ជំនឿ​ផ្សេង​ៗ​ចំពោះ​ពិធី​ស្រង់​ព្រះ​នា​រដូវ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ ជា​ពិសេស​នៅ​ថ្ងៃ​ឡើង​ស័ក​

ពុទ្ធបរិស័ទ​​តែងតែ​នាំ​គ្នាធ្វើ​ពិធី​ស្រង់​ព្រះ ក្នុង​វត្ត​អារាម​នា​នា​  ហើយ​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​និយម​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​៣ នៃ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ជា​រៀង​រាល់​ឆ្នាំ​ ក៏​ប៉ុន្តែ​មាន​មនុស្ស​មួយ​ចំនួន​មិន​បាន​ដឹង​ថា ពិធី​នេះ​មាន​អត្ថន័យ​យ៉ាងណា​នោះ​ទេ​។
តើ​ពិធី​ស្រង់​ព្រះ មាន​អត្ថន័យ​ដូច​ម្ដេច​ខ្លះ​?
នៅ​ពេល​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ម្ដងៗ ជា​ពិសេស​នៅ​ថ្ងៃ​ទី​បី ដែល​ជា​ថ្ងៃ​បញ្ចប់បុណ្យ​ឆ្លង​ចូល​ឆ្នាំ​ថ្មី យើង​តែង​សង្កេត​ឃើញ​ពលរដ្ឋ​ខ្មែរ​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី​ភាគ​ច្រើន​នាំ​គ្នា​ទៅ​វត្ត ហើយ​ស្រោច​ទឹក​លើ​ពុទ្ធបដិមា​ដោយ​ទឹក​ចិត្ត​អំណរ​។ ការ​ប្រតិបត្តិ​ពិធី​ស្រោច​ទឹក​លើ​ពុទ្ធ​បដិមា​ ដែល​មាន​អប់​ផ្កាភ្ញី និង​ទឹក​អប់​ផង យើង​តែង​ហៅ​ថា​ ពិធី​ស្រង់​ព្រះ​។
ជំនឿ​ផ្សេង​ៗ​ចំពោះ​ពិធី​ស្រង់​ព្រះ​នា​រដូវ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ ជា​ពិសេស​នៅ​ថ្ងៃ​ឡើង​ស័ក​
ពិធី​ស្រង់​ព្រះ​នេះ មិន​ត្រឹម​តែ​ស្រោច​ទឹក និង​លាង​សម្អាត​ព្រះ​ពុទ្ធ​បដិមា​ប៉ុណ្ណោះ​ទេ គឺ​គេ​អាច​ស្រោច​ទឹក ឬ​ងូត​ទឹក​ថ្វាយ​ព្រះសង្ឃ​ ឪពុក​ម្ដាយ​ ឬ​ចាស់​ទុំ​ដែរ​  ដោយ​ជា​ធម្មតា​កូនចៅ​ប្រុស​ស្រី​ត្រូវ​អញ្ជើញ​ចាស់ៗ​មក រីឯ​យើង​ក្មេង​ៗ ត្រូវ​ងូត​ទឹក​ដុស​សាប៊ូ​ជូន ឬ​ប្រគេន​លោក​។ ប្រុស​ៗ ស្រង់​ទឹក​ដុស​ប្រគេន​លោក​ ហើយ​ស្រី​ៗ ងូត​ទឹក​ឲ្យ​ចាស់ៗ​ ស្រោច​ទឹក​ដុស​ក្អែល ដុស​សាប៊ូ ជូន​គាត់​ដើម្បី​បាន​បុណ្យ​។
ទាក់ទង​នឹង​ពិធី​ស្រង់​ព្រះ ឬ​ហៅ​ពាក្យ​ធម្មតា​ថា ងូត​ទឹក​ឱ្យ​ព្រះ​នេះ គេ​មិន​ដឹង​ថា មាន​ប្រវត្តិ​ពី​ត្រឹម​ណា​មក​ទេ។ ឯកសារ​ខ្លះ​បាន​សរសេរ​ថា មាន​អ្នក​ប្រតិបត្តិ​ពិធី​នេះ កាល​ពី​ជំនាន់​ព្រះ​ពុទ្ធ​អង្គ​គង់​នៅ ហើយ​អ្នក​ដែល​បាន​ស្រោច​ទឹក​ព្រះ​សង្ឃ​ ឪពុក​ម្ដាយ​ គ្រូ​ឧបជ្ឈា​ បាន​ទទួល​ផល​បុណ្យ​ច្រើន​ទៅ​ជាតិ​ក្រោយ​ ដោយ​បាន​ទៅ​កើត​ក្នុង​ឋាន​ទេវតា​ និង​មាន​សេចក្ដី​សុខ​ទៀត​ផង​។
