បញ្ជី​​​ឈ្មោះ​​​អ្នក​​​បោះ​​​ឆ្នោត​​​ប្រហែលជា​​​មិន​​​អាច​​​រួច​​​រាល់​​​ទាន់​​​​​​ពេល​​​សម្រាប់​​​ឆ្នាំ​​​២០១៧​​​

ក្រុម​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ដែល​​​ឃ្លាំ​​​មើល​​​ការ​​​បោះ​​​ឆ្នោត​​​បាន​​​សំដែង​​​ការ​​​ព្រួយ​​​បារម្ភ​​​ចំពោះ​​​អ្វី​​​ដែល​​​ខ្លួន​​​លើក​​​ឡើង​​​ថា ជា​ការ​​​ពន្យារ​​​ពេល​​​ដែល​​​មិន​​​អាច​​​ពន្យល់​​​បាន​​​នៅ​​​ក្នុង​​​ការ​​​ចាប់​​​ផ្តើម​​​បង្កើត​​​បញ្ជី​​​ឈ្មោះ​​​អ្នក​​​បោះ​​​ឆ្នោត​​​ជាតិ​​​ ដោយ​​​មាន​​​កង្វល់​​​ខ្លាច​​​ក្រែង​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត ​​​(គ.ជ.ប.) ​​​បណ្តោយ​ឲ្យ​​អ្វី​​​ៗ​យឺត​​​ពេល​​​ជ្រុល​ពេក​​​​សម្រាប់​​​ ការ​​​បោះ​​​ឆ្នោត​​​ឃុំ​​​សង្កាត់​​​ឆ្នាំ​​​២០១៧។

គ.ជ.ប.​​​ថ្មី​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​ក្នុង​​​ខែ​​​មេសា ឆ្នាំ​​​២០១៥ ​​​ដោយ​​​មាន​​​តំណាង​​​ស្មើ​​​គ្នា​​​មក​​​ពី​​​គណបក្ស​​​កាន់​​​អំណាច និង​​​គណបក្ស​​​ប្រឆាំង​​​ បន្ទាប់​​​ពីមាន​​​​កិច្ច​​​ព្រម​​​ព្រៀង​​​មួយ​​​ដែល​​​បាន​​​បញ្ចប់​​​ភាព​​​ចលាចល​​​ផ្នែក​​​នយោ​​​បាយ​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ ជុំ​​​វិញ​​​ការ​​​សង្ស័យ​​​ថា ​​​មាន​​​ការ​​​លួច​​​បន្លំសន្លឹកឆ្នោត​​អំឡុង​​​ការ​​​បោះ​​​ឆ្នោត​​​ជ្រើសតាំង​តំណាង​​​រាស្ត្រ​​​ឆ្នាំ​​​២០១៣។​

ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​ ការ​​​បង្កើត​​​បញ្ជី​​​ឈ្មោះ​​​អ្នក​​​បោះ​​​ឆ្នោត​​​ថ្មី​​​ដោយ​​​ចាប់​​​ផ្តើម​​​ពី​​​ចំណុច​សូន្យ​ឡើង​វិញ​​​ គឺ​​​ជា​​​កាតព្វកិច្ច​​​ដ៏​​​សំខាន់​​​សម្រាប់​ ​គ.ជ.ប.​​​ បុ៉ន្តែ លោក គល់​​​ បញ្ញា​​​ នាយក​​​​​​ប្រតិបត្តិ​​​នៃ​​​គណៈ​​​កម្មការ​​​​​ដើម្បី​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី និង​យុត្តិធម៌​នៅ​​​កម្ពុជា ​​​(ខុមហ្វ្រែល) បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា “សម្ព័ន្ធ​​​កំណែ​​​ទម្រង់​​​ការ​​​បោះ​​​​​​ឆ្នោត​​​”  ដែល​ជា​​​សម្ព័ន្ធ​​​​​មួយ​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​ក្នុង​​​​​ឆ្នាំ​២០១៣ ដោយមាន​​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិ​​​បាល​​​ចំនួន​​​១២ចូលរួម​​​​នោះ​ មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​អំពី​​​ការដែល​​​មិនមានការ​​​​រីក​​​ចម្រើន​​​ទៅមុខ​​​​។

