FIFA ចុះ​ពិនិត្យ​ដំណើរការ​សង់​កីឡដ្ឋាន​សម្រាប់ World Cup ២០១៨ ​​នៅ​​រុស្ស៊ី

ក្រុម​ប្រតិភូ​របស់​សហព័ន្ធ​បាល់ទាត់អន្តរជាតិ​ ហៅ​កាត់​ថា FIFA បាន​បំពេញ​ទស្សនកិច្ច​ជា​លើក​ទី៣ ដើម្បី​ចុះ​ពិនិត្យ​ដំណើរការ​សាងសង់​កីឡដ្ឋាន​បាល់ទាត់​របស់​រុស្ស៊ី​ដែល​ជា​ម្ចាស់​ផ្ទះ World Cup ឆ្នាំ ២០១៨។

 

FIFA ចុះ​ពិនិត្យ​ដំណើរការ​សង់​កីឡដ្ឋាន​សម្រាប់ World Cup ២០១៨ ​​នៅ​​រុស្ស៊ី

 

ក្រុម​បច្ចេកទេស​របស់​រុស្ស៊ី​ដែល​ជា​អ្នក​រៀបចំ និង​ក្រុម​សារព័ត៌មាន​បាន​ចុះ​ទៅ​មើល​កីឡដ្ឋាន Saint Petersburg ដែល​ស្ថិត​នៅដំណាក់កាល​សាងសង់​នៅ​ឡើយ ​ស្រប​ពេលកម្មវិធី​ប្រកួត​នៅ​សល់​ពេលតែ​២​ឆ្នាំ​ទៀត​ប៉ុណ្ណោះ នឹង​មក​ដល់ ដែល​គ្រោង​ចាប់​ផ្ដើម​ពី​ខែ​មិថុនា ដល់​កក្កដា​ឆ្នាំ ២០១៨។

 

ក្រៅ​ពី​នោះ​ គម្រោង​ទស្សនកិច្ច​របស់ FIFA ក៏​នឹង​ទៅ​ពិនិត្យ​ដំណើរការ​សាងសង់​កីឡដ្ឋាន​ក្នុង​ទីក្រុង ៥​ផ្សេង​ទៀត​រហូត​ដល់​ថ្ងៃ​ទី​១៤ខែមេសា ដែល​មាន​ដូចជា​ទីក្រុង Nizhny Novgorod, Volgograd, Samara, Yekaterinburg និង Sochi។

 

FIFA ចុះ​ពិនិត្យ​ដំណើរការ​សង់​កីឡដ្ឋាន​សម្រាប់ World Cup ២០១៨ ​​នៅ​​រុស្ស៊ី

 

កីឡដ្ឋាន​ផ្ទុក​អ្នក​ទស្សនា​ ៦៨០០០នាក់​ ដែល​គ្រោង​ប្រើ​សម្រាប់​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ នៅ​មិន​ទាន់​បំពាក់កៅអី​រួច​នៅ​ឡើយ ហើយ​បើ​តាម​ផែនការ​ក្លឹប FC Zenit St. Petersburg នឹង​យក​កីឡដ្ឋាន​នោះ​ធ្វើ​ជា​ទឹកដីរបស់​ខ្លួន​ក្រោយ​ចប់ World Cup។

 

តាម​ការ​គ្រោង​ទុក ការ​សង់​កីឡដ្ឋាន​រុស្ស៊ី ដែល​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ ២០០៦ គឺ​ត្រូវ​បញ្ចប់​តាំង​ពី​ខែ​ធ្នូ​ឆ្នាំ ២០០៨ មក​ម្ល៉េះ ប៉ុន្តែ​ដោយសារ​មាន​បញ្ហា​មួយ​ចំនួន​ទើប​ត្រូវ​ពន្យារ​ពេល​រហូត​ដល់​ឆ្នាំ​ក្រោយ។ ​ព្រឹត្តិការណ៍ World Cup នឹង​ត្រូវ​ចាប់ផ្ដើម​ថ្ងៃ ទី​១៤​ ខែ​មិថុនាឆ្នាំ ២០១៨ នៅ​កីឡដ្ឋាន Luzhniki ដែល​ម្ចាស់​ផ្ទះ​រុស្ស៊ី​ ប្រកួត​បើក​ឆាក​មុន​គេ (គូ​ប្រជែង​នឹង​ដឹង​ក្រោយ​ការ​ចាប់​ឆ្នោត)៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ TheSun