សីតុណ្ហភាព​ភព​ផែនដី​ក្នុងឆ្នាំ​២០១៦កាន់​តែ​អាក្រក់ទៅៗ​

ស្រប​ពេលដែល​ពិភពលោក​កំពុងប្រឈមនឹង​បញ្ហា​លោក​រាប់​មិន​អស់​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ និង​នៅលើ​តុ​នៃ​កិច្ចចរចា​រថ្នាក់​អន្តរ​ជាតិ ​និង​ពិភព​លោក​ ដែលពុំទាន់ដោះស្រាយឱ្យចប់អស់ដាច់ស្រេចផងនោះ មានអ្នកវិទ្យាសាស្រ្តខាងឧតុនិយម និងអាកាសធាតុរបស់អង្គការណាសា បានបង្ហាញអំពីរបាយការណ៍ដែលបង្កប់ទៅដោយក្ដីព្រួយបារម្ភជាខ្លាំងនៃការឡើងកម្ដៅភពផែនដី ។
សីតុណ្ហភាព​ភព​ផែនដី​ក្នុងឆ្នាំ​២០១៦កាន់​តែ​អាក្រក់ទៅៗ​
បើយោងតាមរបាយការណ៍របស់អង្គការណាសា ដែលបានចុះផ្សាយដោយគេហទំព័រសារពត៌មាន The Guardian បានបង្ហាញឱ្យដឹងថា៖ តាំងពីដើមឆ្នាំ២០១៦មក សីតុណ្ហភាពរបស់ពិភពលោកបានកើនឡើងយ៉ាងខ្លាំងគឺនៅក្នុងខែមករា ការឡើងកម្ដៅមានកម្រិត ១.១៥អង្សាសេ រហូតដល់ខែកុម្ភៈ កម្រិតក្ដៅក៏បានកើនឡើងដល់១.៣៥អង្សាសេ ដែលឥតឃើញមានការថយចុះសោះឡើយ ដែលការណ៍នេះគឺតម្រូវឱ្យមានការប្រកាសអាសន្នជាបន្ទាន់សម្រាប់គ្រប់បណ្ដាប្រទេសនានានៅជុំវិញពិភពលោក ក្នុងការពិនិត្យឡើងវិញពីសកម្មភាព និងផលិតភាពប្រចាំថ្ងៃរបស់ខ្លួន ដូចយ៉ាងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបម្រើបម្រាស់គ្រឿងយានយន្តនានាដ៏ច្រើនលើសលប់នោះ ។ 
សូមបញ្ជាក់ជូនថា កាលពីជិតចុងឆ្នាំ២០១៥កន្លងទៅ អង្គការសហប្រជាជាតិបានបើកសន្និបាតអន្តរប្រទេសស្ដីអំពីអាកាសធាតុនៅក្នុងទីក្រុងប៉ារីស ដើម្បីឆ្ពោះទៅរកអន្តរកិច្ចព្រមព្រៀងរួមមួយដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលាទប់ស្កាត់កុំឱ្យការឡើងកម្ដៅភពផែនដីកើនដល់ ឬហួសកម្រិត២អង្សាសេ ប៉ុន្តែមកដល់ពេលនេះ សីតុណ្ហភាពវាបានឡើងដល់កម្រិតជិត១.៥០អង្សាសេទៅហើយ ។តើពិភពលោកនឹងទៅជាយ៉ាងណា នាពេលបន្តបន្ទាប់ខាងមុខទៀត ?

ដោយ៖ ឈូក ស
ប្រភព៖ theguardian