កញ្ញា​ មាន​ សូ​នី​តា​ បង្ហាញខ្លួន​លើក​ដំបូង​ក្នុង​ទស្សនា​វ​ត្តី​សូវ​រី​ន​រំលេច​ល្បែង​ប្រជាប្រិយ​ខ្មែរ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា​មាន សូ​នី​តា បាន​បង្ហាញ​មុខជា​លើក​ដំបូង​ក្នុង​ទស្សនាវដ្តី​សូវ​រី​ន (SOVRIN) ជា​ទស្សនា​វ​ត្តី​បែប​ហ្វេ​ស្សិន ជាមួយនឹង​ការ​រំលេច​ល្បែង​ប្រជាប្រិយ​ខ្មែរ នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ។

ពិធី​បើក​សម្ពោធ​ក្រប​មុខ ទស្សនាវដ្តី​សូវ​រី​ន កាលពី​ថ្ងៃ​ទី​១ មេ​សា ២០១៦ នៅ​ឡឺ​ប៊ី​ស​ស្ត្រូ​ត ក្នុង​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា ។

តារា​សម្តែង​ក្នុង​បទ​ចម្រៀង <<​ឡេ​ឌី​>> របស់​តារាចម្រៀង​លោក​ព្រាប សុវត្ថិ កញ្ញា​មាន សូ​នី​តា ឲ្យ​ដឹង​ថា នាង​ចាប់អារម្មណ៍​ខ្លាំង​ក្នុង​បេសកកម្ម​មួយ​នេះ ព្រោះ​ទស្សនាវដ្តី​សូវ​រី​ន បាន​បង្កើត​ឡើង​សម្រាប់​លើកកម្ពស់​ល្បែង​ប្រជាប្រិយ​ខ្មែរ ព្រម​ជាមួយ​គំនិត​ដ៏​អស្ចារ្យ​បែប​ហ្វេ​ស្សិន ក៏​ប៉ុន្តែ​ទស្សនាវដ្តី​មួយ​នេះ​មិន​បំភ្លេច​អរិយធម៌ វប្បធម៌​របស់​ខ្មែរ​ឡើយ ។ នាង​ពេញចិត្ត​ខ្លាំង​ជាមួយ​ខ្សែ​វី​ដេ​អូ​សាច់​រឿង​ដែល​ឆ្លង​ពី​សម័យ​បច្ចុប្បន្ន ទៅ​កាន់​សម័យកាល​បុរាណ ដែល​ឆ្លុះ​បញ្ចាំង​ពី​ភាព​ដ៏​ថ្កុំថ្កើង និង​រុងរឿង​របស់​ខ្មែរ អម​ទៅ​ដោយ​ម៉ូ​ដ​រ៉ូ​ប​ដែល​បាន​ច្នៃ​ឡើង​ពី​ហូល ផាមួង សូត្រ​ខ្មែរ រំលេច​ចេញ​ជា​ម៉ូ​ដ​រ៉ូ​ប​ដ៏​ទាន់សម័យ ។

កញ្ញា​មាន សូ​នី​តា រំពឹង​ថា តាម​រយៈ​ការ​ច្នៃប្រឌិត​ដ៏​ប៉ិន​ប្រសប់​នេះ ទស្សនាវដ្តី​សូវ​រី​ន នឹង​ទទួល​បានការ​និយម​គាំទ្រ​ពី​មហាជន ខណៈ​ពេល​ដែល​ទស្សនាវដ្តី​មួយ​នេះ​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ ។

លោក​ជ័យ រ​ដ្ឋា នាយក​ផ្នែក​ច្នៃប្រឌិត​របស់​ទស្សនាវដ្តី​សូវ​រី​ន ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ទស្សនាវដ្តី​សម្រេច​ជ្រើសរើស​តារា​សម្តែង​នាង​មាន សូ​នី​តា គឺ​ដោយសារ​តែ​នាង​គឺជា​តារា​មួយ​ដួង​កំពុង​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន ជា​ពិសេស​ការ​លេចធ្លោ​របស់​នាង​ក្នុង​ការ​ច្នៃ​ម៉ូ​ដ​សម្លៀក​បំពាក់​ពី​ក្រមា​ខ្មែរ ។  ជាមួយនឹង​វត្តមាន​របស់​មាន សូ​នី​តា ទស្សនាវដ្តី​ក៏​បាន​រំលេច​ល្បែង​ប្រជាប្រិយ​ខ្មែរ​មួយ​ចំនួន ដើម្បី​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​ឲ្យ​បានដឹង នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ។

បើ​តាម​លោក​ជ័យ រ​ដ្ឋា ជាមួយ​ការ​ចេញផ្សាយ​ទស្សនាវដ្តី សូវ​រី​ន នា​ពេល​នេះ​ក៏​បាន​ផលិត​ជា​ខ្សែ​សាច់​រឿង​មួយ ដែល​កើតឡើង​ពី​សុបិននិម្មិត​ធ្វើ​ឲ្យ​តួអង្គ​នាង​រំដួល ដែល​សម្តែង​ដោយ​មាន សូ​នី​តា បាន​វិល​ត្រឡប់​ទៅ​កាន់​អាណាចក្រ​ដែល​ពោរពេញ​ដោយ​អរិយធម៌​ដ៏​ខ្ពង់ខ្ពស់​មួយ ។ សូវ​រី​ន បាន​ជ្រើសរើស​យក​វត្ត​ពោធិ​រុក្ខា​រាម ហៅ​វត្ត​កំពង់ត្រឡាច​លើ ស្ថិត​នៅ​ក្នុងស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជា​ផ្ទាំងទស្សនីយភាព​នា​សម័យ​កាលនោះ ។

ដោយសារ​តែ​វត្ត​ពោធិ​រុក្ខា​រាម​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ ដែល​មាន​ព្រះ​វិហារ​បុរាណ​មួយ​កសាង​ក្នុង​ពុទ្ធសករាជ ២៤៦៧ ត្រូវ​នឹង​ឆ្នាំ​១៩២៤ នៅ​លើ​គ្រឹះ​ប្រាសាទ​ធ្វើ​អំពី​ថ្មបាយក្រៀម ដោយឡែក​ផ្នែក​ខាងក្នុង​ព្រះ​វិហារ​បាន​បន្សល់​ទុក​រូបគំនូរ​បុរាណ​នៅ​លើ​ជញ្ជាំង ដែល​ឆ្លុះ​បញ្ចាំង​អំពី​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្មែរ​យើង​សម័យ​ដើម និង​ដំណើររឿង​ទេវ​កថា​ដ៏​ល្បីល្បាញ​ជាងគេ គឺ​រឿង​រាមកេរ្តិ៍ ៕