រមណីយដ្ឋាន «ចំការស្នេហ៍» ទាក់ចិត្ត ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកម្តងហើយ ចង់មកម្តងទៀត!

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនប្រហែលជាធ្លាប់បានលឺ បានស្គាល់រួចមកហើយពីទីតាំងរមណីយដ្ឋានកម្សាន្តមួយកន្លែង ដែលនៅមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញ។ នោះគឺរមណីយដ្ឋាន “ចំការស្នេហ៍” ឬមានឈ្មោះជាភាសាអង់គ្លេសថា “Silk Island”

ក្រុមការងារខ្មែរឡូត បានចុះធ្វើការសាកសួរព័ត៌មានខ្លះៗ ទាក់ទងនឹងរមណីយដ្ឋានខាងលើ មកចែកជូនប្រិយមិត្តអ្នកអាន ដើម្បីទទួលបាននូវចំណីអារម្មណ៍ថ្មី ជាពិសេសក្រោយពីបានជ្រាបហើយ ប្រិយមិត្តអាចមកកម្សាន្តលេងនៅទីនោះ នៅថ្ងៃឈប់សម្រាកពីការងារ ក៏ដូចជាការសិក្សាជាដើម។

បច្ចុប្បន្នរមណីយដ្ឋាន “ចំការស្នេហ៍” ឬ “Silk Island” ដែលទើបតែបើកឲ្យភ្ញៀវទេសចរចូលមកទស្សនានៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានសន្ទុះនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលមកទស្សនា ជាហូរហែរពីមួយថ្ងៃទៅមួយថ្ងៃ។

ប្រសិនជាលោកអ្នក ធ្វើដំណើរចេញរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៦ ចំងាយមិនឆ្ងាយប៉ុន្មាន ប្រហែលជា ៥ ទៅ៦ គីឡូម៉ែត្រ ក្រឡេកមើលនៅខាងស្តាំដៃ យើងនឹងឃើញមានខ្លោងទ្វារវិហារលោកតាចិន “ហុក តិច” រួចធ្វើដំណើរចូលតាមច្រកទ្វារនោះ រួចបត់ឆ្វេង យើងនឹងឃើញមានកំពង់ចម្លងមួយ “កំពង់ចម្លង ព្រែកលាប-កោះដាច់-កោះឧញ្ញ៉ាតី” នៅខាងស្តាំដៃជួរមាត់ទន្លេ។ បន្ទាប់មកធ្វើការឆ្លងកំពង់ចម្លងទៅត្រើយម្ខាង យើងនឹងឃើញមានស្លាកសញ្ញា ដែលចង្អុលប្រាប់ពីទីតាំងចូលទៅកាន់រមណីយដ្ឋានចំការស្នេហ៍ជាក់ជាពុំខាន។

នៅទីនោះ មានគ្រប់ទាំងភ្ញៀវជាតិ និងអន្តរជាតិ ក៏ដូចជាសិស្សនិស្សិត មន្រ្តីរាជការ អង្គការផ្សេងៗ បានមកសម្រាកកម្សាន្ត និងអាចធ្វើការសិក្សាស្រាវជ្រាវ ទាក់ទងនឹងសូត្រខ្មែរ ការចិញ្ចឹម និងអភិរក្សដង្កូវនាង រួមទាំងអាចលេងល្បែងកម្សាន្តផ្សេងៗ របស់ក្រុមភ្ញៀវទេសចរ នៅទីនោះបានផងដែរ។

បើតាមប្រសាសន៍ របស់អ៊ុំប្រុស វ៉ាង ពេជ្រ ដែលជាអ្នកគ្រប់គ្រងទូទៅនៅក្នុងសហគមន៍ ឬរមណីយដ្ឋាន ចំការស្នេហ៍នេះ បានឲ្យដឹងថា រមណីយដ្ឋាននេះ ស្ថិតក្នុងភូមិកោះតូច ឃុំក្បាលកោះ ស្រុកខ្សាច់កណ្តាល ខេត្ត កណ្តាល និងបានចាប់បើកដំណើរការក្នុងឆ្នាំ ២០១៣ ជាមួយផ្ទៃដី ២ហិចតាកន្លះ។ អ្វីដែលសក្តានុពលនៅទីនេះ គឺសូត្រខ្មែរ ការអភិរក្សដង្កូវនាង និងតំបាញ។ រមណីយដ្ឋាននេះ បើកចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៥ល្ងាច។ ដោយឡែក បើខុសពីថ្ងៃចុងសប្តាហ៍ គឺសម្បូរទៅដោយភ្ញៀវអន្តរជាតិ ព្រោះពួកគេចង់ធ្វើការសិក្សាស្រាវជ្រាវ ទាក់ទងការរីកលូតលាស់របស់ដង្កូវនាង និងសូត្រខ្មែរ និងចង់ដឹងចង់ឃើញ​​ពីស្នាដៃកូនខ្មែរពីសិល្បៈតំបាញសូត្រ។ ហើយខ្លះទៀត មកសម្រាកលំហែលកាយ ផ្តិតយកទេសភាពធម្មជាតិផងដែរ។ ឯភ្ញៀវជាតិយើងវិញ តែងមកលេងកម្សាន្តនៅទីនេះ ជាហូរជាហែរ មិនថាសៅរ៍ អាទិត្យ ឬបុណ្យទានអ្វីឡើយ។ ចំណែកឯតម្លៃចូលកម្សាន្តវិញត្រឹមតែ ២,០០០រៀលប៉ុណ្ណោះ។

អ៊ុំប្រុស វ៉ាង ពេជ្រ បន្តថា លុយទាំងអស់នោះ មិនមែនយកទៅណា ឬធ្វើមានបានអ្វីឡើយ តែសម្រាប់បើកប្រាក់ខែ ជូនបុគ្គលិកដែលធ្វើការនៅទីនេះតែប៉ុណ្ណោះ។ ឯម្ចាស់ ឬប្រធានសហគមន៍ ដែលបើកទីតាំងនេះ មិនមែនមានគោលបំណងចង់បានផលចំណេញអ្វីនោះឡើយ តែគ្រាន់តែចង់ឲ្យប្រជាជនខ្មែរយើង ក៏ដូចជាជនបរទេស បានមកសម្រាកលំហែលកាយលេង យល់ដឹង និងលើកស្ទួយវិស័យសូត្រខ្មែរ និងទទួលបាននូវផ្នែកសុខភាពផង ផ្នែកចំណីអារម្មណ៍ផង នៃទេសភាពកោះពណ៌បៃតង ស្រស់បំព្រងជាមួយនឹងវាយោដ៏ត្រជាក់ ដែលបក់ចេញពីទន្លេមេគង្គយើង។ មិនតែប៉ុណ្ណោះ គ្រប់ភ្ញៀវទេសចរជាតិ និងអន្តជាតិមកទីនេះ តែងតែសរសើរថាស្អាត និងឲ្យតែពេលប្រះខ្នងដល់អង្រឹងភ្លាម គឺចាប់ផ្តើមមានអារម្មណ៍ថាងងុយគេងតែម្តង ហើយថែមទាំងសរសើរថា អាហារនៅទីនេះមានជារសឈ្ងុយឆ្ងាញ់ ជាមួយនឹងត្រីដុត ជាពិសេសគឺមាន់ដុតតែម្តង ដែលជាមាន់ខ្មែរយើងសុទ្ធសាត ទិញពីអ្នកស្រុកយើងនៅទីនេះ ដុតដោយស្នាដៃកូនខ្មែររស់នៅតំបន់នេះ។

ប្រសិនបើភ្ញៀវគាត់ចង់យកអាហារ ឬភេសជ្ជៈ មកញ៉ាំនៅទីនេះគឺ ស្វាគមន៍ជានិច្ច ដោយមិនមានការហាមប្រាមអ្វីឡើយ។ ចំណែកឯ កញ្ជុះអង្គុយលេង ផ្ទះជនជាតិជាច្រើនទៀត អង្រឹង ក៏មិនមានគិតប្រាក់អ្វីឡើយ ប៉ុន្តែគាត់សូមត្រឹមឲ្យជួយរក្សាអនាម័យតែប៉ុណ្ណោះ។ ជាពិសេសជាង នេះទៅទៀត មានដាំដើមស្វាយជាច្រើនជាម្លប់ត្រឈឹងត្រឈៃ ដែលភ្ញៀវទេសចរអាចបេះពិសារបាន តែមិនបានច្រើនលើសលប់ ឬបេះយកទៅផ្ទះវិញនោះទេ។ អ៊ុំប្រុសថ្លែងថា ដូចពាក្យចាស់ពោលថា «ភ្ញៀវមកលេងដល់ផ្ទះហើយ គ្មានអីទទួល ដូចមិនកើត» ។ 

បច្ចុប្បន្នជាបុគ្គលិកបម្រើការនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បងស្រី ហេង និមល បានប្រាប់មកក្រុមការងារខ្មែរឡូត ថា គាត់មកទីនេះ បាន៣ដង ជាមួយនិងមិត្តភក្តិ និងគ្រួសារហើយ ព្រោះថាទីតាំងជិតភ្នំពេញ ណាមួយគាត់ថា គាត់ក៏មិនសូវដើរលេងឆ្ងាយៗដែរ ព្រោះចេះតែបារម្ភតាមផ្លូវ។ ម្យ៉ាងវិញនៅទីនេះ មានបរិយាកាសខ្យល់បរិសុទ្ធល្អស្រាប់ មិនចាញ់ទីកន្លែងរមណីយដ្ឋានផ្សេងៗឡើយ។

យ៉ាងណាមិញក្រុមការងារខ្មែរឡូត ក៏បានសាកសួរទាក់ទង អំពីការដាក់ឈ្មោះរមណីយដ្ឋានខាងលើផងដែរ។ ហេតុអ្វីបានជារមណីយដ្ឋានដែលស្ថិតនៅលើកោះឧញ្ញ៉ាតីនេះ ដាក់ឈ្មោះថា “ចំការស្នេហ៍” ឯភាសាអង់គ្លេសដាក់ថា “Silk Island” មានន័យថា កោះសូត្រ យ៉ាងដូច្នេះ? 

