បទល្មើស​រត់ពន្ធ​ទំនិញ និង​ការបំបាត់​ប្រាក់​ពន្ធ​បានធ្វើ​ឲ្យ​ខាត​ចំណូល​ថវិកាជាតិ បន្ត​កើតមាន​គួរ​ឲ្យ​ញាក់សាច់ ក្រោម​អំណាច​លោក​ម៉ៅ សំអឿន មេ​គយ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នៅតែ​ជា​រឿង​មិនធម្មតា បទល្មើស​រត់ពន្ធ​ទំនិញ ការលួចបន្លំ​ពន្ធ គឺជា​ភាពមិនប្រក្រតី​ដែល​ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ បន្ត​កើតមាន​គួរ​ឲ្យ​សោកស្តាយ ក្រោម​អំណាច​របស់ លោក ម៉ៅ សំអឿន មេ​គយ​ច្រក​អន្តរជាតិ​ព្រំ ជាពិសេស​អំពើពុករលួយ​ដុះ​ស្នឹម ដែល​កើតចេញពី​ឃុ​ប​ឃិ​ប​បើកដៃ ឲ្យ​ក្រុមហ៊ុន​មួយ​នាំចូល​ទំនិញគេចពន្ធ និង​បង់ពន្ធ​មិន​គ្រប់​ចូល​ពី​ប្រទេស​ថៃ​តាម​អំពើ​ចិត្ត ហើយ​ប្រសិនបើ​លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ រឹតបន្តឹង​ត្រួតពិនិត្យ​ការអនុវត្ត​ប្រមូល​ពន្ធ​របស់ លោក ម៉ៅ សំអឿន ឡើងវិញ​នោះ ប្រាក់​ពន្ធ​អាច​កើន​លើសពី​សព្វថ្ងៃ​។​

មន្ត្រី​ពាក់ព័ន្ធ​ច្រក​អន្តរជាតិ​ព្រំ​ដែល​មិន​ពេញ​ចិត្តនឹង​អំពើ​រត់ពន្ធ​បាន​បង្ហើប​ថា សព្វថ្ងៃនេះ​លោក ម៉ៅ សំអឿន និង​មន្ត្រី​ស្នឹ​ទ​កំពុងមាន​ទំនាក់ទំនង យ៉ាង​ជិតស្និទ្ធ​ជាមួយ​មេ​ឈ្មួញ​ដែល​នាំ​ទំនិញគេចពន្ធ ពី​ប្រទេស​ថៃ​ចូល​ទឹកដី​ខ្មែរ តាម​ច្រក​អន្តរជាតិ​ព្រំ ក្នុង​មួយខែៗ​មិនតិចជាង ៣០០​រថយន្ត ធំៗ​នោះទេ​។ ដំណើរការ​នេះ​មាន​សភាព​រលូន​គ្មាន​បញ្ហា​អ្វី​ទាំងអស់ ដោយសារ​លោក​មេ​គយ ម៉ៅ សំអឿន បាន​ចែករំលែក​ផលប្រយោជន៍​ជូន សមត្ថកិច្ច ស្ថាប័ន​ដទៃទៀត រហូត​សម្ងំសុខ​ស្រួល​រៀងៗ​ខ្លួន ដែល​ធ្វើ​ឲ្យ​ឈ្មួញ​មានឱកាស​គ្រប់គ្រាន់​បង្ហូរ​ទំនិញគេចពន្ធ និង​បង់ពន្ធ​មិន​គ្រប់​ជាប្រចាំ​។​

​ប្រភព​បាន​បង្ហើប​ថា ក្នុង​ទំនិញ​របស់​មេ​ឈ្មួញ​ដែល​កំពុង​សកម្ម​បំផុត​នាំ​ទំនិញ​ពី​ប្រទេស​ថៃ​នោះ ១​រថយន្ត​បង់ពន្ធ ត្រឹមតែ ៧​ទៅ​៨​លាន​រៀល​ប៉ុណ្ណោះ បើទោះបី​គេ​ដឹកទំនិញ ដែល​ត្រូវ​បង់ពន្ធ ក្នុង​កម្រិត​ខ្ពស់​ដូចជា ស្រា ភេសជ្ជៈ និង​ទំនិញ ចាប់ហួយ​ផ្សេងៗ​ទៀត​។ ចំណែក​ក្រុមហ៊ុន​ដទៃ ដែល​នាំចូល​ទំនិញ តាម​រថយន្ត​ធំៗ​ដូចគ្នា គឺ​ត្រូវ​បង់ពន្ធ​ចាប់ពី ២០​លាន​រៀល​ឡើងទៅ​។ នេះហើយ​ជា​អំពើពុករលួយ របស់លោក​មេ​គយ ម៉ៅ សំអឿន ដែល​មិនអាច​បិទបាំង​បានទេ ព្រោះ​ក្នុង​មួយខែៗ​លោក ម៉ៅ សំអឿន ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់ ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​វា​បាន​ក្លាយជា​ប្រភព​ចំណូល​មិនធម្មតា របស់លោក​មេ​គយ ម៉ៅ សំអឿន ។​

ករណីនេះ​លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ត្រូវ​ចាត់​មន្ត្រីក្រោមឱវាទ ឲ្យ​ទៅ​ពិនិត្យមើល ស្ថានភាព​ជាក់ស្តែង នៅ​ច្រក​អន្តរជាតិ​ព្រំ ព្រោះ​ក្នុង​មួយថ្ងៃៗ ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ តាម​អំពើ​ចិត្ត​ដោយសារ​មានការ​បើកដៃ ពី​សំណាក់​លោក ម៉ៅ សំអឿន​។ បើ​មិន​ដូច្នេះ​ទេ លោក ម៉ៅ សំអឿន នឹង​បន្ត​បើកដៃ ឲ្យ​ក្រុមហ៊ុន​ដែលមាន ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ខ្លួន បន្ត​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ចូល​តាម​ច្រកទ្វារ អន្តរជាតិ​ព្រំ កាន់តែ​អនាធិបតេយ្យ​ ទីបំផុត​ប្រាក់​កំណើន​ពន្ធ​ក៏​គ្មាន​ផ្លែផ្កា​៕

KA-23-03-2016-14

​​លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