ស្តេចអុក២សម័យកាល បន្តឈ្នះក្នុងវគ្គជម្រុះ ប៉ុន្តែជើងឯករងធ្លាក់ទាំង២នាក់

អ្នកលេងអុកជើងខ្លាំងវ័យក្មេង ឈាវ បូរ៉ា ដែលបានឈ្នះតំណែងស្តេចអុកនៅអង្គរសង្រ្កាន្ត២ឆ្នាំជាប់ៗគ្នានោះ បានខិតកាន់តែកៀក ទៅនឹងការឈ្នះតំណែងជើងខ្លាំង៨នាក់ចុងក្រោយ ដែលត្រូវបន្តដំណើរទៅប្រកួតដំណាក់កាលផ្តាច់ព្រ័ត្រ នៅអង្គរសង្រ្កាន្ត ក្នុងខេត្តសៀមរាប នាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខនេះ។
1
បន្ទាប់ពីបានយកឈ្នះកីឡាករ ហ៊ឹម វាសនា ក្នុងការប្រកួតជម្រុះ១២៨នាក់ដំបូង នៅទីស្នាក់ការ NOCC កាលពីព្រឹកថ្ងៃអង្គារម្សិលមិញ ឈាវ បូរ៉ា បន្តយកឈ្នះលើកីឡាករ ឡេង ស៊ីកាយ ដោយមិនពិបាកក្នុងការប្រកួតវគ្គ៦៤នាក់ចុងក្រោយ នារសៀលថ្ងៃអង្គារដដែលនោះ ដើម្បីឡើងទៅប្រកួតបន្តនៅវគ្គ៣២នាក់ចុងក្រោយ ដែលនឹងត្រូវធ្វើនៅព្រឹកថ្ងៃពុធនេះ។

យ៉ាងណាក៏ដោយ ឈាវ បូរ៉ា ហាក់មិនទាន់ហ៊ាននិយាយចំពោះការឆ្ពោះតំណែងជើងឯក២សម័យកាលរបស់ខ្លួននោះទេ។ បូរ៉ា បាននិយាយថា៖«ខ្ញុំមើលឃើញការនៅឆ្នាំនេះ មានភាពស្វិតស្វាញជាងឆ្នាំមុនៗ ព្រោះមានអ្នកចូលរួមប្រកួតច្រើន ហើយភាគច្រើនជាអ្នកលេងអុកដែលពូកែ ហេតុនេះខ្ញុំមិនហ៊ានកំណត់ថា ខ្ញុំអាចការពារតំណែងជើងឯកបានឬយ៉ាងណានោះទេ ប៉ុន្តែខ្ញុំនៅតែមានទំនុកចិត្តលើខ្លួនឯង»។

រីឯម្ចាស់ជើងឯកពានរង្វាន់ហ៊ុនសែន ឆ្នាំ២០១០ ឆយ វីរ៉ា ក៏បានបន្តយកឈ្នះក្នុងវគ្គ៦៤នាក់ចុងក្រោយនោះដែរ ដោយគេបានទម្លាក់កីឡាករ សុខ សំបូរ ខណៈកីឡាករចំណាត់ថ្នាក់លេខ៣ឆ្នាំ២០១៥ ប៊ិន គាសេង បានទម្លាក់ ហៀង គឹមអៀង ក្នុងវគ្គ៦៤នាក់ដូចគ្នា។

ប៉ុន្តែម្ចាស់ជើងឯករងឆ្នាំ២០១៥ សុខ ភារ៉ា និងម្ចាស់ជើងឯករងឆ្នាំ២០១៤ គ្រួច ចន្ថារិទ្ធ ដែលបានអវត្តមានកាលពីឆ្នាំ២០១៥នោះ បានធ្លាក់ចេញពីការប្រកួតនេះត្រឹមវគ្គ៦៤នាក់ចុងក្រោយដូចគ្នា ដោយក្នុងនោះ សុខ ភារ៉ា បានចាញ់កីឡាករ ហែម ម៉ុតធី ខណៈ គ្រួច ចន្ថារិទ្ធ បានចាញ់កីឡាករ មុជ សោភ័ណ្ឌ។

សម្រាប់បេក្ខភាពឈ្នះទាំង៣២នាក់ ក្នុងវគ្គ៦៤នាក់ចុងក្រោយ កាលពីម្សិលមិញ នឹងត្រូវបន្តការប្រកួតជម្រុះក្នុងវគ្គ១/១៦ ឬវគ្គ៣២នាក់ចុងក្រោយ នៅទីស្នាក់ការ NOCC នាព្រឹកថ្ងៃពុធនេះ ដោយក្នុងនោះជើងខ្លាំង ឈាវ បូរ៉ា ត្រូវធ្វើការប្រកួតជាមួយ តាំង ហេង ខណៈ ឆយ វីរ៉ា ត្រូវប៉ះ អ៊ុយ សារ៉ង ហើយ ប៊ិន គាសេង ត្រូវប្រកួតជាមួយ នួន បុត្រ៕