6សំណួរ​ដែល​គួរ​សួរ​កូន​មុន​ចូល​គេង ដើម្បីឱ្យ​ស្គាល់​កូន​កាន់តែច្បាស់​ឡើង​

ពេលវេលា​ដែល​ឪពុកម្តាយ និង​កូន​បាន​នៅ​ជាមួយគ្នា​បែបជិតស្និទ្ធ​មែនទែន​នោះ គឺ​មុនពេល​ចូល​គេង​ហ្នឹងឯង ហើយ​អ្វីដែល​លោកឪពុក​អ្នក​ម្តាយ​គួរតែ​ធ្វើ​មុននឹង​នាំ​កូន​ចូល​គេង​នោះក៏​មិន​ត្រឹមតែ​ច្រៀង​បំពេរ ឬ​និយាយ​រឿងនិទាន​ឱ្យស្តាប់​ប៉ុណ្ណោះ​ទេ តែ​គួរតែមាន​ការជជែក​ពិភាក្សា​ដោះដូរ​គំនិត​ជាមួយគ្នា ដើម្បីរឹតចំណង​សម្ពន្ធភាព រួមទាំង​សួរនាំ​អំពី​សំណួរ6រឿង ដែល ឡា​រ៉ែ​ន សូម​នាំយកមក​ជម្រាបជូន​ខា​ង​ក្រោម​នេះ។ ឡា​រ៉ែ​ន ធានាថា សំណួរ​នីមួយៗ​នឹង​ជួយ​ឱ្យគេ​បាន​ហ្វឹកហាត់​ការ​រិះគិត និង​ជួយ​ឱ្យ​លោកឪពុក​អ្នក​ម្តាយ​ស្គាល់​កូន​ខ្លួនឯង​កាន់តែច្បាស់​ឡើង​ថែម​ទៀតផង។

    1. អ្វីដែល​កូន​ធ្វើ​ហើយ​ចូលចិត្ត​បំផុត​ក្នុងថ្ងៃនេះ?
សូមជម្រាបថា សំណួរ​នេះ​ជា​សំណួរ​មួយ​ដែល​ល្អ​បំផុតព្រោះក្នុង អំឡុង​ពេលដែល​គេ​ទៅ​បំពេញ​កិច្ចការងារ​នៅឯ​សាលារៀន​នោះលោកអ្នក​មិនមាន​ផ្លូវ​បានដឹង​ឡើយ​ថា តើ​គេ​បានធ្វើ​អ្វីខ្លះ​នោះទេ។ ដូច្នេះសំណួរ​នេះ​នឹង​ធ្វើឱ្យ​លោកអ្នក​បាន ដឹង​ពី​ជីវិត​ប្រចាំថ្ងៃ​របស់​កូន ហើយថែមទាំង ជួយ​ឱ្យ​ដឹង​ទៀត​ថា ​តើ​កូន​ចូលចិត្ត​អ្វី​ជាពិសេស​ទៀតផង។ ប្រាកដ​ណាស់​ថា គេ​ច្បាស់​ជា​ចង់​និយាយ​ឱ្យ​ឪពុកម្តាយ​ស្តាប់​ស្រាប់ហើយ​ថា តើ​គេ​ចូលចិត្ត​អំឡុងពេល​ណាខ្លះ​នៅក្នុង​ថ្ងៃនោះ​ជាមិនខាន។

    2. កូន​មាន​ក្តី​ស្រមៃ​ថា ចង់​ក្លាយជា​អ្វី​ដែរ?
សំណួរសប្បាយៗ មុនពេល​គេង​ដែល​នឹងធ្វើ​ឱ្យគេ​បាន​ប្រើគំនិត និង​ការគិត​ស្រមៃ​យ៉ាង​ពេញទំហឹង ហើយ​លោកអ្នក​ក៏​នឹង​បានដឹងដែរ​ថា តើ​កូន​របស់​លោកអ្នក​ចាប់អារម្មណ៍​ក្នុង​រឿង​ណាខ្លះ? ដែល​ជួនកាល​គេ​អាច​នឹង​ឆ្លើយ​មកវិញ​បែប​ដែល​លោកឪពុក​អ្នក​ម្តាយ​ដូច​ពួកយើង​នឹកស្មាន​មិន​ដល់​ផង​ក៏មានដែរ។

    3. ថ្ងៃនេះ​មានរឿង​ណា​ដែល​ធ្វើឱ្យ​មិន​សប្បាយចិត្ត​ខ្លះ​ទេ?
ជឿ​ចុះ​ថា ច្បាស់​ជាមាន​ថ្ងៃ​ណាមួយ​ដែល​កូន​របស់​អ្នក​ត្រូវតែមាន​អារម្មណ៍​ថា មិន​អូ​ខេ​ជាមួយ​អ្វី​ម្យ៉ាង​មិន​ខាន អាច​នឹងត្រូវ​ពួកម៉ាកនៅឯ​សាលា​ឡក​លើ​យ ឬ​ត្រូវគេ​ធ្វើបាប​ជាដើម ហើយ​គេ​ក៏​ប្រហែលជា​មិន​ហាន​និយាយ​ចេញមក​ដែរ បើ​គ្មាន​នរណា​សួរ ហើយ​សំណួរ​នេះឯង​ដែល​នឹងធ្វើ​ឱ្យគេ​បាន​និយាយ បាន​ទម្លាយ​ចេញមក​ថា តើ​គេបាន​ជួបនឹង​អ្វីដែល​មិនត្រូវ​ចិត្ត​មក​ខ្លះ? ដែល​វា​នឹង​ធ្វើឱ្យ​លោកឪពុក​អ្នក​ម្តាយ​បានដឹង និង​បាន​ជួយ​កែប​ញ្ហា​ឱ្យគេ​ទៀតផង។

    4. បើ​អាចធ្វើ​អ្វី​ឱ្យ​អ្នកដទៃ​បាន1យ៉ាង​ក្នុង​ថ្ងៃស្អែក​នេះ តើ​កូន​នឹងធ្វើ​អ្វី?
ដឹង​ឬទេ​ថា ក្មេងៗនឹងមាន​អារម្មណ៍​រំភើប​ញាប់​ញ័រ​ជានិច្ច នៅពេល​ធ្វើឱ្យ​មនុស្ស​ជុំវិញ ខ្លួន​មាន​សេចក្តីសុខ ឬ​ពេលដែល​បាន​ជួយ​យកអាសាអ្នកដទៃ​នោះ បើ​ដូច្នេះ​លោកឪពុក​អ្នក​ម្តាយ​សាកល្បង​សួរ​គេ​តែម្តងទៅថា បើ​ជ្រើសរើស​ធ្វើអំពើ​ល្អ​ចំពោះ​មនុស្ស​ជុំវិញខ្លួន​បាន1រឿង​នៅ​ថ្ងៃស្អែក​នេះ តើ​គេ​គិត​ចង់​ធ្វើ​អ្វី​ដែរ? វា​ជាការ​ហ្វឹកហាត់​ឱ្យគេ​ចេះ​រិះគិតថែមទាំង​ជា​វិធី​បង្រៀន​គេ​ឱ្យ​ចេះ​គិត​ល្អ និង​ធ្វើ​ល្អ​ទៀតផង។

    5. តើ​កូន​គិតថា ថ្ងៃនេះ​ជា​ថ្ងៃ​ដែល​ល្អ​ហើយ​ឬ​នៅ? តើ​មានរឿង​ណា​ដែល​ប៉ា និង​ម៉ាក់​អាចធ្វើឱ្យ​ថ្ងៃស្អែក​នេះ​ក្លាយជា​ថ្ងៃ​ដែលល្អ​ជាង​ថ្ងៃនេះ​បានទេ?
សំណួរ​នេះ​នឹងធ្វើ​ឱ្យ​កូន​សម្លាញ់​មាន​អារម្មណ៍​ថា អ្នក​បារម្ភ និង​មើលឃើញថា​គេ​ជាម​នុស្ស​សំខាន់ ហើយ​បើ​ថ្ងៃនេះ​កូន​មិន​អូ​ខេ​ជាមួយ​រឿង​អ្វី​ម្យ៉ាង ឬ​មានរឿង​នៅក្នុង​ចិត្ត​ដែល​ចង់​ប្រាប់​ផង​នោះ លោកឪពុក​អ្នក​ម្តាយ​នឹង​បានដឹង ហើយ​បាន​ជួយ​និយាយ​អធិប្បាយ ដើម្បីអាច​កែ​បញ្ហា​បាន​ហ្នឹងឯង។

    6. ថ្ងៃនេះ​កូន​លេង​ជាមួយ​អ្នកណា​សប្បាយ​បំផុត?
សំណួរ​នេះ​នឹង​ជួយ​ឱ្យដឹងថា ការចូល​ក្នុងសង្គមរ​បស់​កូនលោក​អ្នកនោះ​យ៉ាងណាដែរ?  កូន​របស់​អ្នក​ចូលចិត្ត​លេង​ជាមួយ​មិត្តភក្តិ​ណាមួយ​ជាពិសេស ឬ​បើ​កូន​របស់លោក​អ្នកជា​ក្មេង​ដែល​ចូលចិត្តលេង​តែម្នាក់ឯង​មិន​រវល់​ជាមួយ​អ្នកណា​នោះ អ្នកនឹង​បានដឹងថា សម្ពន្ធភាព​រឿង​មិត្តភក្តិ​របស់​កូន​យ៉ាង​ណា​ខ្លះ? បើ​ត្រូវ​មិត្តភក្តិ​នៅ​សាលាធ្វើបាប ឪពុកម្តាយ​ក៏​នឹង​បានដឹង​ដែរ។

ឃើញ​ទេ​ចា៎ស? ក្រៅពី​ការនិយាយ​រឿងនិទាន​ឱ្យ​កូន​ស្តាប់​មុនពេលគេង​ហើយ ក៏​នៅ​អាច​សួរ​សំណួរ​ទាំង6នេះ ដើម្បីឱ្យ​បានដឹង​ពី​ជីវិត និង​អត្តចរិត​របស់​កូន​កាន់តែ​ច្រើនឡើង ហើយ​នៅបាន​ជួយ​បង្ហាត់​ឱ្យកូន​របស់លោក​អ្នកចេះ​ប្រើ​ខួរក្បាល​រិះគិត​ទៀតផង៕

ប្រភព៖ lareine

  • 6សំណួរ​ដែល​គួរ​សួរ​កូន​មុន​ចូល​គេង ដើម្បីឱ្យ​ស្គាល់​កូន​កាន់តែច្បាស់​ឡើង​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/04/06  Category:ចំនេះដឹង
Tags: