(Video Highlight) Vidal ជួយឲ្យ Bayern នាំមុខដ៏ស្តួចស្តើងនៅពេលជួប Benfica

ខ្សែបម្រើ Arturo Vidal បានជួយឲ្យក្រុម Bayern Munich ធ្វើការនាំមុខទាំងប្រផិតប្រផើយក្នុងលទ្ធផល ១-០ សម្រាប់ការប្រកួតជើងទី២របស់ពួកគេនៃក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយនៅលើទឹកដីក្រុម Benfica នាសប្តាហ៍ក្រោយ ក្រោយពីរកគ្រាប់បាល់ឈ្នះនេះបន្ទាប់ពីលេងបានត្រឹមតែ១០៩វិនាទីក្នុងការប្រកួតជើងទី១កាលពីថ្ងៃអង្គារ។
vidal
Bayern មិនបានបង្ហាញពីទម្រង់លេងដ៏រឹងមាំនៅកីឡដ្ឋាន Allianz Arena ក្នុងទីក្រុង Munich ឡើយ ហើយក្តីសង្ឃឹមនៃការបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេ ហាក់មិនស្ថិតក្នុងកម្រិតខ្ពស់ឡើយ។ អ្នកចាំទី Manuel Neuer របស់ក្រុម Bayern បានប្រាប់ទូរទស្សន៍ Sky Sport ថា៖ «តំបន់ការពាររបស់ក្រុម Benfica ពិតជារឹងមាំណាស់ ហើយយើងបានបាត់បង់ឱកាសក្នុងការរកគ្រាប់បាល់ទី២។

ប៉ុន្តែ បើទោះបីបែបនោះក៏ដោយ ប៉ុន្តែ យើងអាចរីករាយជាមួយនឹងលទ្ធផលនេះ ពីព្រោះយើងបានរក្សាធ្វើឲ្យពួកគេមិនមានគ្រាប់បាល់បញ្ចូលទី។ នោះគឺជារឿងដ៏សំខាន់បំផុត»។ ក្រុម Benfica របស់លោក Rui Vitoria អាចមានពោរពេញដោយក្តីសង្ឃឹមជាច្រើននៅមុនពេលការប្រកួតជើងទី២នៅកីឡដ្ឋាន Estadio da Luz នាថ្ងៃពុធ ទី១៣ ខែមេសា ក្រោយពីបានផ្តល់ការខកចិត្តដល់ក្រុម Bayern ក្នុងការប្រកួតតង់ទី២ក្នុងទីក្រុង Munich។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រុមកំពុងនាំមុខលើតារាងលីកព័រទុយហ្គាល់មួយនេះ នឹងអវត្តមានខ្សែប្រយុទ្ធរកគ្រាប់បាល់បានច្រើនជាងគេ Jonas ក្រោយពីកីឡាករវ័យ៣២ឆ្នាំរូបនេះបានទទួលកាតលឿងមួយក្នុងតង់ទី២ ដែលជាការទទួលបានជាលើកទី៣នៃយុទ្ធនាការនេះ៕

ប្រភពព័ត៌មាន៖ Channel News Asia