ឆ្នាំវក បាន​រំកិល​ខ្លួន​ជិត​មកដល់​ហើយ ដូច្នេះ​ខ្ញុំ​សូម​ចេញ​រឿង​និទាន​មួយ (វាសនា​ស្វា)

ឆ្នាំវក បាន​រំកិល​ខ្លួន​ជិត​មកដល់​ហើយ ដូច្នេះ​ខ្ញុំ​សូម​ចេញ​រឿង​និទាន​មួយ (វាសនា​ស្វា)



កាលពីព្រេងនាយ ​មាន​សាលាខេត្ត​មួយ បាន​ចិញ្ចឹម​សត្វ​ស្វា​១​ក្បាល !​ជា​រៀងរាល់ថ្ងៃ​ មុននឹង​ចូល​ធ្វើការ​ ចៅហ្វាយខេត្ត​នោះ​តែងតែ​ដាក់​ចំណី​(​ចេក​)​ឲ្យ​សត្វ​ស្វា​នោះ​ស៊ី​២​ផ្លែ !​ តែ​មុននឹង​ឲ្យ​ចំណី​ចៅហ្វាយខេត្ត​នោះ​បាន​ខោក​ក្បាល​១​ក្រញរ​រាល់ពេល !​ស្វា​នោះ​ខឹង​ខ្លាំង​ណាស់ មួយ​ថ្ងៃៗ ខំ​បន់​ស្រន់​ឲ្យ​តែ​ដក​ចៅហ្វាយខេត្ត​នោះ​ចេញ ! ព្រោះ​គិត​ថា បើ​ដូរ​ម្ចាស់​ថ្មី​ ក្រែងលោ​គាត់​ចិត្ត​ទូលាយ​ជាង !​ទីបំផុត​ចៅហ្វាយខេត្ត​នោះ​ត្រូវ​បាន​ដក​ដូច​បំណង​មែន !​ប៉ុន្មាន​ថ្ងៃ​ក្រោយ មក ​ចៅហ្វាយខេត្ត​ថ្មី​ទី​២​បាន​ចូលកាន់​តំណែង ពេល​ចូល​ធ្វើការ​បាន​ឲ្យ​ចំណី​(​ចេក​)​សត្វ​ស្វា​នោះ​ស៊ី​ចំនួន​១​ផ្លែ​មុននឹង​ចូល​ធ្វើការ !​តែ​ចៅហ្វាយខេត្ត​ទី​២​នេះ មុននឹង​ដាក់​ចំណី បាន​ខោក​ក្បាលស្វា​២​ក្រញរ !​សត្វ​ស្វា​នោះ បាន​ខឹង​ខ្លាំង​លើស​ដើម ព្រមទាំង​បន់ស្រន់​សុំ​ឲ្យ​ដក​ចៅហ្វាយខេត្ត​ទី​២​នេះ​ចេញ​ឆាប់ៗ !​ទីបំផុត​រដ្ឋាភិបាល​បាន​ដក​ចៅហ្វាយខេត្ត​ទី​២​នោះ​ចេញ​ទៀត !​ដូច​បំណង​ស្វា​មែន !​ ក្រោយមក​ប៉ុន្មាន​ថ្ងៃ​ចៅហ្វាយខេត្ត​ថ្មី​ទី​៣​បាន​ចូលកាន់​តំណែង !​នៅ​ពេល​ចូល​ធ្វើការ ចៅហ្វាយខេត្ត​ថ្មី​បាន​ក្រឡេក​ឃើញ​សត្វ​ស្វា​ដ៏​កម្សត់​នេះ ហើយ​ស្វា​នោះ​ក៏​ខំ​ញញឹមញញែម​ដាក់​ម្ចាស់​ថ្មី !​ពេលនោះ​ចៅហ្វាយខេត្ត​ថ្មី​បាន​សួរ​ទៅ​មន្ត្រី​សាលាខេត្ត​ថា អ្នកណា​យក​ស្វា​មក​ចិញ្ចឹម​ក្នុង​សាលាខេត្ត​នេះ ? រំពេច​នោះ​ចៅ​ហ្វាយ​ខេត្ត​ថ្មី​មិន​ត្រឹមតែ មិន​ដាក់​ចំណី​ឲ្យ​ស្វា​នោះ​ស៊ី​ទេ ថែមទាំង​បាន​បញ្ជា​ទៅ​កូនចៅ​យក​ស្វា​នេះ​ទៅ​ចោល ​ឬ​កាប់​ស៊ី​តែម្ដង !​ដោយ​ចោទ​ប្រកាន់​ថា​ ទុក​វា​ធ្វើ​ស្អី នាំ​តែ​ទើសមុខ ទើស​មាត់ អស់​ចំណី ជុះ នោម ស្អុយ​ពេញ​សាលាខេត្ត​ហ្នឹង? ទីបំផុត​សត្វ​ស្វា​នោះ​បាន​ស្លាប់​តៃហោង​មែន។​

ខ្ញុំ​សូម​អំពាវនាវ​កុំ​ឲ្យ​យក​គំរូ​តាម​ចៅហ្វាយខេត្ត​ក្នុង​រឿងនិទាន​នេះ​អី ! ត្រូវ​មើល និង​ដឹង​ពី​សុខ​ទុក្ខ​កូនចៅ​ផង !​កុំ​ចេះតែ​ខំប្រឹង​លួច​លេប​តែម្នាក់ឯង (​ចង​ម៉ុង​ស៊ី​មាន់​) ប្រយ័ត្ន​អួល និង​បែក​ពោះ​ស្លាប់ តិច​ថា​មិនបាន​ប្រាប់៕