អាជីវករ​រិះគន់ លោក សេង សារ៉ន ប្រធាន​គណៈកម្មាធិការ​ផ្សារ​ដើម​គ​ពាក់ព័ន្ធ​អំពើពុករលួយ​

​អំពើពុករលួយ​នៅ​ផ្សារ​ដើម​គ​មាន​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ជាង​កាលពី​ជំនាន់ លោក ជុំ សារឿន ទៅទៀត​ក្រោយពី​លោក សេង សារ៉ន មកកាន់​តំណែង​ជា​ប្រធាន​គណៈកម្មការ​ផ្សារ​ដើម​គ និង​មានការ​ផ្លាសប្តូរ​តំណែង​បុគ្គលិក​ផ្សារ​ចាស់ៗ​យក​សែស្រឡាយ​របស់​ពួកគេ​មក​ដាក់ជំនួស​វិញ​ដោយ​ប្រកាន់​បក្ខពួកនិយម​ជាង​មុន​ទៅទៀត នេះ​ជាការ​បញ្ជាក់​របស់​អាជីវ​ករ​។

​អាជីវករ​ផ្សារ​ដើម​គ​បាន​រៀបរាប់ថា ការប្រមូល​ថវិកា​ចូល​រដ្ឋ ក៏មាន​អំពើពុករលួយ​ជា​ប្រព័ន្ធ​ដែរ​ដោយ​ជ្រើសរើស​អ្នកថ្មី​ដែលជា​បក្ខពួក​របស់លោក សេង សារ៉ន​។ បុគ្គលិក​ផ្សារ​បាន​បង្ហើប​ថា​ក្រុម​ខ្លួន​បាន​ប្រមូល​លុយ​ថ្លៃ​សន្តិសុខ​១៥០០​រៀល ភាស៊ី​បេន ៥០០​រៀល សណ្តាប់ធ្នាប់ ៣០០០​រៀល ដោយ​ក្នុង​មួយថ្ងៃ ប្រមូលបាន​រហូតដល់​ទៅ​៦​សែន​ទៅមួយ​១​លាន​រៀន ហើយ​ថវិកា​គឺ​ចូល​ហោប៉ៅ​លោក សេង សារ៉ន ដែលជា​ប្រធាន​គណៈកម្មការ​ផ្សារ​ដើម​គរ​ទាំងអស់ ដោយ​មិនបាន​បែងចែក​ឲ្យ​បុគ្គលិក​ក្រោម​ឱវាទ​មួយ​កាក់​មួយ​សេន​ណា​ឡើយ​។​

​អាជីវករ​ផ្សារ​ដើម​គ អ្នករត់​ម៉ូត​ឌុប និង​អ្នកបើករថយន្ត​តាក់ស៊ី បាន​រិះគន់ថា​អ្នកគ្រប់គ្រង​ផ្សារ​ដើម​គ គិតតែ​ប្រមូល​លុយ តែ​គ្មាន​ធ្វើការ​អភិវឌ្ឍ​អ្វី​នោះទេ ដោយ​ទុក​ឲ្យ​អាជីវករ និង​អ្នក​ប្រកប​រប​ផ្សេងៗ​ទៀត​នៅ​បរិវេណ​ផ្សារ​ដើម​គ​នៅតែ​ជួប​ការលំបាក​ដោយសារតែ​ខាង​ផ្សារ​មិនមាន​ការរៀបចំ​ទីកន្លែង​ឲ្យ​បាន​សមរម្យ​ដែល​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​។​

​ចំពោះមុខ​បញ្ហា​ខាងលើនេះ អាជីវករ​ផ្សារ​ដើម​គរ​បាន​អំ​នាវ​សូម​ឲ្យ​លោក សេង សារ៉ន គប្បី​កាត់បន្ថយ​ក្នុង​ការយក​តម្លៃ​ភាស៊ី សន្តិសុខ ស​ណា្ត​ប់​ធ្នាប់​ខ្លះទៅ កុំ​ជំរិត​អាជីវករ​ខ្លាំងពេក​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ក្រៅ​អំពី​ពុករលួយ​ខាងលើ​នោះ ក៏មាន​អំពើពុករលួយ​ការលក់​តូប​មួយចំនួនទៀត​ដូចជា​ជ្រែ​កន្លែង​លក់​បន្លែ លក់​ផ្លែឈើ​ជាដើម ដោយ​ក្នុង​មួយខែៗ លោក សេង សារ៉ន បាន​ប្រមូល​ថវិកា​ទាំងនេះ​ដាក់​ហោប៉ៅ​រាប់លាន​យ៉ាង​ស្រួល ដោយ​គ្មាន​គណៈកម្មការ​ការ​ណា​ដឹង​ឡើយ ខណៈ មន្ត្រី​សាលាខណ្ឌ សាលាក្រុង មិនបាន​ចុះទៅ​ត្រួតពិនិត្យ​៕

f41ebba5080947039b2ae9391d9f6e90 MSP-3