ប្រជាពលរដ្ឋ​បារម្ភ​មិន​ជួយ បែរជា​ទារ​ថ្លៃ​បាញ់​ទឹក​មួយ​ឡាន​៣០​ម៉ឺន​រៀល

ខេត្តស្ទឹងត្រែង ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា នៅ​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ទី​០៦ មេ​សា ២០១៦​នេះ ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ពី​ការ​កើត​មាន​អគ្គិភ័យ​ដោយសារ​ភ្លើង​ឆេះ​ស្មៅ​នៅ​លើ​កោះ ហើយ​បាន​ប៉ើង​ផ្កាភ្លើង​ហោះ​មក​លើ​ស្មៅ​បណ្តាល​ឲ្យ​រាលដាល​ឆេះ​តាម​មាត់ទន្លេ​ក្បែរ​ៗ​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ក្នុងភូមិ​ស្ពានថ្ម សង្កាត់​ស្រះ​ប្ញ​ស្សី ក្រុង​ស្ទឹង​ត្រែង ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា បន្ទាប់​ពី​ភ្លើង​រាលដាល​កាន់តែ​ខ្លាំង ប្រជាពលរដ្ឋ​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​អន្តរាគមន៍ ប៉ុន្តែ​បែរជា​សមត្ថកិច្ច​ទារ​លុយ​៣០​ម៉ឺន​រៀល​ក្នុង​១​រថយន្ត​ទៅ​វិញ ។ យ៉ាងណា​ក៍ដោយ នៅ​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ពុធ​ដដែល​នេះ រថយន្ត​ពន្លត់​អគ្គ​ភ័យ​១​គ្រឿង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ចេញ​អន្តរាគមន៍​បាញ់​ស្កាត់ បន្ទាប់​ពី​មានការ​ជួយ​ជ្រោមជ្រែង​អន្តរាគមន៍​ពី​អភិបាលក្រុង​ស្ទឹង​ត្រែង​នោះ​រួច​មក ៕