​នៅពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ជិត​ចូល​មកដល់​ល្បែងស៊ីសង​នៅ​ក្រុង​បាត់ដំបង​កាន់តែ​រីក​រាលដាល​

ប្រជាពលរដ្ឋ​ក្រុង​បាត់ដំបង​បាន​រាយការណ៍​មក​ថា ខណៈ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​កាន់តែ​ខិតជិត​ចូលមក​ដល់​នោះ ល្បែងស៊ីសង​ជាច្រើន​ប្រភេទ​កំពុង​តែមាន​ទ្រង់ទ្រាយ​ធំ​ឡើងៗ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ក្រុង​បាត់ដំបង​មិនបាន​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះទេ តែ​ថែមទាំង​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បន​ល្បែង​ទៀតផង​។​

ល្បែង​បៀ អាប៉ោង កន្ទុយលេខ និង​ចាក់បាល់ ត្រូវបាន​ប្រជាពលរដ្ឋ​ក្រុង​បាត់ដំបង​រាយការណ៍​មក​ថា​កំពុងតែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្រុង​បាត់ដំបង ពិសេស​យុវជន​ជក់​លេង​ចាញ់​អស់ប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ប្រភព​ដដែល​បាន​រៀបរាប់ថា​ចាប់ពី​ដើមខែ​មេសា​ចូលមក​ដល់​នេះ អ្នកលេង​ល្បែង​ក៏​ច្រើន ហើយ​កម្មវិធី​ផឹកស៊ី​តាម​ផ្ទះ​ក្នុងភូមិ​ក៏​ច្រើន​ផងដែរ ដែល​ពួកគាត់​បាន​បញ្ជាក់ថា​ការផឹកស៊ី​ជួបជុំ​គ្រួសារ​ជា​រឿង​ធម្មតា តែ​ការលេង​ល្បែងស៊ីសង គប្បី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធ ពោលគឺ​មិនត្រូវ​បណ្តែតបណ្តោយ​ឲ្យ​មាន​ភាពអនាធិបតេយ្យ​នោះទេ​។​

បច្ចុប្បន្ននេះ ចំនួន​អ្នកលេង​ល្បែង​មាន​ច្រើន​បាន​ចាក់​លុយ​ពេញៗ​ដៃ​មិន​ដឹងបាន​លុយ​មកពីណា​ទេ ហើយ​ថែមទាំង​ស្រែក​ហ៊ោកញ្ជ្រៀវ​ទៀតផង​។ ប្រជាពលរដ្ឋ​ក្រុង​បាត់ដំបង​បាន​សម្តែង​ការព្រួយបារម្ភ​ថា សព្វថ្ងៃ​ពួកគាត់​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ខ្លាច​តែ​កើតមាន​អំពើចោរកម្ម​លួច​ឆក់ ប្លន់​កើនឡើង​ថែមទៀត​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ក្នុង​ក្រុង​បាត់ដំបង​មិន​ត្រឹម​តែមាន​ករណី​បើក​ល្បែងស៊ីសង​នោះទេ តែ​ក៏មាន​ករណី​យុវវ័យ​ប្រើប្រាស់​គ្រឿងញៀន​ផងដែរ​។​

ប្រជាពលរដ្ឋ​ក្រុង​បាត់ដំបង បាន​សំណូមពរ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​គប្បី​ត្រួតពិនិត្យ​ពី​ភាពមិនប្រក្រតី​នៅ​ក្រុង​បាត់ដំបង​ឡើងវិញ ព្រោះ​បើ​នៅតែ​បណ្តែតបណ្តោយ​បន្តទៀត​បទល្មើស​នឹងមាន​ការកើនឡើង​នៅក្នុង​ក្រុង​បាត់ដំបង​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ភាព​អសកម្ម​ដែល​បាន​កើតឡើង​នៅក្នុង​ក្រុង​បាត់ដំបង​មិនបាន​ជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នោះទេ តែ​វា​ជា​ឧបសគ្គ​រាំងស្ទះ​ដល់​ការអភិវឌ្ឍ ខណៈ​ជីវភាព​ពលរដ្ឋ​នៅមានកម្រិត​ទាប​៕

075 game-mokul-borey​    ​