អត្ថន័យ​នៃ​សញ្ញា​ជាតិ ”ព្រះសង្ហារ” ដែល​កូនខ្មែរ​គ្រប់​រូប​ត្រូវ​អាន

ព្រះ​សង្ហារ​ ឬ សញ្ញា​ជាតិ​ គឺ​ជា​ត្រា​ប្រពៃណី​ និង ផ្លូវ​ការ​សម្រាប់​ព្រះចៅ​ ក្រុង​ កម្ពុជា​ធិបតី​គឺ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​មាន​រូប​សញ្ញា​សំខាន់​ៗ និង អត្ថន័យ​ដូច​តទៅ​៖

  • ពន្លឺឆពណ្ណរង្សី​ នៅ​ពី​លើ តំណាង​ឲ្យ​បារមី​របស់​ព្រះមហាក្សត្រ​ ដែល​ទ្រង់​គ្រប់គ្រង​ប្រជានុរាស្ត្រ​ប្រកប​ដោយ​ទសពិធរាជធម៌​ និង តំណាង​ឲ្យ​អរិយធម៌​ខ្មែរ​ ដ៏​ត្រចះត្រចង់​ រុងរឿង​។
  • មកុដរាជ្យ ៖ តំណាង​ឲ្យ​មន្ត្រី​រាជការ​ និង ប្រជា​រាស្ត្រ​ទាំងអស់​គាំទ្រ​ និង លើក​ស្ទួយ​ព្រះមហាក្សត្រ​ ឲ្យ​គ្រប់គ្រង​ព្រះរាជាណាចក្រ​កម្ពុជា​។
  • ព្រះ​ខ័ន​រាជ្យ ៖ នៅ​ក្រោម​មកុដរាជ្យ​ តំណាង​ឲ្យ​អំណាច​នៃ​អាវុធ​ ដ៏​ស័ក្ដិសិទ្ធិ​បំផុត​សម្រាប់​ព្រះមហាក្សត្រ​គ្រងរាជ្យ​ ក្នុង​សន្តិភាព​ និង យុត្តិធម៌​។
  • សញ្ញា ៖ នៅ​ពី​លើ​ព្រះ ខ័ន​រាជ្យ តំណាង​ឲ្យ​ភាព​នៃ​ជោគជ័យ​ និង​ ការ​អភិវឌ្ឍន៍​រីក​ចម្រើន​ជា​និច្ចនិរន្តន៍​សម្រាប់ ព្រះរាជាណាចក្រ​កម្ពុជា​។
  • ជើង​ពាន​ ៖ ទ្រ​ព្រះ ខ័ន​រាជ្យ​ តំណាង​ឲ្យ​បល្ល័ង្ក​រាជ្យ​ដែល​ជា​អាសនៈ ​កិត្តិយស​ និង​ដ៏​ពិសិដ្ឋ​បំផុត​សម្រាប់​ព្រះមហាក្សត្រ​ ទ្រង់​គង់​នៅ​ថ្ងៃ​ដែល​រៀប​ចំ​ក្នុង​ពិធី​អភិសេក​ឡើង​គ្រង​រាជ្យ​សម្បត្តិ​។
  • រាជ​បល្ល័ង្ក​ ៖ តំណាង​ឲ្យ​ព្រះមហាក្សត្រ​ដែល​ជា​ទី​សក្ការ​ ព្រម​ទាំង​ជា​ម្លប់​ដ៏​ត្រជាក់​ត្រជុំ​ដល់​ប្រជា​រាស្ត្រ​ទាំងអស់​នៅ​ក្នុង​ព្រះ​នគរ​ ពី​ព្រោះ​ព្រះមហាក្សត្រ​ទ្រង់​បាន​គ្រប់គ្រង​ប្រទេស​ប្រកប​ដោយ​ទសពិធរាជធម៌​ ដែល​ជា​ប្រភព​ផ្ដល់​នូវ​ថាមពល​ខាង​ស្មារតី​ និង​ សម្ភារៈ​សម្រាប់​ប្រទេស​ជាតិ​ក្នុង​ការអភិវឌ្ឍន៍​ និង​ និរន្តរភាព។
  • ក្សេតរ​ឆ័ត្រ​ទាំង​ពីរ​ (ឆ័ត្រ​រួត)  ៖ ដែល​បាន​បាំង​គ្រប​ជា​កិត្តិយស​ពី​លើ​បល្ល័ង្ក​ តំណាង​ឲ្យ​អំណាច​ព្រះមហាក្សត្រ​ ព្រះមហាក្ស​ត្រីយានី​ និង​ការគ្រប់គ្រង​របស់​ព្រះមហាក្សត្រ​ក្នុង​ព្រះ រាជវង្ស​នៃ​មហានគរ​ខ្មែរ​ ដែល​ព្រះអង្គ​ជា​អ្នក​ថែរក្សា​ប្រជារាស្ត្រ​ ហើយ​ក៏​តំណាង​ឲ្យ​ភពទេវៈ​ទាំង​ប្រាំបួន​ ដែល​មាន​ទេវតា​ប្រកប​ដោយ​បារមី​ និង ឫទ្ធិ​អំណាច​នៅ​ចាំ​គ្រប់គ្រង​ថែរក្សា​ព្រះមហាក្សត្រ​ជា​ប្រចាំ​។
  • រាជសីហ៍​និង​គុជសីហ៍​ ៖ ឈរ​កាន់​ក្សត្រឆ័ត្រ​ទាំង​ពីរ​ តំណាង​ឲ្យ​អំណាច​ និង​ មហិទ្ធិឫទ្ធិ​នៅ​ក្នុង​របប​រាជាធិបតេយ្យ​កម្ពុជា​ និង តំណាង​ឲ្យ​ព្រះ​សុពណ៌​បាទុកា​ (ទ្រនាប់​ជើង​មាស​) ទាំង​ពីរ​ក្នុង​ចំណែក​មួយ​នៃ​កេតនភណ្ឌ​ទាំង​ប្រាំ​យ៉ាង​សម្រាប់​រៀប​ចំ​ពិធី​អភិសេក​ព្រះរាជា​ទ្រង់​ឡើង​គ្រង​រាជ្យ​ និង​ តំណាង​ឲ្យ​កម្លាំង​របស់​ប្រជា​រាស្ត្រ​ខ្មែរ​នៅ​ជុំ​វិញ​ព្រះ​រាជ​បល្ល័ង្ក​។
  • ពាក្យ “ព្រះចៅ ក្រុង កម្ពុជា” ៖ តំណាង​ឲ្យ​អធិបតីភាព​នៃ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