cam-photo-election-channa-WEB-ONLYលោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “សម្រាប់​​​ការ​​​ចុះ​​​ឈ្មោះ​​​អ្នក​​​បោះ​​​ឆ្នោត​​​​​​​​​លើកដំបូង​​​​ ពួក​​​គេ​​​និយាយ​​​ថា នឹង​​​ចាប់​​​ផ្តើម​​​នៅ​​​ខែ​​​ឧសភា​​​ហើយ​​​បន្ទាប់​​​មក​​​និយាយ​​​ថា មិន​​​អាច​​​ទៅរួច​​​ទេ​​​ ប្រហែលជា​​​អាច​​​ចាប់​​​ផ្តើម​​​នៅ​​​ខែ​​​កក្កដា​ ។ ​​​បន្ទាប់​​​មក​​​ទៀត​​​ពួក​​​គេ​​​និយាយ​​​ថា ​​​វា​​​ក៏​​​មិន​​​អាច​​​ទៅ​​​រួច​​​ដែរ ប្រហែល​​​នៅ​​​ខែសីហា ឬ​​​ខែ​​​កញ្ញា”។​​​

លោក​​​បាន​​​បន្ថែម​​​ថា “ចាប់​​​ផ្តើម​​​នៅ​​​ខែ​​​កញ្ញា​​​អាច​​​​​​មាន​​​បញ្ហា​​​។ ប្រសិន​​​បើ​​​យើង​​​​​​សន្មត​​​ថា ការ​​​បោះ​​​ឆ្នោត​​​ក្រុម​​​ប្រឹក្សា​​​ឃុំ​​​សង្កាត់​​​​​​នឹង​​​ធ្វើ​​​ឡើង​​​នៅ​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៧​​​នោះ​​​ហើយ ​​​​​​យើង​​​ចាប់​​​ផ្តើម​​​ចុះ​​​ឈ្មោះ​​​អ្នក​​​បោះ​​​ឆ្នោត​​​នៅ​​​ខែ​​​កញ្ញា​​​ ឆ្នាំ​​​២០១៦​​​ វា​​​នឹង​​​មាន​​​ការ​​​លំបាក​​ខ្លាំង​​​​សម្រាប់​​​ការ​​​ចុះ​​​ឈ្មោះ​​​ថ្មី​​​ដើម្បី​ឲ្យ​​​​​​​​​ទទួល​​​បានអ្នក​​​មានសិទ្ធិ​​បោះ​​​ឆ្នោត​​​​រហូតដល់​១០​​​លាន​​​នាក់​​​នោះ “។

ទាំង​​​លោក សិុក ប៊ុនហុក ប្រធាន​​​គ.ជ.ប. ​​​និង​​​លោក ហង្ស ពុទ្ធា ដែល​​​ជា​​​អ្នក​​​នាំ​​​ពាក្យ​​​សុទ្ធ ​​​តែ​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​កាល​​​ពី​​​ម្សិល​​​មិញ។

