តុលាការ​សាកសួរ​ម្ចាស់​ហាង​ធ្វើសក់​​ជុំវិញ​ករណី​ស្រី​កំណាន់​លោក កឹម សុខា​

ម្ចាស់​ហាង​ធ្វើសក់​ដែល​​​ជា​​​កន្លែង​​​​ស្រី​​​កំណាន់​ម្នាក់​ក្នុង​ចំណោម​ស្រីកំណាន់​​របស់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​ប្រឆាំង​​​​​ត្រូវ​​​បាន​​​គេ​​​និយាយ​​​​ថា បាន​ជួប​អ្នក​នយោបាយ​​​​រូបនេះ​ខណៈលាប​ថ្នាំសក់​ឱ្យ​គាត់​​​​​នោះ​​​បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​​សាលា​ដំបូង​រាជ​ធានី​​​​ ភ្នំពេញ​ កាល​​​ពី​ម្សិល​​​មិញ​​​​​ដើម្បី​ឆ្លើយ​បំភ្លឺ​​អំពីរឿង​រា៉ាវ​​ស្នេហា​​​​​​ដែល​​​មានការ​ចោទ​​​ប្រកាន់​​​​នេះ​​​។

លោក កឹម សុខា​ ប្រឈម​ការ​ស៊ើប​អង្កេត ​ដោយ​រដ្ឋាភិបាល​​ទាក់​ទង​​ខ្សែ​អាត់​សំឡេង​​ដែល​បាន​បែក​ធ្លាយ​​តាម​ប្រព័ន្ធអីុន​ធឺណិត​កាលពី​ខែ​មុនដែលតាម​ចោទថា លោក​​​​បាន​និយាយ​ជាមួយ​​ស្រីកំណាន់​របស់លោក​ រួម​​​ មាន​កញ្ញា ខឹម​ ចាន់តារាទី អ្នក​ធ្វើសក់ ដែល​​​​ប្រឈម​ការ​ចោទប្រកាន់​ពី​បទ​ពេស្យាចារ​​​ ជា​​​ដើម​​​។

និយាយ​នៅ​ក្រៅ​តុលាការ​កាលពី​ម្សិល​​​មិញ លោក ទួន សុជាតិ ម្ចាស់​ហាង​​កាត់​សក់​ខ្មែរ​អង្គរ​ ក្នុង​ខណ្ឌចំការ​មនបាននិយាយ​ថា លោក​បាន​ទទួលយក​កញ្ញា ចាន់​តារាទី ​មក​ធ្វើការ​រយៈពេល​មួយ​ឆ្នាំមក​ហើយ​ ប៉ុន្តែ​​មិន​ដែលកត់​សម្គាល់​ឃើញ​អ្វី​ប្លែក​​ពី​ទំនាក់​ទំនង​របស់​នាង​ជាមួយ​លោក កឹម សុខា ទេ​។

ដោយ​បង្វែរ​សំណួរ​បន្ថែម​ទៅ​កាន់​បទ​សម្ភាសន៍ដែល​លោក​បាន​ធ្វើ​កាលពីខែមុន លោក​ សុជាតិ បាន​មាន​ប្រសាសន៍​ថា “​គាត់​មក​ម្តង​ម្កាល។ មួយ​ខែកន្លះ ឬ​មួយ​ខែ​ គាត់​មក​ម្តង។ គាត់​មក​កាត់​សក់ ហើយ​ឱ្យ​លាប​សក់​ តែប៉ុណ្ណឹង​”។

cam-photo-barber-shop-channaនៅក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​បន្ទាប់ពី​ការសន្ទនាដែល​ថត​ទុក​ ​ត្រូវ​បាន​​​​ផ្សព្វផ្សាយ​ជា​សាធារណៈ លោក សុជាតិ បាន​លើក​ឡើង​ថា លោក​មិន​ជឿ​ថា កញ្ញា ចាន់​តារាទី​ ដែល​ហៅ​ក្រៅ​ថាស្រីមុំ បាន​សរសេរ​សារ​ដោយ​កំហឹង​​​អម​ដោយ​ខ្សែ​អាត់​សំឡេង​​​​ដែល​លេច​ធ្លាយ​ដំបូងគេ​​​ឡើយ​​​​​​។

