ព្រៃឈើ​នៅ​តំបន់ភ្នំ​គូលែន កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​

ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្វាយ​លើ ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ព្រៃឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​នរោត្តម ភ្នំ​គូលែន​កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ហើយ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប មិន​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ សកម្មជន​ការពារ​ព្រៃឈើ​នៅក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ការដែល​ក្រុម​ជនល្មើស​អាច​កាប់​គាស់​ឈូសឆាយ​ដុតបំផ្លាញ​ព្រៃឈើ​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ អាចមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផងដែរ​។ ក្នុងនោះ​មន្ត្រី​បរិស្ថាន​ដែល​ការពារ​ព្រៃឈើ​នៅ​តំបន់ភ្នំ​គូលែន គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ចំពោះ​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​នេះ​។​

​ពលរដ្ឋ​នៅក្នុង​ស្រុក​ស្វាយ​លើ បាន​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ជាបន្ទាន់​ព្រោះ​បច្ចុប្បន្ន​តំបន់​នេះ​ស្ទើរតែ​ក្លាយជា​វាល​រហោស្ថាន​ទៅហើយ​។ សកម្មជន​ការពារ​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ព្រៃស្រោង​ជាច្រើន​ហិកតា​ត្រូវ​ក្រុម​ជនល្មើស​កាប់រំលំ ដុតបំផ្លាញ ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​រិះគន់​ចំៗ​ថា មន្ត្រី​បរិស្ថាន​ដែលមាន​តួនាទី​ការពារ​ព្រៃឈើ​តំបន់ភ្នំ​គូលែន មិន​បំពេញ​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ ហើយ​ឃុបឃិត​បើកដៃ​ឲ្យ​ជនល្មើស​កាប់​ព្រៃ ដុត​ព្រៃ ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

តាម​ការអះអាង​របស់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេនោះ គឺ​ក្រុម​ជនល្មើស​ដែលជា​អ្នកមាន​លុយ មានអំណាច មិន​ហ៊ាន​ធ្វើ​សកម្មភាព​កាប់​ព្រៃ​ដុត​ព្រៃ ឈូសឆាយ​ព្រៃ ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិឯកជន​ដូច​សព្វថ្ងៃ​នេះឡើយ​។ ចំណែក​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប នាំគ្នា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ក្នុងខណៈដែល​ព្រៃឈើ​នៅ​តំបន់ភ្នំ​គូលែន កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។ ហេតុនេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រី​បរិស្ថាន​ក្នុង​ខេត្តសៀមរាប និង​នៅ​តំបន់ភ្នំ​គូលែន​ជាបន្ទាន់​ព្រោះ​ពួកគេ​គឺជា​អ្នក​ឃុបឃិត​បណ្ដោយ​ឲ្យ​មាន​បទល្មើស​បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​៕

12924413_1701965770076248_7607948929179407330_n 11222886_1701965503409608_4798345761171278792_n 12592618_1701965413409617_5614921588769426052_n 12919854_1701965206742971_1773559822696416847_n