ទោះ​​​ជា​​​យ៉ាង​​​ណា លោក ខន កែវ​​​មនោ​​​ ប្រធាន​​​ផ្នែក​​​ទំនាក់​​​ទំនង​​​នៃ​​​គ.ជ.ប.​​​​​​បាន​​​លើក​​​ឡើង​​​ថា បញ្ហា​​​ពាក់​​​ព័ន្ធ​​​ការ​​​ទទួល​​​បាន​​​សម្ភារ​​​ពី​​​អឺរ៉ុប​​​ និងការ​​​​​​សរសេរ​​​ច្បាប់​​​សម្រាប់​​​ដំណើរ​ការ​​​បោះ​​​ឆ្នោត គឺជា​​​កត្តាដែលធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ពន្យារ​​​ពេល​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “ដំបូង​​​ឡើយ​​​​​​ យើង​​​មាន​​​គម្រោង​​​ចុះ​​​ឈ្មោះ​​​អ្នក​​​បោះ​​​​​​​​​ឆ្នោត​​​ចាប់​​​ពី​​​ខែ​​​មីនា​ទៅ​​​ ប៉ុន្តែ គម្រោង​​​នោះ​​​បាន​​​កន្លង​​​ផុត​​​។ បន្ទាប់​​​មក​​​យើង​​​មាន​​​គម្រោង​​​នៅ​​​ខែ​​​ឧសភា​​​…​​​ប៉ុន្តែ វា​​​ដូច​​​ជា​​​លឿ​​​ន​​​ពេក​​​ហើយ​​​ ហេតុ​​​ដូច្នេះ​​​វា​​​មិន​​​អាច​​​ទៅ​​​រួច​​​ទេ​​​។ ​​​អ៊ីចឹង​​​យើង​​​​គ្រោង​​​​​​ម្តង​​​ទៀត​​​នៅក្នុង​ខែ​​​កក្កដា”។

លោក​​​បាន​​​បន្ថែម​​​ថា “បើ​​​នៅខែ​​​កក្កដា នៅ​​​តែ​​​មិន​​​អាច​​​ទៅ​​​រួច​​​ យើង​​​នឹង​​​មាន​​​គម្រោង​​​ នៅ​​​ខែ​​​សីហា​​​ ហើយ​​​ខ្ញុំ​​​គិត​​​ថា ខែ​​​សីហា​​​ គឺ​​​ជា​​​ខែ​​​ដែល​ប្រហែល​ជាលែង​មាន​ការ​ផ្លាស់ប្តូរ​​​​ហើយ​”។

លោក កែវ​មនោ បាន​​​ទទួល​​​ស្គាល់​​​ថា ថ្ងៃ​​​ចាប់​​​ផើ្តើម​​​ណា​​​មួយ​​​​​​ដែល​​​យឺ​​​តជាង​​​ខែ​​​សីហា​​​គឺ​​​វា​​​កៀក​​​ទៅ​​​នឹង​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​ពេក​​​ហើយ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “នៅ​​​មាន​​​ពេល​​​គ្រប់​​​គ្រាន់​​​នៅ​​​ឡើយ​​​​​​ ប៉ុន្តែ វា​​​ជា​​​ការ​​​ល្អ​​​បើ​​​ការ​​​​​ចុះ​​​ឈ្មោះ​​​អាច​​​ធ្វើ​​​ឡើង​​​មុន​​​ខែ​​​កញ្ញា​​​ ហេតុ​​​ដូច្នេះ​​​យើង​​​អាច​​​មាន​​​ពេល​​​សម្រាក​​​ខ្លះ​​​ៗ​​​។ ប្រសិន​​​បើ​​​យើង​​​ចាប់​​​ផ្តើម​​​នៅ​​​ក្នុង​​​ខែ​​​កញ្ញា យើង​​​នឹង​​​រវល់​​​ខ្លាំង​​​ គឺ​​​មាន​​​ន័យ​​​ថា ប្រហែល​​​ជា​​​យើង​​​ត្រូវ​​​ធ្វើ​​​ការ​​ពេញ​​​មួយ​​​សប្តាហ៍​​​​​ដោយ​​​គ្មាន​​​​​​ថ្ងៃ​​​ឈប់​​​សម្រាក​​​”។

