បុរស​ម្នាក់​មានលទ្ធភាព​ជាប់គុក​១​ជីវិត ព្រោះតែ​លួច​…​ស្ករ​គ្រាប់​

​បុរស​ម្នា​ក់នៅ Louisiana (​អាមេរិក​) រង​ការចោទប្រកាន់​ពីបទ​លួច​យក​ស្ករ​គ្រាប់​តម្លៃ ៣១ ដុល្លារ ហើយ​កំពុង​ប្រឈមមុខ​នឹង​ការកាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ពី ២០ ឆ្នាំ ទៅ ១​ជីវិត ។​

​តាម​នោះ បណ្តា​អយ្យការ​នៃ​សង្កាត់ Orleans Parish បាន​ចោទប្រកាន់ Jacobia Grimes អាយុ ៣៤ ឆ្នាំ ពីបទ​ចោរកម្ម ។ ប៉ុន្តែ តាមច្បាប់​មួយ​នៃ​រដ្ឋ​នេះ ដោយសារ Grimes ធ្លាប់មាន​អតីតកាល​ធ្វើ​ឲ្យ​ទោស​លើក​នេះ ត្រូវ​គុណ​បន្ថែម ហើយ​ក្លាយជា​ទោស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ (felony) ទើប​ធ្វើ​ឲ្យ​គេ​ត្រូវ​ទទួលទោស​បែបនេះ ។​

​ច្បាប់​នោះ​អនុវត្ត​ចំពោះ​អ្នក​ដែល​រង​ការ​ចោទ​ពីបទ​ចោរកម្ម​តិច​បំផុត ២ ដង​ឡើង ។ មុននេះ Grimes ត្រូវបាន​កាត់ទោស ៥ ដង មកហើយ ពីបទ​ចោរកម្ម ហេតុនេះ គាត់​ត្រូវបាន​ចាត់​ចូលក្នុងរង្វង់ “​ពិបាក​កែប្រែ​” ។​

​ប៉ុន្តែ លទ្ធភាព​ដែល Grimes ត្រូវ​ទទួលទោស​ពី ២០ ឆ្នាំ ទៅ ១​ជីវិត បានធ្វើ​ឲ្យ​ចៅក្រម Franz Zibilich ដែលជា​ប្រធាន​សវនាការ មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ។​

Franz Zibilich ពោលថាៈ តើ​រឿងនេះ វា​ហួសហេតុ​ពេក​ទេ ? ជាប់គុក ២០ ឆ្នាំ ព្រោះ​ស្ករ​គ្រាប់ Snicker ៣-៤ បន្ទះ ?

​គេ​បានដឹងថា រាល់​ការ​លួច​លើក​មុនៗ ដែល Grimes បាន​ប្រព្រឹត្ត ពុំមាន​តម្លៃ​លើសពី ៥០០ ដុល្លារ ទេ ។ ការ​លួច​ស្រោមជើង និង​ខោ​១ ថ្មីៗ​កន្លង​ទៅមុន​នោះ​, Grimes ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក ៤ ឆ្នាំ ៕

បុរស​ម្នាក់​មានលទ្ធភាព​ជាប់គុក​១​ជីវិត ព្រោះតែ​លួច​…​ស្ករ​គ្រាប់​Jacobia Grimes ត្រូវបាន​អយ្យការ​សំណូមពរ​ឲ្យ​កាត់ទោស​ពី ២០ ឆ្នាំ ទៅ​១​ជីវិត​