នាក់​ស្លាប់ ​យ៉ាង​អាណោចអាធ័ម ​នៅ​ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​ នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦នេះ ចៅក្រមសាលាដំបូង បានម្រេច​ឃុំ​ខ្លួនអ្នកបើកបររថយន្ត RX300។ បើតាមមន្ត្រី​មន្រ្តីសាលាដំបូងខេត្តកណ្តាល បាន​​ឲ្យ​ដឹង​ថា​ អ្នក​បើកបរ​រថយន្ត​ឡិចស៊ីស​ RX300​ ឈ្មោះ​ ពន់​ ពេក​ ហៅ​ សាក់​ សារ៉ាក់​ អាយុ​៣៣ឆ្នាំ​ ត្រូវ​បាន​លោក​ គឹម​ ម៉េង​ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ នៅសៀល​ថ្ងៃ​ទី​៥​ ខែ​មេសា​ ឆ្នាំ​២០១៦ សម្រេច​ ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត ពីបទ​ពី​បទ​បើកបរ​ធ្វេសប្រហែស​ បណ្ដាល​ឲ្យ​ស្លាប់​អ្នក​ដទៃ​ តាម​មាត្រា​៨៥​ ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​ ដែល​កំណត់​ការ​ផ្តន្ទា​ទោស​ពី​២ឆ្នាំ​ទៅ​៥ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ពី​១០លាន​រៀល​ទៅ​២៥លាន​រៀល​ ។

មន្រ្តីដដែល បានបន្ត​ថា​ ដោយ​ឡែក​ ឈ្មោះ​ ស៊ិន រតនា ហៅខុង អាយុ​២៤ឆ្នាំ​ ជា​អ្នក​បើក​ទូកដ​ ដែល​ត្រូវ​បាន​លោក​ លឹម​ សុគន្ថា​ ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ បញ្ជា​ឲ្យ​នគរបាល​ស្រុក​ស្អាង​ ដោះលែង​កាលពី​ព្រឹក​ថ្ងៃ​ទី​៥​ ខែ​មេសា​ ឆ្នាំ​២០១៦​ ក៏​ត្រូវ​បាន​លោក​ព្រះរាជ​អាជ្ញា​រង​ សេង​ ឬទ្ធី​ ចោទប្រកាន់​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​ តាម​មាត្រា​២០៧​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ផងដែរ​ រួច​បញ្ចូន​សំណុំរឿង​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​ចាត់​ការ​បន្ត​តាម​នីតិវិធី​ តាម​រូបភាព​ជនត្រូវចោទ​នៅ​ក្រៅ​ឃុំ​។ សូមបញ្ជាក់ថា ហេតុការណ៍ដ៏គួរឲ្យរន្ធត់ និង​សង្វេគ​នេះ បានកើតឡើង នៅវេលាម៉ោងប្រមាណ៧៖១៥នាទីយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅចំណុចកំពង់ចម្លងអុងប៉ាង ត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត