សុខ សោម៉ាវត្តី ជោគជ័យខ្លាំង ជាមួយតំណែង តួក្រមិចក្រមើម

ភ្នំពេញៈ តារាស្រីកូនមួយ អ្នកនាង សុខ សោម៉ាវត្តី ពេលនេះកំពុងតែមមាញឹក សើមមាត់សើមក ជាមួយនិងអាជីពជាតារាសម្តែង ដោយនាងត្រូវបានផលិតកម្ម ក្នុងស្រុកជាច្រើន បានទាក់ទងឲ្យថតរឿង ដោយតម្រូវឲ្យនាងដើរជាតួឯកស្រី ដែលមានចរិកក្រមិចក្រមើម ។

តារាសម្តែង និងជាពិធីការិនី រូបស្អាតអ្នកនាង សុខ សោម៉ាវត្តី គឺជាតារាស្រីមួយដួង ដែលមានទេពកោសល្យ ក្នុងការសម្តែងជាតួក្រមិចក្រមើម ទាំងកាយវិការនិងសម្តី គឺពិតជាកំប្លែងទាក់ទាញ អ្នកទស្សនាជាច្រើន ចាប់អារម្មណ៍លើនាង និងមានការសរសើរលើសមត្ថភាព ក្នុងការសម្តែងរបស់នាងថា គួរឲ្យស្រលាញ់ហើយនាង ក៏ជាតារាស្រីមួយដួង ដែលវ៉ាដាច់តារាសម្តែងស្រីឯទៀត ក្នុងការកាន់តំណែង ជាតួឯកក្រមិចក្រមើម ។

មានរឿងជាច្រើនដែលតារាសម្តែង នាង សុខ សោម៉ាវត្តី បានទទួលសម្តែង ដោយសុទ្ធសឹងតែទទួល បានជោគជ័យ និងការកោតសរសើរពីសំណាក់ ទស្សនិកជន យ៉ាងច្រើន ដែលមានដូចជារឿង «ប្រពន្ធខ្ញុំឆ្នាំខ្លា», «អ្នកនាងម្ចាស់ឡឺកឺ», «ភូមិខ្ញុំស្រស់ឆើតឆាយ» រួមជាមួយរឿងជាច្រើនទៀត ដែលនាងបានសម្តែង ជាតួក្រមិចក្រមើម ហើយទទួលបានជោគជ័យខ្លាំង ។

នៅក្នុងចំណោម តារាសម្តែងល្បីឈ្មោះ ដែលសម្តែងជាតួឯកក្រមិចក្រមើម បានយ៉ាងល្អហើយទទួល បានជោគជ័យខ្លាំងនោះ ក្រៅពីតារាសម្តែងស្រី នាង សុខ សោម៉ាវត្តី គឺមានតែអតីតតារាសម្តែង សម្បុរខ្មៅស្រអែម នាង សារាយ សក្ខណា តែប៉ុណ្ណោះ ព្រោះថាតារាសម្តែងពីរនាក់នេះ គឺមានទេពកោសល្យពូកែ ខាងសម្តែងកំប្លុកកំប្លែង ៕

សុខ សោម៉ាវត្តី ជោគជ័យខ្លាំង ជាមួយតំណែង តួក្រមិចក្រមើម