លោក​​​បាន​​​បន្ថែម​​​ថា ការ​​​កំណត់​​​ជា​​​ផ្លូវ​​​ការ​​​សម្រាប់​​​ថ្ងៃ​​​ចុះ​​​ឈ្មោះ​​​នឹង​​​បញ្ចេញ​​​ឲ្យ​​​ដឹង​​​នៅក្នុងខែនេះ​ បន្ទាប់​​​ពី​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ខ្មែរ​​​រួច​​​ដោយ​​​គ.ជ.ប.​​​​​ត្រូវ​​​ជួប​​​ប្រជុំ​គ្នា​​​មុនគេ​ដើម្បី​​​អនុម័ត​​​ច្បាប់ និង​​​បទប្បញ្ញត្តិ សម្រាប់​​​ការ​​​បោះ​​​ឆ្នោត​​​។

គេ​​​មិន​​​ទាន់​​​ច្បាស់​​​ទេ​​​ថា តើ​​​ពេល​​​ណា​​​ដែល​​​​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ​​​សង្កាត់​​​​​​នឹ​​​ង​​​ត្រូវ​​​ធ្វើ​​​ឡើង​​​ឡើយ​​​។​​​កាល​​​ពីលើក​​​​មុនៗ​​​​ គេ​​​ធ្វើ​​​ឡើង​​​នៅ​​​ខែ​​​កុម្ភៈ​​​ឆ្នាំ២០០២ ខែ​​​មេសា ឆ្នាំ​​​២០០៧ និង​​​ខែ​​​មិថុនា ​​​ឆ្នាំ ២០១២​​​។ ខែ​​​កុម្ភៈ ឬ​​​ខែ​​​កក្កដា គឺ​​​ជា​​​​​​ខែ​​​ដែល​​​​​​ស័ក្តិសម​​​បំផុត​​​សម្រាប់​​​ឆ្នាំ ២០១៧​​​។​​​ ​​​ការ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​តាំង​​​តំណាង​​​រាស្ត្រ​​​លើក​​​ក្រោយ​​​ គ្រោង​​​ធ្វើ​​​ឡើង​​​នៅ​​​ខែ​​​កក្កដា ​​​ឆ្នាំ​​​២០១៨​​​។

គ.ជ.ប.​​​លើក​​​ឡើង​​​ថា ខ្លួន​​​មាន​​​បំណង​​​បង្កើត​​​​​​បញ្ជីឈ្មោះអ្នក​​​បោះ​​​ឆ្នោត​​​អេឡិច​​​ត្រូនិក​​​​​​ទាំង​​​ស្រុង​​​ចាប់​​​ពី​​​ចំណុច​​​សូន្យឡើងវិញ​​​​ដោយ​​​ប្រើ​​​ការ​​​កំណត់​​​រូប​​​ថត​​​ និង​​​ស្នាម​​​ម្រាម​​​ដៃ​តាម​​​វិធី​​​សាស្ត្រ​​​ជីវមាត្រ​​​ដើម្បី​​​ចៀស​​​វាង​​​ភាព​​​ចម្រូង​​​ចម្រាសដែល​​​បាន​​​​​​កើត​​​ឡើង​​​មុន និង​​​ក្រោយ​​​​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​២០១៣ ​​​ដែល​​​ពេល​​​នោះ​​​បាន​​​ប្រើ​​​ប្រាស់​​​បញ្ជី​​​ដែល​​​ភាគ​​​ច្រើន​​​ធ្វើ​​​ឡើង​​​ដោយ​​​ដៃ​​​។

បញ្ហា​​​ធំៗ​​​​ទាក់ទិន​​​នឹង​​​បញ្ជី​​​ទាំង​​​នោះ​​​​ត្រូវ​​​បាន​​​ទទួល​​​ស្គាល់​នៅ​ពេល​​​នោះ​​​ដោយ​​​គ.ជ.ប.​​​ ចាស់​​ ដែល​បាន​​គូស​​​បញ្ជាក់​​​ថា មាន​​​ឈ្មោះ​​​”ខ្មោច​​​”ប្រហែល​​​២៧០.០០០​​​នាក់​​​ដោយ​ភាគ​​​ច្រើន​​​ចុះឈ្មោះ​ជាន់​​​​​​គ្នា​​​ និង​អាច​មានការ​​​បាត់​​​ឈ្មោះ​​​មួយ​លាន​​​បន្ថែម​​ពី​​​បញ្ជី​​​ឈ្មោះ​​​អ្នក​​​បោះ​​​​​​ឆ្នោត​​​។

ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​ ស្ថាប័ន​​​បោះ​​​ឆ្នោត​​​ដែល​​​​​​មាន​​​តែ​​​សមាជិក​​​មក​​​ពី​​​​​​​​​គណបក្ស​​​ប្រជាជនកម្ពុជា​​​ត្រូវ​​​បាន​​​រម្លាយ​​​ចោល​​​ដោយ​​​ជំនួស​​​ដោយ​​​ស្ថាប័ន​​​ថ្មី​​​ដែល​​​មាន​​​សមាជិក​​​៤​​​រូប​​​មក​​​ពី​​​គណបក្ស​​​ប្រជាជនកម្ពុជា និង​​​៤​​រូប​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ រីឯ​​​លោក ​​​ហង្ស ​​​ពុទ្ធា ដែលជា​​​សមាជិក​​​អព្យាក្រឹតទី​​​៩ និង​​ដែលជា​​​​​​អតីត​​​អ្នក​​អង្កេត​​​ការណ៍​​​បោះ​​​ឆ្នោត​​​ត្រូវ​​​​​​បានជ្រើស​​​រើស​​​ដោយ​​​គណបក្ស​​​ទាំង​​​ពីរ​​​។​​​

ទោះជាយ៉ាង​ណា​ ប្រធាន​​​រដ្ឋ​​​បាល​​​នៃ ​​​គ.ជ.ប.​​​ នៅ​​​តែ​​​ដដែល​​។ លោក​​​ ទេព នីថា​​​ដែល​​​ជា​​​អគ្គលេខាធិការ​​​ និង​​​ធ្លាប់​​​ជា​​​អ្នក​​​ឃោស​​​នា​​​ឲ្យ​​​គណបក្ស​​​ប្រជាជន​ក​​​ម្ពុជា​​​ត្រូវ​​​បាន​​​តែង​​​តាំង​​​​​​ឲ្យ​​​កាន់​​​មុខ​​​តំណែង​​​ដដែល​ប្រកប​​​​​​​​​ដោយ​​​ភាព​​​ចម្រូង​​​ចម្រាស​​​ ទោះ​​​បី​​​ជា​​​រង​​​ការ​​​រិះ​​​គន់​​​ចំពោះ​​​ការ​​​គ្រប់​​​គ្រង​​​របស់​​​លោក​​​អំឡុង​​​ការ​​​បោះ​​​ឆ្នោត​​​​​​ឆ្នាំ​​​២០១៣​​​ក៏​​​ដោយ​​​។

ការ​​​បង្កើត​​​​​​បញ្ជី​​​ឈ្មោះ​​​អ្នក​​​បោះ​​​ឆ្នោត​​​មិន​​​មែន​​​ជា​​​ប្រតិបត្តិការ​ដែល​​​ចំណាយ​​​ប្រាក់​​​អស់​​​តិច​​​នោះ​​​ទេ​​​ ដោយ​​​គ.ជ.ប.​​​បាន​​​លៃលក​​​ទុក​​​ប្រាក់​​​ចំនួន​​​២៨​​​លាន​​​ដុល្លារ​​​​​​នៅ​​​ក្នុង​​​ថវិកា​​​ជាតិ​​​សម្រាប់​​​ឆ្នាំ​​​នេះ​​​​​​​​​ ពោល​​​គឺ​​​កើន​​​ឡើង​​​៧៦៣​​​ភាគ​​​​​​រយ​​​ពី​​​ឆ្នាំ​​​មុន​​​ និងប្រាក់​​​​ប្រហែល​​​១១​​​លាន​​​​​​ដុល្លារ​​​ទៀត​ដែល​សហភាព​​​អឺរ៉ុប​​​បាន​​​​សន្យា​​​ផ្តល់ឲ្យ​កាល​​​ពី​​​ឆ្នាំ​​​មុន​​។

