រិន សាវ៉េត ​ចេះ​លេង​អុក​៥​ឆ្នាំ ​តែ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ដំបូង​ស្ដេច​អុក​២០១៦

តារា​​ចម្រៀង រិន សាវ៉េត ​ដែល​បាន​ចុះ​ឈ្មោះ​ប្រកួត​ស្ដេច​អុកចត្រង្គ​ឆ្នាំ​២០១៦ ​​ដែរ​នោះ បាន​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ដំបូង​បាត់​ទៅ​ហើយ​កាល​ពី​ម្សិលមិញ ប៉ុន្តែ លោក​មិន​​​សោកស្ដាយ​នោះ​ទេ ព្រោះ​លេង​អុក​ដូចជា​ធ្វើ​សង្គ្រាម​ចាញ់​ឈ្នះ​ជា​រឿង​ធម្មតា។

 

 

រិន សាវ៉េត ​ចេះ​លេង​អុក​៥​ឆ្នាំ ​តែ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ដំបូង​ស្ដេច​អុក​២០១៦លោក រិន សាវ៉េត

 

ស្ដេច​អុកចត្រង្គ​ឆ្នាំ​២០១៦ ​បាន​ចាប់​ផ្ដើម​ប្រកួត​ជម្រុះ​ហើយ​កាល​ពី​ម្សិលមិញ ដោយ​មាន​បេក្ខជន​ចូលរួម​ចំនួន​១២៨​នាក់។ ការ​ប្រកួត​ជម្រុះ​នេះ​​មាន​រយៈ​ពេល​៤​ថ្ងៃ ដើម្បី​ស្វែង​រក​បេក្ខជន​ខ្លាំង​​៨​នាក់​ទៅ​ប្រកួត​ជុំ​​ផ្ដាច់ព្រ័ត្រ​នៅ​ខេត្ត​សៀមរាប​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​អង្គរ​សង្ក្រាន្ត។ អ្វី​ដែល​ចាប់​អារម្មណ៍​ក្នុង​ការ​ប្រកួត​នេះ គឺ​មាន​វត្តមាន​តារា​ចម្រៀង​ល្បី​របស់​ផលិតកម្ម​ហង្ស​មាស រិន សាវ៉េត ក៏​បាន​ចូលរួម​ប្រកួត​ដែរ តែ​គួរ​ឱ្យ​ស្ដាយ​ធ្លាក់​ត្រឹម​វគ្គ​ដំបូង​បាត់​ទៅ​ហើយ។

 

ត្បិត​តែ​មិន​អាច​ឆ្លង​ទៅ​វគ្គ​បន្ដ​បាន តែ​លោក រិន សាវ៉េត ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​ថា ​៖ “ខ្ញុំ​ចេះ​លេង​អុក​នេះ ប្រហែល​៥​ឆ្នាំ​មក​ហើយ ដូច្នេះ​ខ្ញុំ​ក៏​បាន​ដាក់​ពាក្យ​មក​ចូលរួម​ប្រកួត​សាកល្បង ដោយ​មិន​គិត​ពី​ចាញ់​ឈ្នះ​នោះ​ទេ។ ខ្ញុំ​លេង​អុក​នេះ​ដើម្បី​ជំនួយ​ដល់​ការ​គិត​ប៉ុណ្ណោះ ដូច​ចាស់​ៗ​ថា ​លេង​អុក​បង្កើន​ប្រាជ្ញា”។

 

រិន សាវ៉េត ​ចេះ​លេង​អុក​៥​ឆ្នាំ ​តែ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ដំបូង​ស្ដេច​អុក​២០១៦សកម្មភាពប្រកួតម្សិលមិញ

 

តារា​ចម្រៀង​រូប​នេះ​បន្ដ​ថា ​លោក​មិន​អន់​ចិត្ត​អ្វី​ឡើយ ហើយ​សន្យា​ថា​ នឹង​ប្រឹងប្រែង​ហ្វឹកហាត់​បន្ដ​ទៀត ដើម្បី​មក​ប្រកួត​កម្មវិធី​ធំ​ៗ​អីចឹង​ម្ដង​ទៀត​នៅ​ឆ្នាំ​ក្រោយ ហើយ​រំពឹង​នឹង​ធ្វើ​បាន​ល្អ​ជាង​ឆ្នាំ​នេះ៕

 

អត្ថបទ៖ មុន្នី រម្យ