ក៏​ប៉ុន្តែ​ពិធី​ស្រង់​ព្រះ​នេះ​ ក៏​ពុំ​មាន​ចែង​ច្បាស់លាស់​នៅ​ក្នុង​គម្ពីរ​ព្រះពុទ្ធ​សាសនា​ទេ។ រី​ឯ​ការ​ប្រតិបត្តិ​ពិធី​របស់​ពលរដ្ឋ​ខ្មែរ​ស្រោច​ទឹក ឬ​ងូត​ទឹក​ឱ្យ​ព្រះ រហូត​មក​ដល់​សព្វ​ថ្ងៃ គឺ​លោក​ពន្យល់​ថា គ្រាន់​តែ​ជា​ប្រពៃណី​មួយ​ដែល​ពលរដ្ឋ​ខ្មែរ​មាន​ទម្លាប់​ធ្វើ​តៗ គ្នា​តាំង​ពី​បុរាណកាល​មក។
ចំពោះ​អត្ថន័យ​នៃ​ពិធី​ស្រង់​ព្រះ​ជា​ទូទៅ​វិញ​ អ្នក​ប្រតិបត្តិ​គ្រាន់​តែ​នឹក​គិត​ដល់​គុណ​ប្រយោជន៍​នៃ​ទឹក​ត្រជាក់​ដែល​ស្រោច​ទៅ​នោះ ធ្វើ​ឱ្យ​អ្នក​ដែល​បាន​ទទួល​ទឹក​ស្រោច​នោះ បាន​ត្រជាក់​កាយ ហើយ​អាច​ធ្វើ​ឱ្យ​ចិត្ត​សប្បាយ​រីករាយ​ និង​ស្រស់​ស្រាយ​ឡើង​វិញ។ ការ​ដែល​បាន​ស្រស់ស្រាយ​ហើយ​នោះ អ្នក​ដែល​បាន​ទទួល​ទឹក​ស្រោច​នោះ តែង​តែ​បង្ហាញ​នូវ​ភាព​អំណរ​ ហើយ​ជូន​ពរ​ដល់​អ្នក​ស្រោច​ទឹក​នោះ​វិញ​ ឱ្យ​បាន​សេចក្ដី​សុខ​ដូច​ធាតុ​ទឹក​ ដែល​បាន​ស្រោច​នោះ។ ដោយ​កម្លាំង​នៃ​ជំនឿ​ មុតមាំ​លើ​ការ​ជូន​ពរ​ឱ្យ​បាន​សេចក្ដី​សុខ​នេះ​ ធ្វើ​ឱ្យ​អ្នក​ប្រតិបត្តិ​បាន​សប្បាយ​ចិត្ត​ដែរ​ ដែល​បណ្ដាល​ធ្វើ​ឱ្យ​មាន​ការ​ប្រតិបត្តិ​ ត​រៀង​មក​។
ទោះ​ជា​មាន​អត្ថន័យ​យ៉ាង​ណា​ក្ដី សម្រាប់​កូន​ប្រុស​ស្រី​ ដែល​មាន​ឪពុក​ម្ដាយ​ចាស់​ជរា​ តែង​ប្រតិបត្តិ​ពិធី​ស្រោច​ទឹក​ដល់​ឪពុក​ម្ដាយ​ខ្លួន​រៀង​រាល់​ឆ្នាំ​ និង​ជា​កិច្ច​ជា​កាល​ ដើម្បី​តប​ស្នង​គុណ​នៅ​ពេល​ដែល​ឪពុកម្ដាយ​នៅ​រស់​។ មិន​ថា​រាល់​រដូវ​ភ្ជុំ​ ចូល​ឆ្នាំ​ តែង​តែ​មក​ស្រោច​ទឹក​ជូន​ម្ដាយ​ឪពុក​ជូន​លុយ​ជូន​កាក់​រណ្ដាប់​ភស្តុភារ​ ទាំង​អស់ បង្សុកូល​ចេតិយ​ជា​ដើម​ ដើម្បី​សង​គុណ​លោក​ ដូចជា​ពាក្យ​ចាស់​លោក​ពោល​ថា​ «ធ្វើ​បុណ្យ​ទាន់​ខែ​ភ្លឺ​» ព្រោះ​ការ​បុណ្យ​ជូន​មាតាបិតា​ ឬ​ចាស់​ព្រឹទ្ធាចារ្យ​ ឃើញ​នឹង​ភ្នែក​ គាត់​បែប​នេះ​  អាច​ធ្វើ​ឲ្យ​គាត់​រំភើប​ត្រេក​អរ​ និង​សប្បាយ​ចិត្ត​ជា​អនេកអនន្ត​។
ពិធី​ស្រង់​ព្រះ​ជា​ទូទៅ​ ខ្មែរ​យើង​តែង​តែ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​បី​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ មាន​ឈ្មោះ​ថា​ ថ្ងៃ​ឡើង​ស័ក​ ដែល​មាន​ន័យ​ថា​ ជា​ថ្ងៃ​ចូល​សករាជ​ថ្មី​នៃ​ពុទ្ធសាសនា​ ហើយ​នៅ​ថ្ងៃ​ឡើង​ស័ក ចូល​សករាជ​ថ្មី​នេះ​ ពុទ្ធបរិស័ទ​មួយ​ចំនួន ដែល​មាន​ជំនឿ​ថា​ ជា​ថ្ងៃ​ល្អ​សម្រាប់​ឆ្នាំ​ថ្មី ក៏​និមន្ត​ព្រះសង្ឃ​ឱ្យ​ស្រោច​ទឹក​ ប្រសិទ្ធិ​ពរ​ជ័យ​ដល់​ខ្លួន​ដែរ ក្រៅ​ពី​ការ​ស្រង់​ព្រះ​។
