សញ្ញា​ដំបូង​នៃ​ជំងឺ​ទឹកនោមផ្អែម​!

    ​ដោយសារ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ អាច​នាំឱ្យ​កើត​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត ដូច្នេះ​វា​ពិតជា​សំខាន់​ណាស់​ដែល​ត្រូវ​ដឹង​ជាមុន​អំពី​សញ្ញា​នៃ​ជំងឺ​ទឹកនោមផ្អែម និង​ធ្វើតេស្ត​រកមើល​ជំងឺ​ទឹកនោមផ្អែម ដើម្បី​ដឹងថា​តើ​លោក​អ្នកមាន​រោគសញ្ញា​ណាមួយ​នៃ​ជំងឺ​នេះដែរ​ឬក៏​អត់​។ ការព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ឱ្យបាន​ជាមុន​អាចជួយ​ទប់ស្កាត់​ការកើត​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត​។

​     ជួនកាល​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ វិ​វ​ឌ្ឍ​ខ្លួន​ដោយ​មិន​បង្ហាញ​សញ្ញា​ព្រមាន​ជាមុន​នោះទេ​។ ជាការ​ពិត អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ ចំនួន ១/៣ ពុំបាន​ដឹងខ្លួន​ថា​ពួកគេ​កើត​ជំងឺ​នេះ​ទេ​។ ហេតុនេះហើយ​វា​សំខាន់​ណាស់​ដែល​លោកអ្នក​ត្រូវ​ទៅ​ជួប​ជាមួយ​វេជ្ជបណ្ឌិត​និយាយ​អំពី​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម និង​ដើម្បី​កំណត់ថា​តើ​លោកអ្នក​គួរ​ធ្វើតេស្ត​ដែរ​ឬក៏​អត់​។

​    ​សញ្ញា​ព្រមាន​ទូទៅ​នៃ​ជំងឺ​ទឹកនោមផ្អែម​មាន​ដូចខាងក្រោម​៖
​    ​- ស្រេកទឹក​ខ្លាំង​ឥត​ឈប់​
​    ​- ឃ្លាន​ខ្លាំង​ចម្លែក​ហួសហេតុ (​ជាពិសេស​បន្ទាប់ពី​ទើបតែ​ទទួលទាន​អាហារ​រួច​)
​    ​- មាត់​ស្ងួត​
​    ​- នោម​ញឹកញាប់ ឬ​ឆ្លង​មេរោគ​ផ្លូវ​ទឹកនោម​
​    ​- ស្រក​ទម្ងន់​គ្មាន​មូលហេតុ (​ទោះបី​ញ៉ាំ​អាហារ​ច្រើន​)
​    ​- អស់កម្លាំង​ល្ហិតល្ហៃ (​ខ្សោយ និង​មាន​អារម្មណ៍​នឿយហត់​)
​    ​- ព្រិល​ភ្នែក​
​    ​- ឈឺក្បាល​

​    ​ប្រសិនបើ​លោកអ្នក​មាន​រោគសញ្ញា​ណាមួយ​ដូចខាងលើ សូម​ប្រញាប់​ទាក់ទង​វេជ្ជបណ្ឌិត និង​កំណត់​កាលវិភាគ​ធ្វើតេស្ត​រក​ជំងឺ​ទឹកនោមផ្អែម​។ ជាមួយនឹង​របប​អាហារ​ត្រឹមត្រូវ​សម្រាប់​ជំងឺ​ទឹកនោមផ្អែម លំ​ហាត់ប្រាណ​ទៀងទាត់ និង​ថ្នាំ​ត្រឹមត្រូវ លោកអ្នក​នឹង​អាច​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ បាន និង​អាច​រស់នៅក្នុង​ជីវិត​ដ៏​សកម្ម និង​ប្រកបដោយ​ផលិតភាព​៕