លុប​ចោល​គម្រោង​សង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ព្រ​លាន​យន្តហោះ

រាជធានី​ភ្នំពេញ ៖ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន (Express Way) ពី​ភ្នំពេញ​ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ពិភាក្សា​ជាមួយ​វិទ្យាស្ថាន​គម្រោង​ប្លង់​របស់​ខេត្ត​ហឺ​ណា​ន​ប្រទេស​ចិន កាលពី​ចុងឆ្នាំ​២០១៥ កន្លង​មក ត្រូវ​បាន​ប្រមុខ​រាជ​រដ្ឋ​ភិ​បាល ប្រកាស​លុប​ចោល ដោយសារ​ពាក់ព័ន្ធ​នឹង​បញ្ហា​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​នេះ ។ នេះ​បើ​យោង​តាម​ការ​ថ្លែង​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី​របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៥ មេ​សា ម្សិលមិញ​នេះ ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ « ខ្ញុំ​គាំទ្រ​លើ​ដំណើរការ​នៃ​ការ​ដឹក​ជញ្ជូន​សាធារណៈ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ និង​សម្រួល​ដល់​សិស្សានុសិស្ស ព្រមទាំង​ជន​ពិការ​ផង​ដែរ ។ យើង​ត្រូវ​ដាក់​ច្រើន​ខ្សែ​តទៅ​ទៀត ហើយ​ខ្ញុំ​សូម​ប្រកាស​ថ្ងៃនេះ សូម​បងប្អូន​ដែល​នៅ​តាម​ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ពោធិ៍​ចិន​តុង ឈប់​ធ្វើ​បាតុកម្ម ឈប់​ទាមទារ​ធ្វើ​វេទិកាសាធារណៈ​អី​ទៅ ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ផ្លូវ High Way Express នេះ​ទេ » ។

ទោះបីជា​យ៉ាងណា សម្តេច​តេ​ជោ តម្រូវ​ឲ្យ​ធ្វើ​ផ្លូវ​មួយ​ខ្សែ​ឲ្យ​បាន​ធំ​ទូលាយ​ដែល​មាន​ប្រវែង​៩​គីឡូម៉ែត្រ ចេញពី​ស្ថានីយ​រថភ្លើង​ចាស់ ឆ្ពោះទៅ​គីឡូម៉ែត្រ​លេខ​៦ ដោយ​ត្រូវ​លុប​ផ្លូវដែក​ចាស់​នោះ​ចោល ហើយ​ស្ថាបនា​ផ្លូវជាតិ​តែ​ម្ដង ដើម្បី​ងាយស្រួល​ក្នុង​ការ​ចរាចរណ៍​ចូល​ក្នុង​ក្រុងភ្នំពេញ ។

គួរ​រំឭក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១ ធ្នូ ឆ្នាំ​២០១៥ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​វិទ្យាស្ថាន​គម្រោង​ប្លង់​របស់​ខេត្ត​ហឺ​ណា​ន ប្រទេស​ចិន បាន​ពិភាក្សា​ស្តី​ពី​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ចាប់ពី​កណ្ដាល​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​សម្រួល​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​ក្នុង​ក្រុង ។

នៅ​ក្នុង​កិច្ច​ពិភាក្សា​នា​ឱកាស​នោះ​ដែរ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ត្រាំ អុ​ី​វ​តឹក បាន​ឲ្យ​ដឹង​ថា ៖ « គម្រោង​ផ្លូវ​នេះ​អាច​ចាប់ផ្តើម​ធ្វើ​ពី​ផ្លូវ​រថភ្លើង​រ៉ា​ចាស់​ទៅ​កាន់​ព្រ​លាន​យន្តហោះ ដែល​មាន​ប្រវែង​ជាង​៩​គីឡូម៉ែត្រ ហើយ​លោក​សម្រេច​យក​ការ​សិក្សា​នេះ ដើម្បី​ជំរុញ​ដល់​ថ្នាក់លើ​ពិនិត្យ​ពិចារណា ហើយ​ធ្វើការ​សិក្សា និង​ជជែក​គ្នា​លម្អិត » ។

លោក ត្រាំ អ៊ី​វ​តឹក ក៏​បាន​លើក​ឡើង​ពី​ផល​ប៉ះពាល់​របស់​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​គម្រោង​ធ្វើ​ផ្លូវ​នេះ​ផង​ដែរ ប៉ុន្តែ​លោក​ថា ការ​ដោះស្រាយ​នេះ​ត្រូវការ​ជំនួយ​ពី​ក្រុមហ៊ុន​ចិន ដើម្បី​ផ្តល់​ដល់​ពួក​គាត់​ឲ្យ​បាន​សមរម្យ ។ បើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​នោះ គឺ​មិន​ចេញ​ទេ ។ ការ​ដោះស្រាយ​នេះ មិន​ត្រូវ​ឲ្យ​ពួក​គាត់​នៅ​តែ​ក្រ​នោះ​ទេ ត្រូវ​ឲ្យ​ពួក​គាត់​ទៅ​នៅ​កន្លែង​ណា​ដែល​រស់នៅ​ស្រួល​ផង​ដែរ ។

យ៉ាងណា​ក៏​ដោយ គម្រោង​សង់​ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​នេះ ត្រូវ​បាន​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ប្រកាស​លុប​ចោល​ទៅ​ហើយ ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ បាន​កើត​ឡើងជា​រៀងរាល់ថ្ងៃ និង​ស្ទើរ​គ្រប់​ទីកន្លែង ដោយសារ​កំណើន​យានជំនិះ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ទាំង​ទោចក្រយានយន្ត និង​រថយន្ត ។ ចំណែក​ក្រសួង​សាមី ក៏​បាន​និង​កំពុង​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្តបន្ទាប់​ផង​ដែរ ដោយ​បាន​ពង្រីក និង​សាងសង់​ស្ពាន​អាកាស​ជា​ហូរហែ ប៉ុ​ន្តែ​ទោះជា​យ៉ាងណា ក៏​មិន​ទាន់​ដោះស្រាយ​បាន​ល្អ​ប្រសើរ​ដែរ ពីព្រោះ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​តែ​កើត​មាន ៕