ទឹក​គឺ​តំណាង​ឱ្យ​ភាព​ត្រជាក់ត្រជំ​ និង​សេចក្ដី​សុខ​។ នៅ​ក្នុង​សង្គម​ខ្មែរ ពិធី​ស្រោច​ទឹក គឺ​ពិធី​ពេញ​និយម​មួយ​សម្រាប់​ជួយ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​សេចក្ដី​សុខ​។ ដូច្នេះ ការ​ស្រង់​ព្រះ​បដិមា​នៅ​ឯ​វត្ត និង​ព្រះ​រស់​ គឺ​ឪពុក​ម្ដាយ​នៅ​ផ្ទះ​ សុទ្ធ​តែ​ជា​វិធី​ធ្វើ​ឱ្យ​ចិត្ត​ត្រេកអរ​ និង​មាន​ជំនឿ​ក្នុង​ចិត្ត​ថា​ នឹង​មាន​សេចក្ដី​សុខ​។
បើ​ពិនិត្យ​ពី​តម្លៃ​នោះ​ ទី​មួយ​ដូច​ថា ព្រះ​ពុទ្ធ​ គឺ​សំដៅ​ព្រះ​អង្គ​ត្រាស់​ដឹង​ឡើង​ សម្ដែង​ធម៌​ប្រោស​មនុស្ស​សត្វ​ទូទៅ​អស់​រយៈ​កាល​ ៤៥​ឆ្នាំ​ រួច​ព្រះ​ធម៌​របស់​អង្គ​ហ្នឹង​ទុក​មក​ដល់​សព្វ​ថ្ងៃ​នេះ​ ពុទ្ធ​បរិស័ទ​តែង​តែ​គោរព​បូជា​រក្សា​រំឭក​គុណ​របស់​ព្រះ​អង្គ​មួយ​ចំណែក​។ មួយ​ចំណែក​ទៀត​ដែល​យើង​ជា​កូន​ចៅ​ប្រុស​ស្រី​មក​ស្រោច​ទឹក​ ក៏​រឭក​ឃើញ​ដូច​បាន​រៀបរាប់​មក​ខាង​ដើម​ដែរ​។ បើ​និយាយ​ពី​តម្លៃ​ទៅ ព្រះ​លោក​ថា​ មាតា​បិតា​មាន​គុណ​ធ្ងន់​ជាង​ ដោយ​ឲ្យ​នាម​ជា​ ព្រះ​កន្លោង​ គឺ​ថា​បើ​បូជា​ដល់​ព្រះ​សង្ឃ​ត្រូវ​តែ​បូជា​ដល់​មាតា​បិតា​ជាមុន​សិន​ សឹម​យក​ទៅ​វត្ត។
ហេតុផល​មួយ​ទៀត​ គឺ​ការ​ស្រោច​ទឹក​ឱ្យ​ឪពុក​ម្ដាយ​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ នៅ​ក្នុង​ខែ​ចែត្រ ដែល​មាន​អាកាសធាតុ​ក្ដៅ​ខ្លាំង​ ពិត​ជា​ធ្វើ​ឱ្យ​រាងកាយ​របស់​លោក​ត្រជាក់​មែន​។ ដូច្នេះ ពិធី​ស្រង់​ព្រះ គឺ​ជា​ការ​ស្រោច​ទឹក​ស្រង់​ព្រះ​បដិមា​ ព្រះ​សង្ឃ​ ឪពុកម្ដាយ​ និង​ចាស់​ព្រឹទ្ធាចារ្យ ដើម្បី​ឱ្យ​បាន​ត្រជាក់​កាយ​ និង​សប្បាយ​ចិត្ត​ ទាំង​អ្នក​ស្រោច​ ព្រមទាំង​អ្នក​ដែល​គេ​ស្រោច​ឱ្យ​។
ដូច្នេះ​ការ​ស្រង់​ព្រះ​ពុទ្ធ​បដិមា គឺ​ជា​ការ​មាន​ជំនឿ​ថា​ ព្រះ​អង្គ​នឹង​ផ្ដល់​សេចក្ដី​សុខ​ដល់​អ្នក​ស្រោច​វិញ តាម​រយៈ​តេជះ​បារមី​របស់​ព្រះអង្គ​ តាម​ជំនឿ​នៃ​ពុទ្ធ​បរិស័ទ​៕
ប្រភព៖kqube
  • ជំនឿ​ផ្សេង​ៗ​ចំពោះ​ពិធី​ស្រង់​ព្រះ​នា​រដូវ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ ជា​ពិសេស​នៅ​ថ្ងៃ​ឡើង​ស័ក​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/04/06  Category:ចំនេះដឹង
Tags: