មង្គលការ​កូនប្រុស​មហាសេដ្ឋី​រុ​ស្ស៊ី​ចំណាយ​ប្រាក់១​ពាន់​លាន​ដុល្លារ

កូនប្រុស​មហាសេដ្ឋី​រុ​ស្ស៊ី​លោក Mikhail Gutseriev គឺ Said Gutseriev វ័យ​២៨​ឆ្នាំ បាន​រៀប​ការ​ជាមួយ​និស្សិត​ទន្តពេទ្យ​វ័យ​២០​ឆ្នាំ នាង Khadija Uzhakhovs ។ កូនកំលោះ​បាន​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ Harrow និង​សាកលវិទ្យាល័យ Oxford នៅ​ចក្រភព​អង់គ្លេស​ ។ ឪពុក​កូនកំលោះ​គឺជា​មហាសេដ្ឋី​ប្រេង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​តម្លៃ ៦,២ ពាន់​លាន​ដុល្លារ ។ នេះ​បើ​យោង​តាម​គេហទំព័រ ហ្វ​បស៍​។ មង្គលការ​នេះ​ចំណាយ​ប្រាក់​សរុប​ចំនួន​១ ពាន់​លាន​ដុល្លារ ដោយ​តុបតែង​ដូច​ជា​មង្គលការ​ក្នុង​ត្រកូល​ស្តេច ពោល​គឺ អ្វី​ៗ​គ្រប់យ៉ាង​សុទ្ធតែ​រៀបចំ​ឡើង​យ៉ាង​ប្រណីត​ឥត​ខ្ចោះ ។

ពិធី​មង្គលការ​ដ៏​អធិកអធម​នេះ​ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន​ក្រុង​ម៉ូ​ស្កូ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ តារាចម្រៀង​ក្នុង​មង្គលការ​នេះ​គឺ​នាង​ជេ​ន្នី​ហ្វើ ឡូ​ប៉េ និង​លោក Enrigue Iglesias ម្ចាស់​បទ Why not me! ។ កូនកំលោះ​ស្លៀក​ឈុត Elie Saab ខណៈ​រ៉ូ​ប​កូនក្រមុំ​វិញ​មាន​តម្លៃ ២៥.០០០​ដុល្លារ នាំ​ចូល​ពី​ប្រទេស​បារាំង និង​មាន​ទម្ងន់​១១​គីឡូក្រាម ដោយសារ​តែ​មាន​គ្រឿងសម្អាង ការ​ធ្ងន់​ៗ​រចនា​លើ​រ៉ូ​ប​នោះ ។ កូនក្រមុំ​ត្រូវការ​ជំនួយការ​ដើម្បី​កាន់​ជាយ​រ៉ូ​ប​ពេល​នាង​ដើរ ។ ដោយឡែក រោងការ​ត្រូវ​គេ​តុ​ប​តែ​ដោយ​ផ្កា​ស្រស់​តាំងពី​ខ្លោងទ្វារ​មុខ​រហូត​ដល់​ខាងក្នុង ។

មាន​ភ្ញៀវ​ចូលរួម​ចំនួន​៦០០​នាក់ ដោយ​ភ្ញៀវ​ខ្លះ​ជិះ​រថយន្ត​ម៉ាក Rolls Royce ទៅ​ចូលរួម​ដើម្បី​ឱ្យ​ស័ក្តិសម​នឹង​មហា​មង្គលការ​នេះ ។ តន្ត្រី​កំដរ​បរិយាកាស​មាន​នាង​ឡូ​ប៉េ ដែល​តែងតែមាន​តម្លៃ​ខ្លួន​ខ្ពស់​ចូលរួម ពោល​នាង​ធ្លាប់​ទៅ​ច្រៀង​ក្នុង​កម្មវិធី​របស់​ប្រធានាធិបតី​ប្រទេស​តួ​ក​ម៉េ​នី​ស្ថាន ក្នុង​តម្លៃ​១​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៣ ។

ភ្ញៀវ​ទាំងអស់​ត្រូវ​ស្រស់ស្រូប​អាហារ​ពេល​ល្ងាច​បែប​អឺរ៉ុប និង​ស៊ូ​ស៊ី​ពី​ប្រទេស​ជប៉ុន ។ លើស​ពី​នេះ​ទៅ​ទៀត នំ​អាពាហ៍ពិពាហ៍​យក្ស​មាន​ទំហំ​ធំ​ជាង​មនុស្ស​ទៀត ត្រូវ​គេ​លំអ​ជាមួយនឹង​ផ្កាឈូក​យ៉ាង​ស្រស់​ស្អាត ៕