លោក​​​ ចច អេដហ្គា (George Edgar) ​​​ឯកអគ្គ​​​រដ្ឋ​​​ទូត​​​សហភាព​អឺរ៉ុប​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក​​​មាន​​​ព័ត៌មាន​​​ថ្មី​ៗ​​​បំផុត​​​អំពី​​​ការ​​​រៀប​​​ចំ​​​ការ​​​ចុះឈ្មោះ​​​អ្នក​​​បោះ​​​ឆ្នោត​​​ ហើយ​​​មិន​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​​​​ដូច​​​លោក គល់​​​ បញ្ញា​​​​ ទេ​​​។

លោក​​​បាន​​​សរសេរ​​​នៅ​​​ក្នុង​​​អីុម៉េល​​​មួយ​​​ថា “សហភាព​​​អឺរ៉ុប​​​ជឿ​​​ជាក់​​​ថា គ.ជ.ប.​​​នឹង​​​ធ្វើ​​​​​​ការ​​​ចុះ​​​ឈ្មោះ​​​អ្នក​​​បោះ​​​ឆ្នោត​​​ដោយ​​​មាន​​​ពេល​​​វេលា​​​សល់​គ្រប់​​​គ្រាន់​​​ដើម្បី​​​បង្កើត​​​បញ្ជី​​​ឈ្មោះ​​​អ្នក​​​បោះ​​​ឆ្នោត​​​ឲ្យ​​​ស្របតាម​​​ច្បាប់  និង​​​ទាន់​​​ពេល​​​វេលា​​​សម្រាប់​​​ការ​​​បោះ​​​ឆ្នោត​​​ឆ្នាំ​​​២០១៧”។

លោក​​​បាន​​​សរសេរ​​​បន្ត​​​ថា “ការ​​​ពន្យារ​​​ពេល​​​នៅ​​​ក្នុង​​​ការ​​​ចាប់​​​ផ្តើម​​​ដំណើរ​​​ការ​​​នេះ​​​ គឺ​​​ដោយ​​​សារ​​​តែ​​​ភាព​​​ចាំ​​​បាច់​​​ដើម្បី​​​ធានាឲ្យបាន​​​​​​​ថា មាន​​​ការ​​​រៀប​​​ចំ​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​ដំណើរ​​​ការ​​​ចុះ​​​ឈ្មោះ​​​ ប៉ុន្តែ​ក៏​​​សម្រាប់​​​ការ​​​បង្កើត​​​ប្រព័ន្ធ​​​ ដំណើរ​​​ការ​​​ចុង​​​ក្រោយ​​​ដើម្បី​​​បង្កើត​​​បញ្ជី​​​ឈ្មោះ​​​បោះឆ្នោត​​​ដ៏​ច្បាស់លាស់​​​មួយ​​​ផង​​​ដែរ​​​”។

ប៉ុន្តែ លោក យឹម សវុណ្ណ អ្នក​​​នាំ​​​ពាក្យ​​​គណ​​​​​​បក្ស​​​សង្គ្រោះ​​​ជាតិ បាន​​​​​​លើក​​​ឡើង​​​ថា ​​​គណ​​​បក្ស​​​ប្រឆាំង​​​ក៏​​មានការបារម្ភ​ដែរ​​​ចំពោះ​​​​​​ការ​​​ពន្យារ​​​ពេល​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​នេះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​គឺ​​​ជា​​​ការ​​​ព្រួយ​​​បារម្ភ​​​មួយ​​​ដ៏​​​ធំ​​​។ ពួកគេ​​​គួរ​​​តែ​​​ធ្វើ​​​រឿង​​​េនះ​​​ឲ្យ​​​បាន​​​ឆាប់​​​តាម​​​ដែល​​​អាច​​​​​​ធ្វើ​​​ទៅ​​​បាន។​​​ដូច​​​ដែរ​​យើង​​​​​​​ដឹង​​​ស្រាប់​​​ហើយ​​​ថា ការ​​​បោះ​​​ឆ្នោត​​​ឃុំ​​​សង្កាត់​​​អាច​​​ចាប់​​​ផ្តើម​​​នៅ​​​ខែ​​​កុម្ភៈ ឬ​​ខែ​​​កក្កដា ឆ្នាំ​​​២០១៧។ ពល​​​រដ្ឋ​​​ខ្លះ​​​នៅមិន​​​ទាន់​​​មាន​​​អត្ត​​​សញ្ញាណ​​​ប័ណ្ណ​​​នៅ​​​ឡើយ​​​ទេ​​​ហើយ​​​ដំណើរ​​​ការ​​​នេះ​​​យឺត​​​យ៉ាវ​​​ណាស់​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “ដំណើរការ​​​​នេះ​​​បាន​​​ពន្យារ​​​ពេល​​​ជា​​​ច្រើន​​​លើក​​​ច្រើន​​​សា​​​ហើយ​​​​​​​​​យើង​​​មិន​​​ដឹង​​​ថា មានអ្វី​​​​​​កើត​​​ឡើង​​​ចំពោះ​​​គ.ជ.ប.​​​ទេ​។យើង​​​នឹង​​​មិន​​​ជ្រៀត​​​ជ្រែក​​​ចូល​​​ក្នុង​​​ការ​​​ងារ​​​របស់​​​ពួក​​​គេ​​​ទេ​​​ ប៉ុន្តែ បើ​​​ពួកគេ​​​ពន្យារ​​​ពេល​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​ អ៊ីចឹង​​​ យើង​​​នឹង​​​ព្យាយាម​​​ស្វែង​​​រក​​​ព័ត៌មាន​​​”។

លោក គល់ បញ្ញា បាន​​​លើក​​​ឡើង​​​​​​ទៀត​​​ថា គ.ជ.ប. គួរ​​​តែ​​​បញ្ចេញ​​​ថ្ងៃ​​​បរិច្ឆេទ​​​ដែល​​​ខ្លួន​​​​​​គិត​​​ថា អាច​​​ប្រាកដ​​​ប្រជា​​​​​​​​​ឲ្យ​​​បាន​​​ឆាប់​​​ ទោះ​​​បី​​​ជា​​​វា​ចាប់​​​ផ្តើម​​​នៅ​​​ខែ​​​កញ្ញា​​​ក៏​​​ដោយ​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា “​​​ការ​​​ចុះ​​​ឈ្មោះ​​​អ្នក​​​មាន​​​សិទ្ធិ​​​បោះ​​​ឆ្នោត​​​ជាង​​​១០​​​លាន​​​នាក់​​​ គឺ​​​ជា​​​ប្រតិបត្តិការ​​​ដ៏​​​ធំ​​​​​​ ហើយ​​​គ.ជ.ប.ត្រូវ​​​តែ​ធ្វើ​​​តាម​​​​​​កាល​​​វិភាគ​​”៕ស៊ុយឈាង​

 

The post បញ្ជី​​​ឈ្មោះ​​​អ្នក​​​បោះ​​​ឆ្នោត​​​ប្រហែលជា​​​មិន​​​អាច​​​រួច​​​រាល់​​​ទាន់​​​​​​ពេល​​​សម្រាប់​​​ឆ្នាំ​​​២០១៧​​​ appeared first on ខេមបូឌា ដេលី.