ណាហ្គាវើល និងប៉ូលិស អាចឈ្នះថ្ងៃបើកឆាក តែភ្នំពេញក្រោន មិនទាន់ប្រាកដ

ការប្រកួតជម្រុះតាមពូលដណ្តើមពានរង្វាន់សម្តេចហ៊ុនសែន លើកទី១០ ឆ្នាំ២០១៦ នៅល្ងាចថ្ងៃពុធនេះ រវាងក្រុមទាំង១២ ឈរនៅពូលC និងពូលD ត្រូវបានគេមើលឃើញថា ក្រុមណាហ្គាវើល និងស្នងការនគរបាលជាតិ(ប៉ូលិស) អាចនឹងទទួលបាន៣ពិន្ទុរៀងៗខ្លួន ក្នុងការប្រកួតបើកឆាករបស់ពួកគេ ប៉ុន្តែក្រុមភ្នំពេញក្រោន នៅមិនទាន់ប្រាកដថា ពួកគេអាចយកឈ្នះលើក្រុមវេស្ទើន បានឬក៏អត់នោះទេ។
1
តាមពិតក្រុមណាហ្គាវើល និងក្រុមប៉ូលិស បានឈរនៅពូលDជាមួយគ្នា ប៉ុន្តែសម្រាប់ការប្រកួតបើកឆាកនៅថ្ងៃពុធនេះ ក្រុមទាំង២មិនទាន់ត្រូវជួបគ្នានោះទេ គឺពួកគេត្រូវជួបក្រុមមកពីខេត្ត ដែលទើបឆ្លងផុតវគ្គជម្រុះជាបឋមនៅតាមតំបន់ទាំង៦។

ណាហ្គាវើល ត្រូវជួបក្រុមខេត្តស្វាយរៀង នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង៦ ថ្ងៃពុធនេះ ខណៈក្រុមប៉ូលិស ត្រូវធ្វើដំណើរទៅជួបក្រុមខេត្តព្រះវិហារ នៅកីឡដ្ឋានខេត្តព្រះវិហារ ដែលត្រូវប្រកួតនារសៀលម៉ោង ៣:៣០ដូចគ្នា រីឯក្រុមឈរនៅពូលជាមួយគ្នា២ក្រុមទៀត គឺក្រុមខេត្តក្រចេះ និងក្រុមសៀមរាបអង្គរ ត្រូវប្រកួតគ្នានៅកីឡដ្ឋានខេត្តក្រចេះ ចាប់ពីម៉ោង ៣:៣០ទៅដូចគ្នា។
យោងតាមកម្រិតនៃការលេងរវាងក្រុមទាំង៦របស់ពូលDនេះ ត្រូវបានគេជឿថា ក្រុមប៉ូលិស និងណាហ្គាវើល នឹងឈ្នះបាន៣ពិន្ទុដោយគ្មានការសង្ស័យអ្វីឡើយ រីឯក្រុមសៀមរាបអង្គរ អាចឈ្នះបាន៣ពិន្ទុផងដែរ។
2
ទាក់ទងទៅនឹងការប្រកួតនេះ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល បានប្រាប់ថា ក្រុមរបស់លោកមានសង្ឃឹមឈ្នះក្រុមខេត្តស្វាយរៀង១០០ភាគរយ ព្រោះកម្រិតលេងរបស់ក្រុមទាំង២នេះវាខុសគ្នាឆ្ងាយ ហើយលោកក៏បានមើលឃើញដែរថា ក្រុមណាហ្គាវើល និងប៉ូលិស នឹងឈ្នះកៅអីឡើងទៅប្រកួតបន្តប្រចាំពូលD។

ដោយឡែក ក្រុមភ្នំពេញក្រោន មិនទាន់ប្រាកដថា អាចនឹងទទួលបាន៣ពិន្ទុ ក្នុងការប្រកួតបើកឆាកក្នុងពូលCរបស់ខ្លួននោះឡើយទេ ព្រោះការប្រកួតលើកទី១ នារសៀលម៉ោង ៣:៣០ ថ្ងៃពុធនេះ ពួកគេត្រូវជួបក្រុមវេស្ទើន ដែលពួកគេទើបតែវាយបកតាមស្មើ ២-២ ទាំងលំបាកក្នុងការប្រកួតលីកថ្មីៗនេះ ខណៈការប្រកួតពានហ៊ុនសែននេះ គឺមិនឲ្យដាក់កីឡាករបរទេសនោះទេ ហេតុនេះការលំបាលវារឹតតែកើនមានឡើងចំពោះក្រុមដែលពឹងផ្អែកខ្លាំងទៅលើកីឡាករបរទេសដូចភ្នំពេញក្រោន។

ចំណែកក្រុមឈរនៅពូលCនេះចំនួន៤ទៀត ក៏ត្រូវប្រកួតនៅថ្ងៃពុធនេះដែរ ដោយក្នុងនោះក្រុមខេត្តកំពង់ស្ពឺ ត្រូវប៉ះក្រុមខេត្តកំពត នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ហើយក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ត្រូវជួបក្រុមប៉ៃលិន នៅពហុកីឡដ្ឋានជាតិ ដោយការប្រកួតត្រូវធ្វលចាប់ពីរសៀលម៉ោង ៣:៣០ទៅដូចគ្នា ហើយការប្រកួតនេះ ក្រុមស៊ីម៉ាក់ ក៏មានរំពឹងខ្ពស់ ក្នុងការឈ្នះបាន៣ពិន្ទុដែរ៕