ណាត់​គ្នា​ទៅ​ដឹក​ដើម​ដំឡូង ដូច​ណាត់​ទៅ​ប្លន់​​

ណាត់​គ្នា​ទៅ​ដឹក​ដើម​ដំឡូង ដូច​ណាត់​ទៅ​ប្លន់​​



បាត់ដំបង ៖ ជនរងគ្រោះ​ចំនួន​៣​នាក់ ដែល​ជា​ដង្ខៅ​ទិញ​ដើម​ដំឡូង ត្រូវ​បាន​ជនពាល​ទូរស័ព្ទ​ណាត់​ឲ្យ​ទៅ​ដឹក​ដើម​ដំឡូង​ទាំង​យប់ ហើយក៏​បាន​ធ្វើ​សកម្មភាព​ប្លន់​យក​ប្រាក់​អស់​ក្រែល ដោយ​ប្រើប្រាស់​អាវុធ​ធុន​អាការ​ស្វ័យ​បត់១​ដើម បន្ទាប់ពី​ជនរងគ្រោះ​ទាំងអស់​បាន​បើក​រថយន្ត​ចេញទៅ​ទាំង​យប់ ដែល​ជា​ឱកាស​ល្អ​សម្រាប់​ជនល្មើស។

ករណី​កំហែង​យក​ប្រាក់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​៥ ខែ​មេសា​ ឆ្នាំ​២០១៦ ត្រង់​ចំណុច​ក្នុង​ដីចម្ការ​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​ស្រះ​ទឹក​ថ្មី ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្ត​បាត់​ដំបង ដោយ​ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ប្លន់​ប្រដាប់​អាវុធ​នេះ​មាន​បក្ខពួក​តែ​ម្នាក់​គត់។

តាម​ការ​រៀបរាប់​ពី​ជនរងគ្រោះ​ឈ្មោះ អ៊ិត សុរ៉ា​ក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​អង្គ​ខ្លី ឃុំ​តា​ម៉ាញ ស្រុក​ឈូក ខេត្ត​កំពត ដោយ​បច្ចុប្បន្ន​មក​ស្នាក់នៅ​រកស៊ី​នៅ​ចំណុច​អក្សរ​តេ ក្នុងស្រុក​សំឡូត បាន​និយាយ​ប្រាប់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ថា នៅ​ល្ងាច​មុនពេល​កើតហេតុ​ ខ្លួន​បាន​ទទួល​ទូរស័ព្ទ​មួយ​ដែល​បាន​និយាយ​ណាត់​ឲ្យ​ទៅ​ដឹក​ដើម​ដំឡូង​ត្រង់​ចំណុច​ខាងលើ ទើប​ខ្លួន​បាន​នាំ​ឪពុក​ឈ្មោះ ថង រ៉ាត់ អាយុ​៥០​ឆ្នាំ និង​កម្មករ​ម្នាក់​ឈ្មោះ ទូច ពៅ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ឲ្យ​បើក​រថយន្ត​ទៅជា​មួយ ​ដើម្បី​ឡើង​ដើម​ដំឡូង​តាម​ការសន្យា។

លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​ពួកគេ​ទាំង​អស់​គ្នា​បាន​ជួប​នឹង​បុរស​ម្នាក់ ដែល​មាន​មាឌ​ខ្ពស់ សម្បុរ​ស សក់រួញ មុខ​ធំ ភ្នែក​ខូង ស្លៀក​ខោ​វែង​ខ្មៅ អាវ​ស​ការ៉ូ​វែង ប្រដាប់​ដោយ​អាវុធ​AK​ស្វាយ​បត់​១​ដើម បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ប្រាក់​ពី​ជនរងគ្រោះ​ដោយ​បាន​បាញ់​គំរាម​នឹង​អាវុធ​AK​មួយ​គ្រាប់​បុកដី ហើយ​យក​ប្រាក់​ពី​ជនរងគ្រោះ​អស់​៥,៥០០,០០០​រៀល និង​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង ដោយ​ក្រោយ​ធ្វើ​សកម្មភាព​រួច​ ជនល្មើស​បាន​គំរាម​ឲ្យ​ជនរងគ្រោះ​ទាំង​អស់​គ្នា​អង្គុយ​នៅ​ឲ្យ​ស្ងៀម ​ហើយ​ជនល្មើស​ក៏​ដើរ​ទៅ​ទិស​ខាងលិច​បាត់ស្រមោល។​

បច្ចុប្បន្ន​ ទាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ ក៏ដូចជា​កម្លាំង​អធិការដ្ឋាន​បាន​និង​កំពុង​តាម​ប្រមាញ់ និង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ប្លន់​ប្រដាប់​អាវុធ​នេះ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៕
ណាត់​គ្នា​ទៅ​ដឹក​ដើម​ដំឡូង ដូច​ណាត់​ទៅ​ប្លន់​​

ណាត់​គ្នា​ទៅ​ដឹក​ដើម​ដំឡូង ដូច​ណាត់​ទៅ​ប្លន់​​