រួម​មក​សញ្ញាជាតិ​ មាន​អត្ថន័យ​បង្ហាញ​ពី​អំណាច​ និង​ យុត្តិធម៌​នៃ​អរិយធម៌​ខ្មែរ​ដែល​មាន​ការ​ចូល​រួម​ការពារ​ពី​កម្លាំង​ប្រជារាស្ត្រ​ នៅ​ជុំវិញ​រាជ​បល្ល័ង្ក​ព្រះមហាក្សត្រ ព្រម​ទាំង​បង្ហាញ​ពី​ជំនឿ​ និង​បំណង​ប្រាថ្នា​ដ៏​ជ្រាល​ជ្រៅ​របស់​ប្រជាពលរដ្ឋ​ ក្នុង​ការ គោរព​ចំពោះ​ព្រះមហាក្សត្រ​។ លើស​ពី​នេះ​ទៅ​ទៀត​សញ្ញា​ជាតិ​ មាន​សារ​សំខាន់​ខ្លាំង​ណាស់​ព្រោះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​ប្រទេស​ឬ​ជាតិសាសន៍​មួយ​ មាន​អត្តសញ្ញាណ​ជាតិ​របស់​ខ្លួន​ និង មាន​អធិបតីភាព​ មិន​ចំនុះ​ជាតិ​សាសន៍​ណា​មួយ​ឡើយ​៕

អត្ថន័យ​នៃ​សញ្ញា​ជាតិ ”ព្រះសង្ហារ” ដែល​កូនខ្មែរ​គ្រប់​រូប​ត្រូវ​អាន

ដោយ ៖ រាជសីហ៍

ប្រភព ៖


  • អត្ថន័យ​នៃ​សញ្ញា​ជាតិ ”ព្រះសង្ហារ” ដែល​កូនខ្មែរ​គ្រប់​រូប​ត្រូវ​អាន已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/04/06  Category:ចំនេះដឹង
Tags: