បាត់​ប្តី​២​ខែ​មិន​ចូល​ផ្ទះ រក​ឃើញ​នៅផ្ទះ​ប្រពន្ធចុង ប្រពន្ធ​ឆេះដុំ​ដូច​ផ្ទុះ​ភ្នំភ្លើង

បាត់​ប្តី​២​ខែ​មិន​ចូល​ផ្ទះ រក​ឃើញ​នៅផ្ទះ​ប្រពន្ធចុង ប្រពន្ធ​ឆេះដុំ​ដូច​ផ្ទុះ​ភ្នំភ្លើង



រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​តាម​ការ​អះអាង​របស់​ប្រពន្ធ​ថា បាត់​ខ្លួន​ពី​ផ្ទះ​ប្រមាណ​២​ខែ បាន​លួច​ទៅ​រួមរស់​សាង​ស្នេហ៍​យ៉ាង​ល្អូកល្អិន​ជាមួយ​ប្រពន្ធចុង ។ ជា​ការ​ពិត​ណាស់​ម្ទេស​ណា​មិន​ហឹរ ពេល​ប្រពន្ធដើម​តាម​រក​ឃើញ ក៏​បាន​ក្លាយជា​ភ្នំភ្លើង​ផ្ទុះ​ឡើង និង​ទប់​កំហឹង​មិន​បាន ក៏​វាយ​ប្រតាយ​ជាមួយ​ប្តី​ហែក​ខោ​និង​នាំ​ចូល​ប៉ុស្តិ៍​នគរបាល​ធ្វើ​កិច្ចសន្យា​ឈប់​មក​ទាក់ទង​គ្នា​ទៀត ។

ការ​ផ្ទុះ​ហិង្សា​ព្រោះតែ​លោក​ប្ដី​ឆ្ងាញ់​មាត់​នឹង​ម្ហូប​ក្រៅ​ផ្ទះ​នេះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែមេសា នៅ​ចំណុច​បន្ទប់​ជួល​ផ្លូវលំ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។

ស្ត្រី​ជា​ប្រពន្ធ​ដែល​តាម​រក​ប្តី​ឈ្មោះ ហៀ​ង  អាយុ​៤៨​ឆ្នាំ ជា​អ្នកលក់​បន្លែ​នៅ​ផ្សារ​ជម្ពូ​វ័ន ស្នាក់​នៅ​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ឯ​ប្តី​ឈ្មោះ ណាត អាយុ​៥០​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធចុង​លួចលាក់​ឈ្មោះ យ៉ុ​ង អាយុ​៤០​ឆ្នាំ ជា​អ្នកលក់​ចេកចៀន​មានកូន​ប្តី​មុន​ចំនួន​៣​នាក់ (​ស្រី​១​ប្រុស​២) ។

តាម​ស្ត្រី​ជា​ប្រពន្ធដើម​បានឱ្យ​ដឹង​ថា គាត់​បាត់​ប្តី​អស់​រយៈពេល​២​ខែ​មក​ហើយ ក៏​បាន​តាម​រក​ឃើញ​នៅផ្ទះ​ស្រី ហើយដោយ​សារ​ខឹង​ពេក​ក៏​បាន​វាយ​ប្តី​កំហូច​យ៉ាង​ចាស់ដៃ​តែ​ម្តង ។  ចំណាស់​នេះ​ទៅ​ហើយ គួរតែ​គិតគូរ​ពី​សុខទុក្ខ​ប្រពន្ធ​កូន គិតគូរ​ពី​ជីវភាព​រស់នៅ និង​អនាគត​កូនចៅ ផ្ទុយ​ទៅ​វិញ​បែរជា​លង់ខ្លួន​នឹង​កាមកិលេស​បែប​នេះ​ទៅ​វិញ រហូត​ភ្លេច​ផ្ទះសម្បែង​ប្រពន្ធ​កូន ។

ចំណែក​ស្ត្រី​ជា​ប្រពន្ធចុង បាន​រៀបរាប់​ថា រូប​គាត់​ធ្លាប់​មាន​ប្តី​តែ​បាន​លែងលះ​គ្នា​រយៈពេល​៦​ឆ្នាំ​មក​ហើយ ដោយ​មានកូន​ប្រុស​ស្រី​ចំនួន​៣​នាក់ ។ កាលពី​ប្រមាណ​៥​ខែ​មុន គាត់​ក៏​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ដែល​ជា​ប្តី​គេ​នេះ និង​បាន​មក​រួម​រស់នៅ​ជាមួយ​គ្នា​ទើបបាន​២​ខែ​តែ​ប៉ុណ្ណោះ ។

តាម​ស្ត្រី​រូប​នេះ​បានឱ្យ​ដឹង​ទៀត​ថា មុន​ពេល​ទាក់ទង​គ្នា បុរស​រូប​នោះ​បាន​មក​សុំ​ស្នេហ៍​ដោយ​ប្រាប់​ថា ខ្លួន​បាន​លែងលះ​ប្រពន្ធដើម​ដាច់ស្រេច​ហើយ មិន​នឹក​ស្មានថា​ប្រពន្ធ​គេ​មក​តាម​រករឿង​បែប​នេះ​ទេ ។ បើ​គិត​ឱ្យ​សព្វ​ទៅ គាត់​ក៏​ចាញ់បោក​ប្រុស​ព្រាន​នេះ​ដែរ ក្លាយ​ខ្លួន​ជា​ចំណី​តណ្ហា​របស់​គេ ដោយ​មិន​នឹក​ស្មានថា​គេ​ភូត​កុហក​សោះ ។

តាម​ព័ត៌មាន​ឱ្យ​ដឹ​ទៀត​ថា បន្ទាប់​ពី​តាម​រក​ឃើញ​ប្តី​នៅ​ជាមួយ​ប្រពន្ធចុង​និង​វាយ​យ៉ាង​ចាស់ដៃ ស្ត្រី​ជា​ប្រពន្ធដើម​ក៏​បាន​ទាញ​អូស​ដៃ​ប្តី​ទៅ​ប៉ុស្តិ៍​ដើម្បី​ឱ្យធ្វើ​កិច្ចសន្យា​ឈប់​ទាក់ទង​ជាមួយ​ប្រពន្ធចុង​រូប​នេះ​តទៅ​ទៀត ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធចុង​ក៏​បាន​ទៅ​ប៉ុស្តិ៍​ដែរ និង​បាន​ទាម​ទារជំងឺចិត្ត​ចំនួន​២០០​ដុល្លារ តែ​ខាង​ប្រពន្ធដើម​មិន​ព្រម និង​បាន​នាំ​លោក​ប្តី​កំហូច​ទៅ​ផ្ទះ​វិញ​បាត់​ទៅ ។

បញ្ហា​នេះ​ពិតជា​លំបាក​ណាស់​ថា អាច​បំបែក​គ្នា​បាន​ដូច​បែក​ក្អម​នោះ អ្វី​ៗ​បាន​ស្គាល់​ទឹក​ក្ដៅ ទឹក​ត្រជាក់ ហើយ​ទំនងជា​ឆ្ងាញ់​ជាង​ប្រពន្ធ​ផង​ស្មានថា​ប្ដី​ឈប់​ឬ​បែប​ណា ?