សាហាវ​! ប្រើ​ល្បិច​ប្លន់​ថ្មី​ទៀត​ហើយ

ខេត្តបាត់ដំបង ៖ សេចក្តី​រាយការណ៍​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៥ មេ​សា ២០១៦ មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​មួយ​ ទៅ​លើ​គ្រួសារ​ជា​អ្នក​​រក​ស៊ី​ទិញ​កសិផល​​ ដែល​ហេតុការណ៍នេះ​កើត​ឡើង​​​​នៅ​ចំណុច​ភូមិ​ស្រះ​​ថ្មី ឃុំ​ចក្រី ស្រុក​​កំ​​រៀង ដោយ​ត្រូវ​​ជនសង្ស័យ​ម្នាក់ ដកកាំភ្លើង​​​បាញ់​ភ្ជុ​ច​ដី​១​គ្រាប់ ​ដើម្បី​គំរាម​យក​ប្រាក់​​អស់​ជា​ច្រើន បន្ទាប់មក​រត់គេចខ្លួន​​​ចូល​​ព្រៃ​បាត់ ។

ប្រភព​ឱ្យ​​ដឹង​ថា ជន​រង​គ្រោះ​មាន​គ្នា​៣​​នាក់ ១-​ឈ្មោះ​ថង រ៉ាត់ អាយុ​៥០​ឆ្នាំ (​ជា​ឪពុក​) ២-​ឈ្មោះ​អ៊ិ​ត សុ​រៈ ភេទ​ប្រុស អាយុ​២០​ឆ្នាំ (​ជា​កូន​) និង​ម្នាក់​ទៀត​ជា​កម្មករ​​ឈ្មោះ​ទូច ពៅ ទាំង​៣​នាក់​​មាន​ទីលំនៅ​ក្នុង​ឃុំ​តា​ម៉ា​ញ ស្រុក​ឈូក ខេត្តកំពត បច្ចុប្បន្ន​ស្នាក់​នៅ ​និង​រក​ស៊ី​​​ក្នុងស្រុក​សំពៅ​លូន ។

បើ​តាម​ប្រភព​ពី​ជន​រង​គ្រោះ​ឱ្យ​ដឹង​​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ប្រើ​ល្បិច​ទូរស័ព្ទ​ហៅ​ឱ្យ​មក​ទិញ​ពោត ​នៅ​ចំណុច​កើតហេតុ​ខាងលើ (​ក្រុម​ជន​រង​គ្រោះជា​អ្នក​ដើរ​ទិញ​កសិផល​ក្នុងភូមិ​) ។ លុះ​ពេល​ជន​រង​គ្រោះ​ទាំង​៣​នាក់ ​បើករថយន្ត​មក​ដល់​ចំណុច​ខាងលើ នោះ ក៏​ត្រូវ​ជនសង្ស័យ​ដក​កាំភ្លើង​​បាញ់​ភ្ជុ​ច​ដី​​គំរាម​១​​គ្រាប់ និង​ទារ​យក​ប្រាក់​អស់​ចំនួន​៥​លាន​​៥​សែន​រៀល និង​ទូរស័ព្ទ​២​គ្រឿង ហើយ​ឱ្យ​ជន​រង​គ្រោះ​អង្គុយ​បែរមុខ​ទៅ​ខាង​ក្រោយ ហើយ​​រត់គេច​​ចូល​ព្រៃ​​បាត់​​តែ​ម្តង ។