ម្ចាស់​ហ្គេម​បាញ់​ត្រី ប្រើប្រាស់​ឈ្មោះ​លោក​ផ្កាយ​បី​ម្នាក់ នៅ​ក្រសួងមហាផ្ទៃ គំរាម​អាជ្ញាធរ​ដែនដី និង​អ្នកកាសែត​

ព្រះសីហនុ:
កិត្តិយស​លោក​ផ្កាយ​ម្នាក់ (​សុំ​លាក់​ឈ្មោះ​សិន​) នៅ​ក្រសួងមហាផ្ទៃ ដែល​ពលរដ្ឋ​ក្រុងព្រះសីហនុ ធ្លាប់​ឃើញ​គាត់​លេចមុខម្តងម្កាលនៅកាស៊ី​ណូកំពង់សោម ស៊ី​ធី ឥឡូវនេះត្រូវបាន​ម្ចាស់​ហ្គេម​បាញ់​ត្រី យកឈ្មោះ​គាត់មកប្រើប្រាស់​គំរាម​អាជ្ញាធរ​ដែនដី និង​អ្នកកាសែតយ៉ាង​ចាស់ដៃ កាលពី​រសៀល​ថ្ងៃទី​៥ ខែមេសា​នេះ​។

​អ្នកកាសែត​ច្រើន​នាក់ នៅ​ខេត្ត​ព្រះសីហនុ បាន​និយាយថា ម្ចាស់​ហ្គេម​បាញ់​ត្រី​ម្នាក់ ឈ្មោះ ម៉េង លី បាន​យកឈ្មោះលោក​ផ្កាយ​បី​មួយរូបនៅ​ក្រសួងមហាផ្ទៃ  មក​គំរាម​ពួកគាត់ និង​ជេរប្រមាថ​ពួកគាត់​ទៀតផង​។ អ្នកកាសែត​ទាំងនោះ បាន​បន្តថា ម្ចាស់​ហ្គេម​បាញ់​ត្រី​នោះអួត​ក្អេងក្អាង​ថា ពួកគេ​មាន​ខ្នង​ផ្កាយ​បីនៅ​ក្រសួងមហាផ្ទៃ ជា​អ្នកការពារ​ទូ​ហ្គេម​ពួកគេ តើ​លោកអ្នក​កាសែតចង់​ធ្វើ​អ្វី​ទៀត សូម្បីតែ​អាជ្ញាធរ​ដែនដី ដឹង​ហើយ​មិន​ហ៊ាន​ក្អក​ផង ។​

​ករណីនេះ លោក ពៅ ម្ចាស់​ទីតាំង​កាស៊ីណូកំពង់សោម​ស៊ី​ធី បាន​ប្រាប់​អ្នកកាសែត​ថា ទូ​ហ្គេម​បាញ់​ត្រី​នោះមិន​ស្ថិតនៅក្នុង​កាស៊ីណូ​អ្វី​នោះទេ គឺ​គាត់​គ្រាន់តែ​ជួល​កន្លែង​តូច​មួយនៅក្បែរ​របង​ឲ្យ​ពួកគេ​តែប៉ុណ្ណោះ ហេតុ​អី​បានជាម្ចាស់​ហ្គេម​បាញ់​ត្រី​នោះ និយាយ​ផ្តេសផ្តាស ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយសថ្នាក់ដឹកនាំ និង​ទីតាំង​កាស៊ីណូកំពង់សោម​ស៊ី​ធី យ៉ាងនេះ ទង្វើ​នេះ​លោក​មិន​សប្បាយចិត្ត​នោះទេ​។​

​ពលរដ្ឋ​នៅ​ជិត​ទីតាំង កាស៊ីណូ​កំពង់សោមស៊ី​ធី​នោះ បាន​ប្រាប់ថា ពួកគាត់​មិនបាន​ដឹងថា ក្នុង​ទីតាំង​កាស៊ីណូ​នោះមាន​បង្កប់​នូវ​ហ្គេម​បាញ់​ត្រី អ្វី​នោះទេ ប៉ុន្តែ​អំឡុងពេល​មួយខែកន្លងទៅនេះ មាន​ពលរដ្ឋ​ខ្មែរ ប្រុស​ស្រី ចាស់​ក្មេង ចូលក្នុង​កាស៊ីណូ ដូច​ហែ​កឋិន ហើយ​ពួកគាត់ក៏មាន​ការងឿងឆ្ងល់​ដែរ​ថា តាមច្បាប់​របស់​រាជរ​ដ្ឋា​ភិ​បាល បាន​ហាមឃាត់​ដាច់ខាតមិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរចូល​លេង​កាស៊ីណូ​នោះទេ ហេតុ​អី​បានជា​កាស៊ីណូ​មួយ​នេះបើកដៃ​ឲ្យ​ពលរដ្ឋ​ខ្មែរចេញចូល​គគ្រឹកគគ្រេង​បែបនេះ​។​

​រំលឹកថា កន្លងមក អភិបាលក្រុង​ព្រះសីហនុ លោក អ៊ី សុខ​ឡេង បាន​ប្តេជ្ញា​ថា នឹង​បង្ក្រាប​ល្បែង​ហ្គេម​បាញ់​ត្រីរបៀបនេះឲ្យ​អស់ពី​ក្រុងព្រះសីហនុ ជា​កិច្ច​ឆ្លើយតប​នឹង​ការ​សំណូមពរ របស់​មាតាបិតា និង​អាណាព្យាបាល យុវជន និង​សិស្ស ពេលនោះ សង្កេតឃើញថា លោក​អភិបាលក្រុង​ព្រះសីហនុ ដ៏​មាន​មនសិការ អនុវត្តបាន​យ៉ាង​រលូន ដោយ​វិធី​ប្រមូល​ម្ចាស់ហ្គេម​បាញ់​ត្រី​ទាំងនោះ មក​និយាយ​គ្នា​ឲ្យ​បញ្ឈប់​សកម្មភាព ព្រមទាំង​បានប្រគល់​នូវ​ប័ណ្ណ​ស​រសើរជូន​ម្ចាស់​ហ្គេម ជាការ​លើកទឹកចិត្ត​ទៀតផង​។

ការសន្យា​ព្រមព្រៀងគ្នា បញ្ឈប់​សកម្មភាព​ល្បែង​ហ្គេម​បាញ់​ត្រី នៅក្នុង​ក្រុងព្រះសីហនុ កន្លងមកត្រូវបាន​ពលរដ្ឋ​សាទរ ដោយ​កោត​សរ​សើរ​ម្ចាស់​ហ្គេម និង​អាជ្ញាធរ​យ៉ាង​ក្រៃលែង ប៉ុន្តែ​ពេលនេះប័ណ្ណ​ស​រសើ​របស់​អភិបាលក្រុងព្រះសីហនុ ដែល​ចុះហត្ថលេខាដោយ​លោក អ៊ី សុខ​ឡេង បាន​ប្រែក្លាយជា​ក្រដាសអនាម័យ​ទៅហើយ ព្រោះ​ការសន្យា​របស់​ម្ចាស់​ហ្គេម​បាញ់​ត្រីមួយចំនួនក៏​មិនមែនជា​ការពិត​ផង​ទេ​។  

​បន្ទាប់ពី​បាន​បែកធ្លាយ​ថាមាន​ទូ​ហ្គេម​បាញ់​ត្រីជ្រក​ក្រោម​ស្លាក​កាស៊ីណូ កំពង់សោម​ស៊ី​ធី​មក ពលរដ្ឋ​នៅ​ក្រុងព្រះសីហនុ ផ្តើម​សំណូមពរ​ម្តងទៀតទៅ​អាជ្ញាធរ​ក្រុងព្រះ សីហនុ មេត្តា​ប្រើ​កណ្តាប់ដៃ​ដែករបស់​ក្រុង និង​ខេត្ត លុបបំបាត់​ល្បែង​ប្រភេទ​នេះ ជា​បន្ត​ទៀតផង ដើម្បី​សង្គ្រោះ​ដល់យុវជន និង​សិស្សានុសិស្សដែល​កំពុង​ងប់នឹង​ល្បែង​ប្រភេទ​នេះ ៕V/S

ម្ចាស់​ហ្គេម​បាញ់​ត្រី ប្រើប្រាស់​ឈ្មោះ​លោក​ផ្កាយ​បី​ម្នាក់ នៅ​ក្រសួងមហាផ្ទៃ  គំរាម​អាជ្ញាធរ​ដែនដី និង​អ្នកកាសែត​

ម្ចាស់​ហ្គេម​បាញ់​ត្រី ប្រើប្រាស់​ឈ្មោះ​លោក​ផ្កាយ​បី​ម្នាក់ នៅ​ក្រសួងមហាផ្ទៃ  គំរាម​អាជ្ញាធរ​ដែនដី និង​អ្នកកាសែត​

ម្ចាស់​ហ្គេម​បាញ់​ត្រី ប្រើប្រាស់​ឈ្មោះ​លោក​ផ្កាយ​បី​ម្នាក់ នៅ​ក្រសួងមហាផ្ទៃ  គំរាម​អាជ្ញាធរ​ដែនដី និង​អ្នកកាសែត​