តើ​ខ្សែ​ជីវិត​កូន​មហាសេដ្ឋី Li Ka-Shing លោក Richard Li ដែល​កំពុង​ស្ថិត​នៅ​លេខ ៣១៧ ពិភពលោក​មាន​ប្រវត្តិ​ដូច​ម្តេច​ខ្លះ?

លោក Richard Li គឺ​ជា​មហាសេដ្ឋី​ជំនួញ​មាន​សញ្ជាតិ​ដើម​ហុងកុង និង សញ្ជាតិ​កាណាដា លោក​ជា​កូន​ប្រុស​ពៅ របស់​មហាសេដ្ឋី​អចលនទ្រព្យ​ដ៏​ល្បី​របស់​ចិន គឺ​លោក Li Ka-Shing។ សម្រាប់ លោក Richard Li ក៏​មាន​ភាព​ល្បីល្បាញ​មិន​ចាញ់​ឪពុក​ប៉ុន្មាន​ដែរ ដោយ​មក​ជិត​ពាក់​កណ្ដាល​ឆ្នាំ ២០១៦ នេះ​លោក​ត្រូវ​បាន​គេហទំព័រ Forbes ចុះ​ផ្សាយ​ថា​ជា​មហាសេដ្ឋី​មាន​ជាង​មួយ​រូប​លើ​ពិភពលោក​ក្នុង​ចំណាត់​ថ្នាក់​លេខ ៣១៧ ពិភពលោក ជាមួយ​ទ្រព្យសម្បត្តិ​ប្រមាណ​ជា ៤,៧ ពាន់​លាន​ដុល្លារ។

 

ក្នុង​នាម​ជា​កូន​មហាសេដ្ឋី និង ជា​សេដ្ឋី​ខ្លួន​ឯង​ផង​នោះ​តើ​លោក Richard Li មាន​ប្រវត្តិ និង បទពិសោធន៍​អ្វី​ខ្លះ​ដែរ​នៅ​ក្នុង​ជីវិត?

 

លោក Richard Li កើត​នៅ​ក្នុង​ទីក្រុង ហុងកុង ប្រទេស​ចិន នា​ថ្ងៃ​ទី ០៨ ធ្នូ ឆ្នាំ ១៩៦៦ លោក​មាន​សញ្ជាតិ​ ២ គឺ​ចិន​ហុងកុង និង កាណាដា។លោក​ Richard Li បាន​ចូល​រៀន​នៅ​វិទ្យាល័យ St. Paul's Co-Educational College ក្នុង​ទីក្រុង​ហុងកុង និង​បាន​ចាក់ចេញ​ពី​ហុងកុង​នៅ​ក្នុង​វ័យ ១៣ ឆ្នាំ​ដើម្បី​ទៅ​បន្ត​ការ​សិក្សា​នៅ សាលា Atherton រដ្ឋ California សហរដ្ឋ​អាមេរិក។

 

ក្នុង​អំឡុង​ពេល​សិក្សា​នៅ​ទី​នោះ​លោក​បាន​រក​លុយ​ដោយ​ខ្លួន​ឯង តាម​រយៈ​ធ្វើ​ការងារ​ក្រៅ​ម៉ោង​ឲ្យ​ក្រុមហ៊ុន Mcdonalds និង ធ្វើ​ការ​ជា​កាន់​ សម្ភារៈ​ប្រើប្រាស់​ឲ្យ​អ្នក​លេង​វាយ​កូន​ហ្គោល​ ក្នុង​តំបន់​មួយ។ លោក​ Richard Li បាន​ចូល​រៀន​នៅ​សាកលវិទ្យាល័យ Stanford University ខាង​ផ្នែក​វិស្វករ​កុំព្យូទ័រ ប៉ុន្តែ​លោក​មិន​ទទួល​បាន​សញ្ញាប័ត្រ​ឡើយ ដោយ​លោក​បាន​បោះបង់​ចោល​ការ​សិក្សា​ដោយ​មូលហេតុ​ផ្ទាល់​ខ្លួន​បន្ទាប់​ពី​រៀន​បាន ៣ ឆ្នាំ។

 

លោក Richard Li បាន​ទទួល​សញ្ជាតិ​កាណាដា នៅ​ក្នុង​ទសវត្ស​ឆ្នាំ ១៩៨០ ក្នុង​ការ​ទទួល​បាន​សញ្ជាតិ​របស់​លោក បាន​បង្ហាញ​ពី​ភាព​មាន​តម្លៃ​យ៉ាង​ខ្លាំង​ ដើម្បី​វិនិយោគ​ហិរញ្ញវត្ថុ​របស់​គាត់ ដែល​ធ្វើ​ឲ្យ​លោក​មាន​ឱកាស ចូល​រួម​ដេញ​ថ្លៃ​ទិញ​យក​ភាគហ៊ុន នៅ​ក្រុមហ៊ុន​នៅ​កាណាដា​ជា​ច្រើន​ដូចជា Air Canada និង Bell Canada Enterprises ដោយ​គ្មាន​បញ្ហា​អ្វី​ទាំង​អស់។

 

សម្រាប់​សកម្មភាព​ពាណិជ្ជកម្ម​វិញ​លោក Richard Li គឺ​ជា​ប្រធាន​ក្រុមហ៊ុន PCCW ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​បណ្តាណ​ទូរគមនាគមន៍​មួយ​ដ៏​ធំ​នៅ​ចិន និង នៅ​អាស៊ី​ផង​ដែរ។ នៅ​ឆ្នាំ ២០០៩ លោក Richard Li បាន​ទិញ​យក​ក្រុមហ៊ុន​វិនិយោគ AIG ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ធានា​រ៉ាប់រង​ដែល​បាន​ដំណើរ​ការ​ក្នុង​បណ្តា​ប្រទេស ១៣៣ ផ្សេង​គ្នា មាន​អតិថិជន​ដល់​ទៅ​ជាង ៨៨ លាន​នាក់ ក្នុង​ទំហំ​ទឹក​ប្រាក់ ៥០០ លាន​ដុល្លារ។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: en.wikipedia.org, forbes.com,biography.com