លោក សុជាតិ បាន​និយាយ​ថា “​ពី​មុនៗ​​ នៅពេល​​ស្រីមុំ​​បាន​ប្រើ​ហ្វេស​ប៊ុក រាល់​លើក​នាង​សរសេរ​អក្សរ​ខ្មែរ​មិន​បាន​ល្អ​​ទេ។ នាង​បាន​សុំ​ឱ្យ​អ្នក​ដទៃ​ជួយ។ ប៉ុន្តែ​នៅពេល​ខ្ញុំ​​ឃើញ​​ ប្រូហ្វាល​ (Profile) នេះវាមាន​ការ​សរសេរ​ល្អឥត​ខ្ចោះតែម្តង”។

លោក សុជាតិ​ បាន​បន្ថែម​ថា លោក​មិន​ដឹង​ថា​ តើ​ការ​អះ​អាង​​ប្រឆាំង​លោក​ កឹម សុខា ពិត​ឬ​យ៉ាង​ណាឡើយ ប៉ុន្តែ​លោក​ជឿ​ថា ខ្សែអាត់​សំឡេង​ដែល​លេច​ធ្លាយ​ពិត​ជា​បង្ហាញ​ពី​សំឡេង​លោក កឹម សុខា និង​កញ្ញា ចាន់​តារាទី​ ។

លោក​បាន​និយាយ​ថា “បញ្ហា​បុគ្គលិក​​មាន​ទំនាក់​ទំន​ង​ជាមួយ​នរណាម្នាក់​ គឺ​​​មិនមែន​​​​ត្រឹម ​​តែជាមួយ​លោក កឹម សុខា​ ឬ​ជាមួយ​ភ្ញៀវ​​​​ផ្សេង​​​​ឡើយ។ ប្រសិន​បើ​ពួកគេ​​មាន​ទំនាក់​ទំនង​ ពួកគេ​លាក់​បាំង​ខ្ញុំ និង​​​​មិន​ឱ្យ​ខ្ញុំដឹង ឡើយ​​”។

រហូត​មក​ទល់​ពេល​នេះ​ លោក កឹម សុខា និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត​​នៅ​​​តែ​​​ប្រកាន់​ជំហរ​ដាច់​ខាត​ថា “​មិន​ឆ្លើយ​ មិន​ឆ្លង​ និង​មិន​ឈ្លោះ” ចំពោះ​ការ​ចោទ​ប្រកាន់​ដែលពួកគេ​និយាយ​ថា ត្រូវ​បាន​ធ្វើ ឡើង​​ជា​សាធារណៈ​​ដោយ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​​ជា​ការ​វាយ​ប្រហារ​នយោបាយ។

ប៉ុន្តែ​​ដោយ​កញ្ញា ចាន់​តារាទី​ ត្រូវ​បាន​សាកសួរ​ដោយ​នគរបាល​ប្រឆាំង​ភេរវកម្ម​ និង​​ត្រូវ​បាន​កោះ​ហៅ​ឱ្យ​បង្ហាញ​ខ្លួននៅ​តុលាការ​កាលពី​ថ្ងៃ​សុក្រ​​ដើម្បីសាក​សួរ​​ពីបទ​​ពេស្យាចារ​​ លោក សម រង្ស៊ី មេ​ដឹក​នាំ​គណ​​​បក្ស​​​​ប្រឆាំង​ កាលពី​ថ្ងៃច័ន្ទ​​បាន​សុំ​ឱ្យ​លោក​​​ស្រី មូរ សុខហួរ​ ប្រធាន​កិច្ច​ការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​អន្តរាគមន៍​ដើម្បី​ការពារ​​ស្ត្រី​រូបនេះ។

លោកស្រី មូរ សុខហួរ បាន​លើកឡើង​តាម​អីុម៉េលកាលពី​ម្សិលមិញ​ថា លោកស្រី និង​សមា​ជិក​សភាផ្សេង​ទៀត​​នឹង​ធ្វើ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​​ដើម្បី​ការ​ពារ​កញ្ញា ចាន់​តារាទី ​ពី​យុទ្ធនាការ​ប្រឆាំង​លោក កឹម សុខា​ ប៉ុន្តែ​​មិន​បាន​ផ្តល់​ព័ត៌​​មាន​​ជាក់​លាក់​ទេ៕​​ សារុន (រាយការណ៍​បន្ថែម​ដោយ Alex Willemyns)

 

 

The post តុលាការ​សាកសួរ​ម្ចាស់​ហាង​ធ្វើសក់​​ជុំវិញ​ករណី​ស្រី​កំណាន់​លោក កឹម សុខា​ appeared first on ខេមបូឌា ដេលី.