ឪពុក​ស្លាប់ ​កូន​របួសធ្ងន់ ​ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​ដី​បើក ​បុក​ម៉ូតូ ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២

ឪពុក​ស្លាប់ ​កូន​របួសធ្ងន់ ​ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​ដី​បើក ​បុក​ម៉ូតូ ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២



ភ្នំពេញ ​៖ ​បុរស​ជា​ឪពុក​បាន​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​នៅ​កន្លែង​កើត​ហេតុ ចំណែ​ក​កូនស្រី​អាយុ ៤​ឆ្នាំ រង​របួស​ធ្ងន់ធ្ងរ ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង រថយន្ត​ដឹក​ដី​បើក​បុក​ម៉ូតូ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២ កែង​នឹង​ផ្លូវលំ ស្ថិត​ក្នុងភូមិ​ស្រីស្នំ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជ​ធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១៥​និង​២០​នាទី​រសៀល​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៦។​

សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ជា​ឪពុក ឈ្មោះ ធី ឆាង អាយុ​៣៦​ឆ្នាំ មុខរបរ​ជាង​សំណង់ (ស្លា​ប់​ ) និង​មាន​ប្រពន្ធ​ឈ្មោះ ធា រី អាយុ ៣៣​ឆ្នាំ ចំណែក​កូនស្រី​ដែល​រង​របួស​ធ្ងន់ធ្ងរ​មានឈ្មោះ ធី ឃុន​ឌី អាយុ ៤​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ។​

សមត្ថកិច្ច​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​រវាង​រថយន្ត ដឹក​ដី ប្រភេទ​យី​ឌុប ពណ៌​ស ម៉ាក DONGFENG ពាក់​ស្លាក​លេខ ភ្នំពេញ 3C-4489 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញា​ណ ពោល​គឺ​ក្រោយពី​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​បន្ថែម​ល្បឿន បើក​ឆ្ពោះ​ទៅ​មុខ​ប្រមាណ​ជាង ៣ គីឡូម៉ែត្រ ទើប​ទុក​រថយន្ត​ចោល រួច​រត់​ចុះ​គេចខ្លួន​បាត់ស្រមោល។ ចំណែក​ទីតាំង​ដែល​អ្នក​បើក​បរ​ទុក​រថយន្ត​ចោល ហើយ​រត់​ចុះ​គេច​ខ្លួន​បាត់​ស្រមោល​នោះ គឺ​ស្ថិត​នៅ​ក្នុង​រណ្ដៅ​ដី ​ដែល​មាន​ថៅ​កែ ​ឈ្មោះ សៅ សុធា ភូមិ​ឆ្មា​ពួន ឃុំ​ជើង​កើប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល។ ចំណែក​ម៉ូតូ ម៉ាក​ស្មាស់​រ៉េ​វូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1O-1245។​

សមត្ថកិច្ច​ប្រាប់​បន្ថែម​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​ដី ដែល​បង្ក​ហេតុនេះ មិន​មែន​ជា​រថយន្ត​ដឹក​ដី​របស់​ថៅកែ​រណ្ដៅ​ដី ឈ្មោះ សៅ សុធា នោះ​ទេ គឺជា​រថយន្ត​ដឹក​ដី​របស់​ក្រុមហ៊ុន​ចិន ហើយ​មក​ទិញ​ដី​ពី​ថៅកែ ឈ្មោះ សៅ សុធា នេះ ដើម្បី​យក​ទៅ​ចាក់​ស្ថាបនា​ផ្លូវ ៦០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ ។​

ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួកគាត់​បានឃើញ រថយន្ត​ដឹក​ដី ប្រភេទ​យី​ឌុប និង​ម៉ូតូ​ជនរងគ្រោះ​បើកបរ​ស្រប​ទិស​គ្នា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុង​ទិស​ដៅ​ពី​កើ​តទៅ​លិច ដោយ​ម៉ូតូ​ជនរងគ្រោះ​បើកបរ​នៅ​ខាង​មុខ លុះ​មកដល់​ចំណុច​កើត​ហេតុ កែង​នឹង​ផ្លូវលំ​ចូល​ភូមិ មិនដឹង​ជា​យ៉ាង​មិច​នោះ​ទេ ស្រាប់តែ​រថយន្ត​ដឹក​នោះ​បើក​បុក​ម៉ូតូ​ជនរងគ្រោះ​ចំ​ពី​ក្រោ​យ​ពេញទំហឹង អូស​ជាច្រើន​ម៉ែត្រ បណ្ដាល​ឲ្យ​បុរស​ជា​ឪពុក ​ដែល​ជា​អ្នកបើកបរ​ម៉ូតូ បាន​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​នៅ​កន្លែង​កើត​ហេតុ ចំណែក​កូនស្រី​ដែល​មាន​អាយុ​ទើបតែ ៤​ឆ្នាំ រង​របួស​ធ្ងន់ធ្ងរ។ ​

ក្រោយ​កើត​ហេតុ​​នគរបាល​ជំនាញ​ចរាចរណ៍ បាន​នាំ​យក​ទាំង​រថយន្ត​បង្កហេតុ និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ខាង​តំណាង​រថយន្ត​ចូ​ល​ខ្លួន​មក​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់៕​

ឪពុក​ស្លាប់ ​កូន​របួសធ្ងន់ ​ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​ដី​បើក ​បុក​ម៉ូតូ ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២

ឪពុក​ស្លាប់ ​កូន​របួសធ្ងន់ ​ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​ដី​បើក ​បុក​ម៉ូតូ ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២