បើតាមប្រសាន៍របស់បងស្រីម្នាក់ ដែលបម្រើការនៅទីនោះ តួនាទីជាអ្នកតម្បាញសំពត់សូត្រ តាំងពីទីតាំងនេះបើកដំបូងមកម្ល៉េះ បានប្រាប់ដល់ក្រុមការងារខ្មែរឡូតដែរថា «សម្រាប់បង ក៏បងមិនដឹងច្បាស់ដែរថា ហេតុអ្វីបានជាបានជាគេដាក់ឈ្មោះថា ចំការស្នេហ៍ដែរ ។ ប៉ុន្តែបងគ្រាន់តែលឺល្ហៀងៗថា កាលពីមុនធ្លាប់មានជនជាតិបរទេសពីរនាក់ប្តីប្រពន្ធ បានមកលេងកម្សាន្តនៅទីនេះ កាលនោះមិនទាន់ល្អស្អាតដូចបច្ចុប្បន្នឡើយ ហើយមិនដឹងថាពួកគាត់ បានរៀបការជាយូរឆ្នាំ មានកូនឬគ្មានកូនយ៉ាងណានោះទេ។ ប៉ុន្តែពេលដែលពួកគាត់ បានមកលេងនៅទីនេះ ហើយត្រលប់ទៅវិញ ស្រាប់តែប្រពន្ធរបស់គាត់ មានទម្ងន់ពរពោះតែម្តង ទើបសម្រេចចិត្តដាក់ទីតាំងនេះថា ចំការស្នេហ៍ៗ រហូតមក យ៉ាងណាយ៉ាងណីទៀត បងក៏មិនដឹងទៀតដែរ» ។ 

ដោយឡែក បើតាមការបកស្រាយរបស់អ៊ុំប្រុស វ៉ាង ពេជ្រ បានប្រាប់ក្រុមការងារខ្មែរឡូតវិញ ក៏មិនខុសពីបងស្រីតំបាញខាងលើប៉ុន្មានដែរ ដែលគូស្នេហ៍ជនជាតិហ្វីលីពីនមួយគូបានសម្លឹងឃើញទីនេះ ស្រស់ស្អាត ក៏ចាប់អារម្មណ៍ ហើយសម្រាកកម្សាន្ត និងធ្វើការថតរូបលេង។ កាលនោះគ្រាន់តែជាចំការដាំដុះតិចតួចប៉ុណ្ណោះ និងគ្មានឈ្មោះអ្វីឡើយ ប៉ុន្តែយ៉ាងណា នេះគ្រាន់តែជាព័ត៌មានលេចលឺប៉ុណ្ណោះ គាត់ក៏មិនដឹងច្បាស់ដូចគ្នា។

យ៉ាងណាមិញអ៊ុំប្រុសបកស្រាយបន្ថែមថា «បើយើងនិយាយពីពាក្យ “ស្នេហ៍”“ស្នេហា” គឺវាមានអត្តន័យច្រើន តែសម្រាប់ទីនេះវិញគឺយើងផ្តោតទៅលើការស្រលាញ់ ចូលចិត្ត កន្លែងដែលមានភាពត្រជាក់ សោភ័ណភាពល្អ ដែលភ្ញៀវគាត់បានមកទីនេះ ហើយមានអារម្មណ៍ថាស្រលាញ់ ពេញចិត្តទីនេះ មកម្តងហើយចង់មកម្តងទៀត មិនចេះធុញទ្រាន់។ នេះហើយដែលគេហៅថាស្នេហ៍ ទើបដាក់ថា «ចំការស្នេហ៍» ។ ចំឯឈ្មោះជាភាសាបរទេសនោះវិញ គឺភ្ញៀវអន្តរជាតិគាត់ស្រលាញ់ពេញចិត្ត ជាពិសេសសូត្រខែ្មរ ទើបដាក់ថា "Silk Island"

ជាចុងក្រោយ អ៊ុំប្រុស វ៉ាង ពេជ្រ ដែលជាអ្នកគ្រប់គ្រងនៅទីនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ភ្ញៀវជាតិ និងអន្តរជាតិ ដែលតែងតែមកកម្សាន្តនៅទីនេះ ជួយលើកតំកើនស្នាដៃខ្មែរ រាល់ការជាវនូវវត្ថុអនុស្សាវរីយ៍ផ្សេងៗ ជាពិសេសសំពត់ កន្សែង ក្រមាសូត្រខ្មែរនេះតែម្តង។ អ៊ុំប្រុសបន្ថែមទៀតថា នៅក្នុងកាលចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខនេះ “ចំការស្នេហ៍” ក៏បានរៀបចំការលេងល្បែងប្រជាប្រិយខ្មែរដូចជា បោះអង្គញ់ វាយក្អម លោតប៉ាវ ។ល។ ដែលភ្ញៀវអាចមកលេងកម្សាន្តនៅទីនេះបាន ហើយសម្រាប់អ្នកឈ្នះនិងទទួលបានរង្វាន់ ឬវត្ថុអនុស្សាវរីយ៍ផងដែរ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត