ជួល​ផ្ទះ​នៅ​ជាមួយគ្នា​ បែក​គំនិត​ យក​ម៉ូតូ​សង្សារ​ទៅ​បញ្ចាំ​

ជួល​ផ្ទះ​នៅ​ជាមួយគ្នា​ បែក​គំនិត​ យក​ម៉ូតូ​សង្សារ​ទៅ​បញ្ចាំ​



ភ្នំពេញ ​៖​ សង្សារ​មួយ​គូ បន្ទាប់ពី​ជួល​បន្ទប់​ស្នាក់នៅ​ជាមួយគ្នា​ ស្រាប់តែ​ខាង​ប្រុស​បែក​គំនិត​យក​ម៉ូតូ​របស់​ខាង​ស្រី​ទៅ​បញ្ចាំ ​ក៏​ត្រូវ​នាង​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ ថ្ងៃ​ទី​០៥ ​ខែ​មេសា ឆ្នាំ​២០១៦​ ចំណុច​ក្នុង​ផ្សារ​សូរិយា​ម៉​ល ​ផ្លូវ​លេខ​៥១​ សង្កាត់​ផ្សារ​ថ្មី​៣​ ខណ្ឌ​ដូនពេញ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ជា​សង្សារ​ប្រុស ​ដែល​ឃាត់ខ្លួន​ពី​បទ​រំលោភ​សេចក្ដី​ទុក​ចិត្ត​នេះ​មាន​ឈ្មោះ ​តៃ វ៉ាន់​ថា ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ពុំ​មាន​មុខរបរ​ពិតប្រាកដ ​ស្នាក់នៅ​ផ្ទះ​ជួល​កើត​ហេតុ​។

ចំណែក​នារី​រងគ្រោះ​ឈ្មោះ​ សោម សុ​ភ័​ក្រ អាយុ​៣៤​ឆ្នាំ​ មុខរបរ​លក់ដូរ​ ស្នាក់​នៅ​សង្កាត់​បឹងទំពុន ​ខណ្ឌ​មានជ័យ​។​ រីឯ​ម៉ូតូ​ដែល​ខាង​ប្រុស​យក​ទៅ​បញ្ចាំ​នោះ​ម៉ាក​ស៊ូ​ម័​រ អ៊ិច ពណ៌​ខ្មៅ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ នៅមុន​ពេល​កើតហេតុ​ ជនរងគ្រោះ​ និង​ជនសង្ស័យ​ដែល​ជា​សង្សារ​នឹង​គ្នា​បាន​មក​ជួល​ផ្ទះ​លេខ​៩២E៤​ ផ្លូវ​លេខ​៥៣​ សង្កាត់​ផ្សារ​ថ្មី​៣​ ខណ្ឌ​ដូនពេញ​ ស្នាក់នៅ​ជា​មួយ​គ្នា ​ស្រាប់តែ​ខាង​ប្រុស​បែក​គំនិត​បាន​យក​ម៉ូតូ​របស់​ជនរងគ្រោះ​យក​ទៅ​បញ្ចាំ ​ក៏​ត្រូវ​ខាង​ស្រី​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នោះ​តែម្ដង។

សមត្ថកិច្ច​បញ្ជាក់​ថា ​ម៉ូតូ​ដែល​ជនសង្ស័យ​យក​ទៅ​បញ្ចាំ​នោះ​ ត្រូវ​បាន​ប្អូនប្រុស​របស់​ជន​សង្ស័យ​ឈ្មោះ​ តែ បញ្ញា អាយុ​២៥​ឆ្នាំ​ បាន​ទៅ​លោះ​យក​មក​ឲ្យ​កម្លាំង​​សមត្ថកិច្ច រួច​សមត្ថកិច្ច​បាន​ប្រគល់​ទៅ​ឲ្យ​ជនរងគ្រោះ​វិញ​ហើយ​។​ ចំណែក​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ចាត់​ការ​តាម​នីតិវិធី​ច្បាប់​៕